ONE Championship
កីឡាជាតិ
ជាតិ
អនុប្រធាន​សហព័ន្ធ MMA បង្ហាញ​ការគាំទ្រ ចាន់ រតនា និង នៅ ស្រី​ពៅ មុន​ប្រកួត​នៅ​សង្វៀន ONE
26, Apr 2019 , 10:39 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី 
 
​លោក កែ ប៊ិន​សូរ​ស្មី  អនុប្រធាន​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ដែល​ត្រូវបានតែងតាំង​នា​ចុងឆ្នាំ ២០១៨ បានបង្ហាញ​អំពី​មោទកភាព​ចំពោះ ចាន់ រតនា និង នៅ ស្រី​ពៅ មុន​ចេញទៅ​ប្រកួត​នៅ​សង្វៀន​កម្រិត​ពិភពលោក ONE Championship ដោយ​រំពឹងថា​អ្នក​ទាំងពីរ​នឹងធ្វើ​បានល្អ​សម្រាប់​កម្ពុជា​។​


 
​ចាន់ រតនា ត្រូវ​តទល់​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ Rudy Agustian  ដែល​នឹងធ្វើ​ឲ្យ​អ្នកគាំទ្រ​កម្ពុជា អន្ទះសា​ចង់​ទស្សនា ខណៈដែល កីឡាការិនី  នៅ ស្រី​ពៅ ប៉ះ កីឡាការិនី​ម្ចាស់ផ្ទះ Priscilla Hertati Lumban Gaol ដូចគ្នា នៅ​សង្វៀន ONE: FOR HONOR នា​ថ្ងៃទី ៣ ឧសភា នៅ​ឥណ្ឌូណេស៊ី​។ 
 
​លោក​បង្ហាញ​ចំណាប់អារម្មណ៍​អមដោយ​មោទកភាព​ក្នុងនាម​ជា​កីឡាករ​នៅក្រោម​ដំបូង​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​បែបនេះ​៖« ទាំង ចាន់ រតនា និង នៅ ស្រី​ពៅ ជា​កីឡាករ​ជួរមុខ​នៅ​កម្ពុជា ហើយ​វា​ជាការ​ប្រកួតប្រជែង​មួយ​ដ៏​អស្ចារ្យ​ដើម្បី​ស្វែងរក​ជ័យជម្នះ​សម្រាប់​មាតុភូមិ និង អ្នកគាំទ្រ បន្ទាប់ពី​ពួកគេ​ខិតខំ​ហ្វឹកហាត់​ខ្លាំងក្លា​។ និយាយ​ដោយស្មោះ​ត្រង់​ទៅ រតនា និង ស្រី​ពៅ ជា​កីឡាករ​ជើងឯក​របស់​យើង ហើយ​ខ្ញុំ​សង្ឃឹមថា​ជនរួមជាតិ នឹង​ផ្ដល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ពួកគេ​។ ខ្ញុំ​ជឿថា ពួកគេ​បង្ហាញ​មោទនភាព​ជាតិ​តាមរយៈ​លទ្ធផល និង ឡើង​កម្រិត​នៃ​ការប្រកួត​ក្នុងពេល​ឆាប់ៗ​ខាងមុខ​»​។​
 
​បន្ទាប់ពី​បញ្ចេញ​ទស្សនៈ​លើ​ការប្រកួត បុរស​ដែល​កើត​នៅ​ក្រុង Lyon ប្រទេស​បារាំង​រូបនេះ​បន្តទៀតថា ទោះ ចាន់ រតនា វ័យ​រាង​ជ្រេ​បន្តិច ប៉ុន្តែ​លោក​ជឿជាក់ថា​ម្ចាស់​ក្លិប​ប្រដាល់ «​សិល្បៈ​» នឹង​បន្ត​អាជីព​វាយ MMA ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត ដោយសារ​រូបគេ​នៅ​ចង់​ប្រកួតប្រជែង​ជានិច្ច និង ហ្វឹកហាត់​បាន​ត្រឹមត្រូវ​។ 
 
​លោក​អនុប្រធាន​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ដដែល​បញ្ជាក់ថា រតនា ជា​កីឡាករ​មាន​ទេពកោសល្យ ដ្បិត​អាយុ​កាន់តែច្រើន ប៉ុន្តែ សហព័ន្ធ​កំពុង​ខំប្រឹងប្រែង​អភិវឌ្ឍ​ក្នុង​គោលដៅ​បណ្ដុះបណ្ដាល​ឲ្យ​បាន​អ្នកលេង​គុន​ចម្រុះ​ជំនាន់​ថ្មី ហើយ រតនា ជា​គំរូ​ល្អ​មួយរូប​។ បច្ចុប្បន្ននេះ មាន​កីឡាករ​វ័យក្មេង​ជាច្រើន​កំពុង​ដើរ​តាម​គន្លង របស់ រតនា ដើម្បី​ឆ្ពោះទៅរក​ចំណុចកំពូល​នៃ​ក្បាច់គុន​ចម្រុះ​នៅ​កម្ពុជា និង លើ​ឆាក​អន្តរជាតិ​។ 
 
​ជាមួយគ្នា​នោះដែរ នៅ ស្រី​ពៅ ជា​ជើងឯក​គុន​ខ្មែរ និង ជាប់​ឈ្មោះ​ជា កីឡាការិនី​ឆ្នើម​ប្រចាំ​សង្វៀន World Lethwei Championship នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ជា​គំរូ​ល្អ​ដល់​នារីៗ ដែល​ភាគច្រើន​មិន​ចូលចិត្ត​ហាត់​ក្បាច់គុន​។ ការ​ចេញទៅ​ប្រកួត​លើស​ង្វៀន​កម្រិត​ពិភពលោក​បែបនេះ ជាការ​បំផុស និង លើកទឹកចិត្ត​ឲ្យ​នារីៗ​ចួ​ល​រួម​ក្នុង​វិស័យ​ក្បាច់គុន​ឲ្យ​បាន​ច្រើន​។ 
 
​ស្រី​ពៅ ទទួលបាន​ការគាំទ្រ​ច្រើនសន្ធឹក​សន្ធាប់​មួយរយៈ​ចុងក្រោយ​នេះ ហើយ​បាន​លើក​មុខមាត់​ក្នុងនាម​ជា​អ្នកលេង​ក្បាច់គុន​នារី​នៅ​កម្ពុជា តាមរយៈ​ជ័យជម្នះ​លើ​កីឡាការិនី​ថៃ Rika Ishige កាល​ពាក់​កណ្ដាលខែ កុម្ភៈ​៕ 
 

Tag:
 MMA
  ចាន់ រតនា​
  នៅ ស្រី​ពៅ
© រក្សាសិទ្ធិដោយ thmeythmey.com