អន្តរជាតិ
អាជ្ញាធរ​វៀតណាម ចោទប្រកាន់​មនុស្ស​៧​នាក់​ពាក់ព័ន្ធ​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ​
25, Apr 2019 , 9:59 pm        
រូបភាព
រូបភាព៖ Vietnam News
រូបភាព៖ Vietnam News
ដោយ:
​សមត្ថកិច្ច​ខេត្ត Quảng Bình បាន​បើក​នីតិវិធី​ព្រហ្មទណ្ឌ​ប្រឆាំង​ជនសង្ស័យ​៧​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ការបំផ្លាញ​ព្រៃឈើ​។ ករណីនេះ ត្រូវបាន​រកឃើញ​កាលពីដើម​ខែមីនា​ក្នុង​ឧទ្យាន​ជាតិ​មួយ ឈ្មោះថា Phong Nha-Kẻ Bàng ដែល​ស្ថិត​នៅជាប់​ព្រំដែន​តំបន់​អភិរក្ស Hin Namno ក្នុងប្រទេស​ឡាវ​។​

 
​ជនសង្ស័យ​ជនជាតិ​វៀតណាម​ទាំង​៧​នាក់​ដែល​ជាប់​សង្ស័យ​ករណី​កាប់​ឈើ​ខុសច្បាប់ មាន​ទីកន្លែង​លំនៅ​ក្នុងស្រុក​ជនបទ​មួយ​ឈ្មោះថា Bố Trạch នៅ​ខេត្ត Quảng Bình ដែល​ស្ថិតក្នុង​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម​។  នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​វៀតណាម vietnamplus.vn  នៅ​ថ្ងៃទី​២៥ ខែមេសា​។​
 
​បើតាម​ប្រភព​ដដែល អ្នក​ទាំង​៧​នាក់​នេះ ត្រូវបាន​ចោទប្រកាន់​ពីបទ​ល្មើស​នឹង​ច្បាប់​ស្តី​ការកាប់​ទន្ទ្រាន និង​ការពារ​ព្រៃឈើ​។ មនុស្ស​៦​នាក់​ក្នុងចំណោម​ពួកគេ នឹងត្រូវ​ឃុំខ្លួន​រយៈពេល​៤​ខែ​ដើម្បី​បើក​ការស៊ើបអង្កេត​បន្ត  ខណៈដែល​ជនសង្ស័យ​ឈ្មោះថា Mai Kiên Cường ត្រូវ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ និង​ដាក់​បម្រាម​មិន​ឲ្យ​ចេញពីផ្ទះ​។​
 
​យោងតាម​ការអះអាងរ​បស់ វរសេនីយ៍ឯក Đặng Văn Hoành ស្នងការ​សមត្ថកិច្ច​ស្រុក Bố Trạch នេះ​គឺជា​ករណី​កាប់បំផ្លាញ​ធ្ងន់ធ្ងរ​មួយ​។ ឈើ​ប្រមាណ ៦៦​ដើម ដែលមាន​ទំហំ​សរុប​ជិត ១០០​ម៉ែត្រគូប ត្រូវបាន​កាប់បំផ្លាញ​នៅឯ​ឧទ្យាន​ជាតិ Phong Nha-Kẻ Bàng ក្នុងស្រុក Bố Trạch ។ 
 
​បើតាម Vietnam News ដោយឡែក​ក្នុង​ពាក់កណ្តាល​ខែមីនា អ្នកឃ្លាំមើល​មកពី​ស្ថានីយ៍​ការពារ​ព្រៃឈើ​របស់​វៀតណាម ក៏បាន​រកឃើញថា ឈើ​ជាង​១០​ដើម ដែលមាន​អង្កត់​ផ្ច​ត់​ប្រវែង​ពី ៤០ ទៅ ១២០​សង់ទីម៉ែត្រ ត្រូវបាន​កាប់បំផ្លាញ​ដោយ​ខុសច្បាប់ ក្នុង​ឧទ្យាន​ជាតិ​ដដែល​នេះ​៕
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com