អន្តរជាតិ
កូរ៉េខាងជើង៖ លោក គីម យ៉ុងឈុល មនុស្សជំនិតលោក គីម ជុងអ៊ុន ត្រូវដកតំណែង?
× មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង និងជាជំនិតលោក គីម ជុងអ៊ុន ផងនោះ ត្រូវបានរាយការណ៍ថា ត្រូវបានដកតំណែងនៅក្នុងជួរបក្ស។ សមាជិកសភាកូរ៉េខាងត្បូងម្នាក់ប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃទី២៤ ខែមេសា លោក គីម យ៉ុងឈុល ដែលត្រូវបានចាត់ទុកជាដៃស្ដាំរបស់លោក គីម ជុងអ៊ុន ត្រូវបានដកចេញពីតំណែងប្រធានរណសិស្សបង្រួបបង្រួមនៃបក្សពលករកូរ៉េ។ តំណែងលោក គីម យ៉ុងឈុល ត្រូវបានជំនួសដោយមន្ត្រីម្នាក់ផ្សេងទៀតដែលមិនសូវល្បីឈ្មោះ។
គេមិនឃើញមានវត្តមានលោក គីម យ៉ុងឈុល ក្នុងប្រតិភូអមដំណើរលោក គីម ជុងអ៊ុន ទៅជួបលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងវ្ល៉ាឌីវ៉ូស្តុកឡើយ។ សមាជិកកូរ៉េខាងត្បូង Lee Hye-hoon ដែលទទួលព័ត៌មានពីអង្គភាពចារកម្មរដ្ឋ និយាយថា លោក គីម យ៉ុងឈុល ត្រូវបានបញ្ឈប់ពីតំណែងប្រធាណរណសិរ្សបង្រួបបង្រួមទៅហើយ។ លោក គីម កាន់តំណែងដ៏មានឥទ្ធិពលនេះតាំងពីឆ្នាំ២០១៦ មកម្ល៉េះ។
យ៉ាងណាមិញ គេមិនដឹងថា សម្ដីរបស់សមាជិកសភាកូរ៉េខាងត្បូងខាងលើនេះ ជាការពិតឬយ៉ាងណាឡើយ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមិននិយាយអ្វីសោះលើរឿងបែបនេះ។ លោក Lee Hye-hoon បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងថា លោក គីម យ៉ុងឈុល ត្រូវបានជំនួសដោយលោក Jang Kum Chol ដែលមិនមានលេចមុខមាត់ប៉ុន្មានឡើយនាពេលកន្លងមក។
ព័ត៌មានទាក់ទងការដកតំណែងលោក គីម យ៉ុងឈុល លេចឡើងស្របពេលដែលលោកមិនបានអមដំណើរលោក គីម ជុងអ៊ុន ទៅរុស្ស៊ីឡើយ។ នេះជាលើកដំបូងដែលលោកមិនធ្វើទៅបរទេសជាមួយមេដឹកនាំកំពូលរបស់ខ្លួន។ រាល់ដង លោក គីម យ៉ុងឈុល តែងមានឈ្មោះក្នុងបញ្ជីប្រតិភូកូរ៉េខាងជើងអំឡុងពេលទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន នៅចិន ក៏ដូចជាជំនួបជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅសិង្ហបុរី និងវៀតណាម។
ក្នុងករណីអស់តំណែងប្រធាននាយកដ្ឋានមួយដ៏មានអំណាចមែន វាមិនមែនមានន័យថា លោក គីម យ៉ុងឈុល ធ្លាក់អំណាចដែរ។ លោក គីម នៅតែកាន់តំណែងអនុប្រធានគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ ដែលជាបក្សកាន់អំណាចនៅកូរ៉េខាងជើង ហើយជាសមាជិកការិយាល័យនយោបាយដ៏មានឥទ្ធិពលដដែល។
ក្នុងតំណែងជាប្រធាននាយកដ្ឋានរណសិរ្សបង្រួបបង្រួម លោក គីម យ៉ុងឈុល មានតួនាទីសំខាន់ក្នុងទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ហើយចុងក្រោយនេះ ជាមួយអាមេរិកទៀត។ ដោយតំណែងនេះ ប្រមុខដឹកនាំកូរ៉េខាងជើង ក៏ប្រគល់សិទ្ធិឲ្យលោក គីម ដឹកនាំការចរចាជាមួយអាមេរិកលើការរំសាយនុយក្លេអ៊ែរទៀតផង។ ជាប្រេសិតពិសេសផងនោះ លោក គីម បានទៅជួបលោក ត្រាំ ដល់សេតវិមានកាលពីឆ្នាំ២០១៨ ដែលបានបើកដល់ជំនួបទល់មុខលើកទីមួយនៅសិង្ហបុរី៕
Tag:
កូរ៉េខាងជើង
គីម ជុងអ៊ុន
គីម យ៉ុងឈុល
© រក្សាសិទ្ធិដោយ thmeythmey.com