កីឡាជាតិ
ជាតិ
គ្រូ​វិសាខា​មិន​បារម្ភ​រឿង​ទីលាន ពេល​ប៉ះ​ម្ចាស់ផ្ទះ​អង្គ​រថា​យ​ហ្គឺ​រ​នៅ​ថ្ងៃអាទិត្យ​
26, Apr 2019 , 8:29 am        
រូបភាព
លោក ហុក សុជីវ័ន្ត (អាវលឿង)អបអរជាមួយអ្នកគាំទ្រពេលយកឈ្នះភ្នំពេញក្រោនកាលពីពលេកន្លងទៅ
លោក ហុក សុជីវ័ន្ត (អាវលឿង)អបអរជាមួយអ្នកគាំទ្រពេលយកឈ្នះភ្នំពេញក្រោនកាលពីពលេកន្លងទៅ
ដោយ:
​ស្របពេល​មាន​ក្លិប​ជាច្រើន​រអ៊ូរទាំ​រឿង​ទីលាន​ខេត្តសៀមរាប​ពេល​ជួប​ក្រុម​មាន​មូលដ្ឋាន​នៅ​ទីនោះ គ្រូបង្វឹក​ក្លិប​បាល់ទាត់​វិសាខា ហាក់​គ្មាន​ការព្រួយបារម្ភ​ឡើយ​ពាក់ព័ន្ធ​បញ្ហា​ទីលាន​នេះ​។ គ្រូបង្វឹក​រូបនេះ​បានបញ្ជាក់​យ៉ាងខ្លី​ថា គេ​អាច​លេង​បាន វិសាខា​ក៏​អាច​លេង​បាន​ដូចគ្នា​។ ក្រុម​វិសាខា​ត្រូវ​ប្រឈម​មុខជា​មួយអង្គ​រថា​យ​ហ្គឺ​រ ដែលជា​ក្រុម​មិនទាន់​ស្គាល់​ចាញ់​ដូចគ្នា សម្រាប់​ជំនួប​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​សប្តាហ៍​នេះ​។​

 
​លោក ហុក សុ​ជី​វ័​ន្ត គ្រូបង្វឹក​ក្លិប​បាល់ទាត់​វិសាខា​បាន​និយាយថា មាន​ក្លិប​ជាច្រើន​នៅ​លី​គ​កំពូល តែងតែ​បារម្ភ​រឿង​ទីលាន​ខេត្តសៀមរាប​ពេល​ពួកគេ​ជួប​ប្រកួត​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ឬ​សូល​ទី​ឡូ​អង្គរ​។ ប៉ុន្តែ​សម្រាប់ លោក កត្តា​ទីលាន​មិន​ចោទ​ជា​បញ្ហា​ធ្ងន់ធ្ងរ​សម្រាប់​វិសាខា​នោះទេ សំខាន់​ត្រូវ​ចេះ​សិក្សា​និង​លេង​តាម​ស្ថានភាព​ជាក់ស្តែង​របស់​ទីលាន​។ 
 
​ជាមួយ​ការអះអាង​ក្រុម​ដទៃ​អាច​លេង​បាន វិសាខា​ក៏​អាច​លេង​បាន លោក ហុក សុ​ជី​វ័​ន្ត រំពឹងថា វិសាខា​នឹង​ទទួលបាន​លទ្ធផល​ល្អ​ពេល​ជួប​ជាមួយ​ម្ចាស់ផ្ទះ​អង្គ​រថា​យ​ហ្គឺ​រ​នៅ​ចុង​សប្តាហ៍​នេះ​។ លោក​ប្តេជ្ញា​ថា នឹង​ព្យាយាម​ធ្វើ​ឲ្យ​បានល្អ​តាមតែ​អាចធ្វើ​ទៅបាន​ក្នុងការ​ស្វែងរក​៣​ពិន្ទុ ទោះបី​ទីលាន​មាន​ស្ថានភាព​មិនសូវ​ល្អ​ក៏ដោយ​។   
 
«​យើង​មាន​ចំណុច​ពិបាក​ដូចគ្នា ប៉ុន្តែ​អ្វីដែល​គេ​អាច​លេង​បាន​យើង​ក៏​អាច​លេង​បាន​ដូចគ្នា​។ ពាក់ព័ន្ធ​រឿង​ទីលាន​យើង​ត្រូវ​សិក្សា​ថា​ទីលាន​បែបនេះ យើង​ត្រូវ​លេង​យ៉ាងម៉េច ព្រោះ​ទីលាន​នីមួយៗ​វា​មិនអាច​ស្អាត​១០០​ភាគរយ​ដូច​ស្រុក​គេ​នោះទេ​។ ប៉ុន្តែ​យើង​សង្ឃឹមថា អ្វីដែល​គេ​ធ្វើបាន​ល្អ​យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បានល្អ​ដូច​គេ​។ មាន​ក្លិប​ជាច្រើន​គេ​រអ៊ូរទាំ​រឿង​ទីលាន​ពិបាក តែ​យើង​នឹង​ព្យាយាម​ធ្វើតាម​កាលៈទេសៈ ទោះ​ទីលាន​ពិបាក​យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បានល្អ​»​។ លោក ហុក សុ​ជី​វ័​ន្ត បានបញ្ជាក់​ដូច្នេះ​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយ​វិសាខា​យកឈ្នះ​អគ្គិសនី​កម្ពុជា​ក្នុង​លទ្ធផល ៤-០ កាលពី​សប្តាហ៍​មុន​។ 
 
​ក្រុម​វិសាខា​ត្រូវធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​ខេត្តសៀមរាប ដើម្បី​ជួប​ប្រកួត​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ សម្រាប់​ជំនួប​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​ទី​៥​នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែមេសា ឆ្នាំ​២០១៩ នា​កីឡដ្ឋាន​ខេត្តសៀមរាប​។ នេះ​អាច​ចាត់ទុកជា​ជំនួប​ដ៏​ជក់ចិត្ត​មួយ​ប្រចាំ​សប្តាហ៍ ព្រោះ​ក្រុម​ទាំងពីរ​សុទ្ធតែ​មិនទាន់​ស្គាល់​ចាញ់​ដូចគ្នា សម្រាប់​៤​ប្រកួត​កន្លងមកនេះ​។ បច្ចុប្បន្ន​វិសាខា​ស្ថិតនៅ​លំដាប់​ទី​២​មាន​១០​ពិន្ទុ ក្រោយ​ឈ្នះ​៣​និង​ស្មើ​១ ខណៈ​អង្គ​រថា​យ​ហ្គឺ​រ​ស្ថិតនៅ​លំដាប់​ទី​៥​មាន​៨​ពិន្ទុ​ក្រោយ​ឈ្នះ​២ និង​ស្មើ​២៕      

Tag:
 វិសាខា​
  ហុក សុ​ជី​វ័​ន្ត​
  Cambodian League 2019
© រក្សាសិទ្ធិដោយ thmeythmey.com