អន្តរជាតិ
វៀតណាម បញ្ចប់​ការសិក្សា​លើ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ពី​ក្រុង​ហូជីមិញ​ទៅកាន់​ព្រំដែន​កម្ពុជា
25, Apr 2019 , 9:39 pm        
រូបភាព
រូបភាព៖ Vietnam Express
រូបភាព៖ Vietnam Express
ដោយ:
​អគ្គនាយកដ្ឋាន​ផ្លូវថ្នល់​វៀតណាម បាន​បញ្ជូន​ការសិក្សា​ស្តីពី​គម្រោង​ផ្លូវ​ល្បឿន​លឿន (Expressway) ប្រវែង​៥៣,៣​គីឡូម៉ែត្រ​ទៅកាន់​ក្រសួង​ដឹកជញ្ជូន​។ គម្រោង​ផ្លូវ​ល្បឿន​លឿន​ដែល​ត្រូវបាន​គេ​ប៉ាន់​ស្មានថា មានតម្លៃ​ជិត ៤៦០​លាន​ដុល្លារ​នេះ នឹង​រត់​ឆ្លងកាត់​ពី​ទីក្រុង​ហូជីមិញ ទៅកាន់​ច្រកព្រំដែន​អន្តរជាតិ Moc Bai ក្នុង​ខេត្ត Tay Ninh ដែល​ជាប់​នឹង​ក្រុង​បាវិត ខេត្តស្វាយរៀង​នៃ​ប្រទេស​កម្ពុជា​។

 
​យោងតាម​ការសិក្សា​ស្តី​គម្រោង​នេះ ដែល​ចុះផ្សាយ​ដោយសារ​ព័ត៌មាន Vietnam Express នៅ​ថ្ងៃទី​២៤ ខែមេសា ការសាងសង់​ផ្លូវ​ល្បឿន​លឿន នឹងធ្វើ​ឡើង​ក្រោម​ទម្រង់​ភាពជា​ដៃគូ​រដ្ឋ​-​ឯកជន​។ ការសាងសង់​នេះ នឹងត្រូវ​ធ្វើឡើង​ជា​ពីរ​ដំណាក់កាល និង​ចំណាយ​អស់​ទឺ​ក​ប្រាក់​ប្រមាណ ៤៥៩,៣៦​លាន​ដុល្លារ​។ 
 
​ផ្លូវ​ល្បឿន​លឿន​នេះ នឹង​រត់​កាត់​ពី​សង្កាត់ Hoc Mon ទីក្រុង​ហូជីមិញ ទៅកាន់​ច្រកព្រំដែន​អន្តរជាតិ​រវាង​កម្ពុជា និង​វៀតណាម ដែល​ស្ថិតក្នុង​ភាព​ខាងត្បូង​ខេត្ត Tay Ninh Province និង​ជាប់​ក្រុង បាវិត ខេត្តស្វាយរៀង ទឹកដី​កម្ពុជា​។ 
 
​បើតាម Vietnam Express ដំណាក់កាល​ដំបូង នឹង​រួមបញ្ចូល​ការសាងសង់​ផ្នែក​ពីរ​ដាច់ដោយឡែក​ពីគ្នា​នៃ​ផ្លូវ​ល្បឿន​លឿន​។​ផ្នែក​ទីមួយ នឹងមាន​ប្រវែង ៣៣​គីឡូម៉ែត្រ ចាប់ពី ទីក្រុង ហូជីមិញ ដល់ សង្កាត់ Trang Bang ខេត្ត Tay Ninh ដែល​នឹង​គន្លង​ចំនួន​៤ និង​រចនា​ឡើង​សម្រាប់​ការបើកបរ​ក្នុង​ល្បឿន​១២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​
 
​ផ្នែក​ទី​ពីរ ពី​សង្កាត់ Trang Bang ទៅកាន់ ច្រកព្រំដែន Moc Bai ប្រវែង ២០,៥​គីឡូម៉ែត្រ ក៏​នឹងមាន​គន្លង​ចំនួន​៤​ដូចគ្នា ជាមួយ​ការ​រចនា​ឡើង​សម្រាប់​ការបើកបរ​ក្នុង​ល្បឿន​៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ក្រោយ​បញ្ចប់​ការសាងសង់​ផ្នែក​ទាំងពីរ​នេះ ដំណាក់កាល​ទី​ពីរ​នៃ​ការសាងសង់ នឹង​ពង្រីក​ផ្លូវ​ល្បឿន​លឿន​នេះ​ទៅជា​គន្លង​បើកបរ​ពី ៦ ដល់ ៨ តែម្តង​។ 
 
 
​បើតាម​ប្រភព​ដដែល សាលាក្រុង​ហូជីមិញ និង ខេត្ត Tay Ninh នឹងដាក់​សំណើ​ទៅកាន់​ក្រសួង​ដឹកជញ្ជូន​វៀតណាម​ដើម្បី​ស្នើសុំ​ការអនុញ្ញាត​ពី​នាយករដ្ឋមន្ត្រី ក្នុង​គោលបំណង​អនុវត្ត​គម្រោង​នេះ​។ អាជ្ញាធរ​មូលដ្ឋាន​ទាំងពីរ​នេះ បាន​អះអាងថា ពួកគេ​នឹង​ចំណាយ​លើ​សំណង​នានា​ក្នុង​គម្រោង​សាងសង់​ផ្លូវ​នេះ ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកា​របស់​ខ្លួន​។ 
 
​អាជ្ញាធរ​ក្រុង ហូជីមិញ នឹង​ចំណាយលុយ ៨៥,៨៧​លាន​ដុល្លារ​។ អាជ្ញាធរខេត្ត Tay Ninh នឹង​ចំណាយ​៤២,៩៤​លាន​ដុល្លារ​។ ចំណែក​លុយ​ប្រមាណ ៣៤៣,៤៨ នៅ​សេសសល់​ផ្សេងទៀត នឹងត្រូវ​ចំណាយ​ដោយ​ក្រុម​វិនិយោគិន​ឯកជន ដែល​នឹងត្រូវ​ជ្រើសរើស​មកពី​ដំណើរ​ការដាក់​ដេញថ្លៃ ឬ​ចាត់តាំង​ដោយ​រដ្ឋាភិបាល​។ 
 
​កន្លងទៅ ក្រសួង​ដឹកជញ្ជូន​វៀតណាម ធ្លាប់បាន​លើកឡើងថា គម្រោង​ផ្លូវ​ល្បឿន​លឿន ហូជីមិញ​-Moc Bai សមស្រប​នឹង​តម្រូវការ​ផ្នែក​ដឹកជញ្ជូន​ក្នុង​តំបន់ និង​គម្រោង​បណ្តាញ​ផ្លូវ​ល្បឿន​លឿន​ជាតិ​។ ជាពិសេស ផ្លូវ​ល្បឿន​លឿន នឹង​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​ពី​ទីក្រុង ហូជីមិញ​ទៅកាន់​តំបន់​ច្រកព្រំដែន​អន្តរជាតិ និង​ពង្រឹង​ការតភ្ជាប់​រវាង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខាងត្បូង​ដ៏​សំខាន់​របស់​វៀតណាម និង​ច្រករបៀង​សេដ្ឋកិច្ច East-West (​មី​យ៉ាន់​មា់ ថៃ ឡាវ កម្ពុជា និង​វៀតណាម​) ។ ហើយ​វា​ក៏​នឹង​ត​ភ្ជាប់​ទៅកាន់​បណ្តាញ​ផ្លូវ​ល្បឿន​លឿន​តំបន់​អាស៊ី កាត់​តាម​រាជធានី ភ្នំពេញ នៃ​ប្រទេស​កម្ពុជា ផងដែរ​៕

Tag:
 វៀតណាម​
  ផ្លូវ​ល្បឿន​លឿន
© រក្សាសិទ្ធិដោយ thmeythmey.com