ជាតិ
សង្គមជាតិ
ថ្ងៃ​២៤​មេសា មាន​អគ្គិភ័យ​៥​លើក​នៅ​ភ្នំពេញ ដោយសារ​ឆ្លង​ចរន្តអគ្គិសនី និងដុត​ទៀន
25, Apr 2019 , 5:42 pm        
រូបភាព
​អគ្គិភ័យ​កើតឡើង​៥​លើក​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៤​មេសា ឆ្នាំ​២០១៩​។ ករណី​អគ្គិភ័យ​ក្នុង​ថ្ងៃទី​២៤​មេសា​នេះ បង្កឡើង​ដោយ​ការឆ្លង​ចរន្តអគ្គិសនី​៤​លើក និង​ការដុត​ទៀន​បំ​ភ្លើ​ក្នុង​បន្ទ​បប់​១​លើក​។


 
​ការចុះផ្សាយ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹងថា ការឆ្លង​ចរន្តអគ្គិសនី​ឆេះ​ផ្ទះ​នៅ​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ កើតឡើង​នៅ​ម៉ោងជាង​៣​រសៀល ដោយ​ឆេះ​ផ្ទះ​របស់​វេជ្ជបណ្ឌិត​មន្ទីរពេទ្យ​កាល់ម៉ែត ហើយ​បង្ក​ឲ្យ​មាន​អ្នករងរបួស​២​នាក់​។ 
 
​ចំណែក​នៅ​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា ឆ្លង​ចរន្តអគ្គិសនី ឆេះ​ផ្ទះ នៅ​ម៉ោងជាង​៥​ល្ងាច បង្ក​ឲ្យ​ខូចខាត​សម្ភារៈប្រើប្រាស់​មួយចំនួន តែ​ពុំ​បណ្ដាល​ឲ្យ​មាន​អ្នករងរបួស​ឡើយ​។  
 
​នៅ​ច្រកចូល​បូរី​ពិភពថ្មី ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី មាន​ការឆេះ​ប្រអប់​ភ្លើង​នៅ​បង្គោល​ភ្លើង​មួយ តែ​មិន​ប៉ះពាល់​អ្វី​ទេ​។ ហើយ​នៅមុខ​ក្លោងទ្វារវត្ត​ញាណ​រង្សី ក្នុង​សង្កាត់​ទួល​សងែ្ក​១ ខណ្ឌ​ឬ​ស្សី​កែវ ក៏មាន​ការឆេះ​ប​ង្គោ​ភ្លើង​ដែរ នៅ​ណ្ដា​ល​អា​ធ្រា​ត​ប្រមាណ​ម៉ោង​១​និង​៣០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៥​ខ​មេសា តែ​មិន​បណ្ដាល​ឲ្យ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ឡើយ​។ 
 
​ដោយឡែក ការដុត​ទៀន​បំភ្លឺ​ក្នុង​បន្ទប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​ពន្លត់​ទាន់ពេល មិន​បណ្ដាល​ឲ្យ​ឆាបឆេះ​ដល់ផ្ទះ​អ្នកជិតខាង និង​ពុំ​បង្ក​គ្រោះថ្នាក់​ដល់​នរណាម្នាក់​ទេ​។ ករណីនេះ​កើតឡើង​នៅ​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ក្នុង​សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ​។ 
 
​កាលពី​ថ្ងៃទី​២២​មេសា អគ្គិ​ភ័យ​បាន​ឆាបឆេះ​ហាង​លក់​ភី​ហ្សា​ឈ្មោះ Domino’s Pizza  នៅ​សង្កាត់​បឹង​ង​កក់​១ បង្ក​ឲ្យ​មានការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។ 
 
​ជុំវិញ​ករណី​អគ្គិភ័យ​នេះ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​អាជ្ញាធរ​និង​មន្ត្រី​គ្រប់លំដាប់​ថ្នាក់ រួមទាំង​ប្រជាពលរដ្ឋ​ផងដែរ ឲ្យ​ចូលរួម​ការពារ​និង​បង្ការ​គ្រោះ​អគ្គិភ័យ​ក្នុង​រដូវប្រាំង​នេះ​។ រដ្ឋមន្ត្រី​មហាផ្ទៃ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​និង​គ្រប់ភាគី​ពាក់ព័ន្ធ បង្កើន​ការប្រុងប្រយ័ត្ន​គ្រប់ពេលវេលា ចំពោះ​ដើមចម ដែល​អាចបង្កើត​ឲ្យ​មាន​អគ្គិភ័យ ដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើង​ធូប​-​ទៀន ការដុត​សំរាម ព្រៃ ចម្ការ វាលស្រែ ការបោះ​កន្ទុយបារី​ផ្តេសផ្តាស ការតភ្ជាប់​ឬ​ការប្រើ​ចរន្តអគ្គិសនី​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស ការ​ទុកដាក់​ប្រេង​ឥន្ទ​នៈ ឧស្ម័ន​ចំហេះ និង វត្ថុ​ងាយ​ឆេះ ជាដើម​៕

Tag:
 អគ្គិភ័យ​
  ភ្នំពេញ​
  ឆ្លង​ចរន្តអគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com