ជាតិ
សង្គមជាតិ
ស្រី្ត​ក្រីក្រ​មាន​ផ្ទៃពោះ នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ជាង​៧០​ម៉ឺន​រៀល នៅ​ខែមិថុនា​
25, Apr 2019 , 8:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន
រូបភាពពីហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន
​ភ្នំពេញ​៖ ស្រី្ត​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ដែលមាន​ប័ណ្ណ​សមធម៌ និង​មាន​កាន់​ប័ណ្ណ Post-ID របស់​ក្រសួងសុខាភិបាល នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ជាង​៧០​ម៉ឺន​រៀល ទោះបី​ស្រី្ត​នោះ​ជា​កម្មករនិយោជិត​ក្តី ។ ទឹកប្រាក់​នេះ នឹង​ផ្ដល់ជូន​ជា​ដំណាក់កាល ដោយ​ចាប់ផ្ដើម​អនុវត្ត​នៅ​ខែមិថុនា ខាងមុខ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ថ្ងៃទី​២៣​មេសា ឆ្នាំ​២០១៩​។

 
​កម្មវិធី​ឧបត្ថម្ភ​ថវិកា​ដល់​ស្រី្ត​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម​២​ឆ្នាំនេះ គឺ​ផ្ដោតលើ​ការយកចិត្តទុកដាក់​ចំពោះ​ស្រី្ត​មាន​ផ្ទៃពោះ នៃ​គ្រួសារ​ក្រីក្រ ក្នុង​គោលបំណង​លើ​កម្ពស់​អាហារូបត្ថម្ភរ​បស់​កុមារ និង​ជំរុញ​ការលូតលាស់​ទាំង​កាយសម្បទា និង​បញ្ញា​ស្មារតី ។ គម្រោង​នេះ ភ្ជាប់​ជាមួយនឹង​លក្ខខណ្ឌ​នៃ​ការទទួល​សេវា​សុខភាព​នៅតាម​មូលដ្ឋាន​សុខាភិបាល​។ 
 
​បើតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គម្រោង​ផ្ដល់ប្រាក់​ឧបត្ថម្ភ​នេះ គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ​នៅ​ខែមិថុនា ដោយ​បែង​ចែកជា​៣​ដំណាក់កាល រួមមាន​៖ ដំណាក់កាល​ទី​១ ស្ត្រី​ដែល​ទទួល​សេវា​ពិនិត្យ​ផ្ទៃពោះ ៤​ដង មុនពេល​សម្រាលកូន ពួកគេ​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន ៤​ម៉ឺន​រៀល​ក្នុង​១​ដង​។ 
 
​ចំណែក​ដំណាក់កាល​ទី​២ ពោលគឺ​នៅពេល​សម្រាលកូន​រួច ស្ត្រី​ទាំងនោះ​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​២០​ម៉ឺន​រៀល​។ រីឯ​ដំណាក់កាល​ទី​៣​នោះ ស្ត្រី​ដែល​សម្រាលកូន​ហើយ នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​៤​ម៉ឺន​រៀល ក្នុង​១​ម្ដង នៅពេល​ទៅពិនិត្យ​សុខភាព ក្រោយពេល​សម្រាល ដែលមាន​អទិភាព​ចំនួន​៤​ដង និង​សម្រាប់​ការនាំ​កូន​មកចាក់​ថ្នាំ​បង្ការ​ចំនួន​៦​ដង រហូតដល់​អាយុ​២​ឆ្នាំ​។ 
 
 
​សម្រាប់​ការចំណាយ​ថវិកា​ឧបត្ថម្ភ​នេះ រដ្ឋាភិបាល​ត្រូវការ​ចំណាយ​ថវិកាជាតិ​សរុប​ជាង​៤​លាន​ដុល្លារ​សម្រាប់​ការអនុវត្ត​នៅ​ឆ្នាំ​ទី​១ ពោលគឺ​ឆ្នាំ​២០១៩ ។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​បន្ថែម​កន្លងមក​ថា ទឹកប្រាក់​ចំណាយ​នេះ នឹង​កើនឡើង​៧,៧​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០២០ ហើយ​បន្ត​កើន​រហូត​ជាង​១០​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​២០២១ សម្រាប់​ជួយ​ទ្រទ្រង់​ផ្នែក​សុខភាព​របស់​ស្ត្រី​មាន​ផ្ទៃពោះ​នេះ​។​
 
​រដ្ឋាភិបាល ក៏បាន​ដាក់ចេញ​គោលនយោបាយ​ផ្ដល់​ថវិកា ជួយ​ដល់ក​ម្មករ​រោងចក្រ និង​មន្ត្រីរាជការ​ជា​ស្ត្រី ដែលមាន​ផ្ទៃពោះ​ផងដែរ​។ សម្រាប់​ស្ត្រី​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ​ស៊ីវិល ទទួលបាន​ថវិកា​៨០​ម៉ឺន​រៀល នៅពេល​សម្រាលកូន​។ ចំណែក​កម្មការិនី​រោងចក្រ ដែល​សម្រាលកូន​១​នាក់ ទទួលបាន​ថវិកា​៤០​ម៉ឺន​រៀល ,​កូនភ្លោះ​ទទួលបាន​ថវិកា​៨០​ម៉ឺន​រៀល និង​កូនភ្លោះ​បី ទទួលបាន​១​លាន ២​សែន​រៀល​។ បើតាម​សម្ដេច ហ៊ុន សែន ថវិកា​សម្រាប់​ទ្រទ្រង់​កម្មការិនី​មាន​ផ្ទៃពោះ​នេះ នឹង​ចំណាយ​១០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​
 
​ក្នុង​ត្រីមាស​ទី​១​នៃ​ដើមឆ្នាំ​២០១៩ វឌ្ឍនភាព​របស់​បេឡា​ជាតិ​របស​ស​និ្ត​សុខ​សង្គម​(​ប​,​ស​,​ស​) ផ្នែក​ថែទាំ​សុខភាព បាន​គ្រប់​ដណ្ដប់​ប្រជាជន​ជាង​២​លាន​នាក់ ដោយ​រួមបញ្ចូល​កម្មករ និ​យោ​ជិ​ក អតីត​ម​ន្រី្ត​រាជការ និង​អតីតយុទ្ធជន​។ ការអនុវត្ត​របប​នេះ ប​.​ស​.​ស បាន​ព្រមព្រៀង​ជាមួយ​មូលដ្ឋាន​សុខាភិបាល​ទូទាំង​រាជធានី​ខេត្ត​ចំនួន​១៣៣៥ ដើម្បី​បង្ខិត​សេវា​កាន់តែ​កៀក​ដល់​សមាជិក ប​.​ស​.​ស​។ ចំពោះ​ហានិភ័យ ប​.​ស​.​ស បាន​អនុវត្ត​របប​សន្តិសុខ​សង្គម ផ្នែក​ហានិភ័យ​ការងារ​សម្រាប់​វិស័យ​ឯកជន​ចុះបញ្ជី​សហគ្រាស​ចំនួន​១៣០៩ ក្នុងនោះ​មាន​កម្មករនិយោជិត​១,៧​លាន​នាក់​។ រីឯ​ការផ្ដល់ប្រាក់​ឧ​ត្ថ​ម្ភ​សម្រាប់​កម្មការិនី​សម្រាលកូន ក្នុង​ឆ្នាំ​២០១៨ ប​.​ស​.​ស បាន​ឧបត្ថម្ភ​ជាង​៦៥​ពាន់​នាក់​។ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩​នេះ បាន​ឧ​ត្ថ​ម្ភ​សម្រាប់​កម្មការិនី​សម្រាលកូន​បាន​ជិត​២​ម៉ឺន​នាក់​។ នេះ​បើតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​៕
 

Tag:
 ​ស្ត្រី​មាន​ផ្ទៃពោះ​
  កម្មករ​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com