កីឡាជាតិ
ជាតិ
ក្រោយជាពីរបួស សារី ម៉ាត់ណូរ៉ូទីន ប្តេជ្ញាប្រឹងប្រែងទ្វេដង ដើម្បីជួយវិសាខា កីឡាករ សារី ម៉ាត់ណូរ៉ូទីន បាល់ទាត់ក្នុងជំនួបរវាងក្រុមវិសាខាជាមួយអគ្គិសនីកម្ពុជា
× កីឡាករ សារី ម៉ាត់ណូរ៉ូទីន ត្រូវបានគ្រូបង្វឹកផ្តល់ឱកាសឲ្យបង្ហាញខ្លួនលើទីលានសាជាថ្មី បន្ទាប់ពីសម្រាកព្យាបាលរបួសពីការវះកាត់អស់រយៈពេលជាច្រើនខែ។ ជាមួយការបង្ហាញអារម្មណ៍រំភើបរីករាយជាមួយឱកាស ម៉ាត់ណូរ៉ូទីន ប្តេជ្ញាថា រូបគេនឹងខិតខំឲ្យកាន់តែខ្លាំងទ្វេដងក្នុងការអភិវឌ្ឍសមត្ថភាព ដើម្បីរួមចំណែកជួយក្រុមឲ្យទទួលបានលទ្ធផលល្អ។
ខ្សែប្រយុទ្ធ សារី ម៉ាត់ណូរ៉ូទីន ដែលអវត្តមានលើទីលានប្រកួតអស់រយៈពេលជាច្រើនខែដោយសាររបួស បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំង។ ក្រោយរូបគេបានបង្ហាញខ្លួនលើទីលានប្រកួតសាជាថ្មី និងបានរួមចំណែកក្នុងជ័យជម្នះ ៤-០ របស់ក្រុមវិសាខាលើអគ្គិសនីកម្ពុជាកាលពីពេលថ្មីៗ។ អតីតកីឡាកររបស់ណាហ្គាវើលរូបនេះ បានចាត់ទុកការផ្តល់ឱកាសរបស់គ្រូបង្វឹក ជាការបន្ស៊ាំខ្លួនមួយដ៏ល្អ មុនឈានទៅបង្ហាញខ្លួននៅជំនួបបន្ទាប់។
ម៉ាត់ណូរ៉ូទីន បានរំលឹកពីភាពឈឺចាប់ និងអារម្មណ៍សោកស្តាយពេលខ្លួនរងរបួសដាច់សរសៃពួរជើងរហូតឈានដល់ការវះកាត់។ គេមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ដែលមិនបានជួយក្រុមក្នុងអំឡុងពេលសម្រាកព្យាបាលរបួសអស់រយៈពេលជាច្រើនខែកន្លងមកនេះ។ ជាការតបស្នង ណូរ៉ូទីន ប្តេជ្ញាថា គេនឹងខិតខំប្រឹងប្រែងឲ្យកាន់តែខ្លាំងទ្វេដង ដើម្បីអភិវឌ្ឍសមត្ថភាពក្នុងការជួយក្រុមសម្រេចលទ្ធផលល្អៗ សម្រាប់ជំនួបនៅសល់របស់ក្រុម។
ទោះបីខកខានក្នុងការបង្ហាញខ្លួនជាមួយក្រុមជាច្រើនខែក៏ដោយ តែកីឡាកររូបនេះជឿជាក់ថា រូបគេនឹងអាចលេងស៊ីសង្វាក់គ្នាបានល្អជាមួយមិត្តរួមក្រុមនៅជំនួបក្រោយៗរបស់វិសាខា។ «ក្នុងអំឡុងពេលរបួស ខ្ញុំមានអារម្មណ៍សោកស្តាយមែនទែន ព្រោះរបួសមានស្ថានភាពធ្ងន់ធ្ងរដែរសម្រាប់ខ្ញុំ។ ប៉ុន្តែសម្រាប់ការត្រឡប់មកកាន់ទីលានសាជាថ្មីនេះ ខ្ញុំប្តេជ្ញានឹងខិតខំប្រឹងប្រែងឲ្យកាន់តែខ្លាំងទ្វេដង ដើម្បីជួយក្រុម និងសម្រេចទីយកលទ្ធផលល្អៗជូនក្រុម»។ ការឡើងឡើងបែបនេះរបស់ សារី ម៉ាត់ណូរ៉ូទីន ធ្វើឡើងក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានក្រោយវិសាខាយកឈ្នះអគ្គិសនីកម្ពុជា ៤-០។
លោក ហុក សុជីវ័ន្ត គ្រូបង្វឹកក្រុមវិសាខាបានចាត់ទុកការត្រឡប់មកកាន់ទីលានប្រកួតរបស់ សារី ម៉ាត់ណូរ៉ូទីន វាផលល្អសម្រាប់វិសាខា ដោយសាររូបគេជាខ្សែប្រយុទ្ធ ដែលពោរពេញដោយបទពិសោធ និងគុណភាព។ លោករំពឹងថា ទាំង ម៉ាត់ណូរ៉ូទីន និងខ្សែប្រយុទ្ធ កែវ សុខផេង នឹងអាចជួយក្រុមវិសាខាពេលប៉ះម្ចាស់ផ្ទះអង្គរថាយហ្គឺរ។ ក្រុមវិសាខាត្រូវធ្វើដំណើរទៅកាន់ទឹកដីខេត្តសៀមរាប ដើម្បីប្រជែងជាមួយក្រុមអង្គរថាយហ្គឺរ សម្រាប់ជំនួបក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគនៅថ្ងៃអាទិត្យទី២៨ ខែមេសា។
អតីតសមាជិករបស់ណាហ្គាវើលកីឡាករ សារី ម៉ាត់ណូរ៉ូទីន រួមជាមួយខ្សែការពារ ឆេង ម៉េង បានផ្ទេរពីណាហ្គាវើលទៅកាន់ក្លិបវិសាខាកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨។ ម៉ាត់ណូរ៉ូទីន បានរងរបួសដាច់សរសៃពួរជើងក្នុងអំឡុងពេលហ្វឹកហាត់ជាមួយក្រុមកាលពីចុងឆ្នាំ២០១៨ ក្រោយការត្រួតពិនិត្យរបស់គ្រូពេទ្យ រូបគេបានសម្រេចទៅវះកាត់របួសនៅប្រទេសវៀតណាម៕
Tag:
បាល់ទាត់
សារី ម៉ាត់ណូរ៉ូទីន
វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com