ចំនួនសត្វផ្សោតទឹកសាបទន្លេមេគង្គស្ថិតនៅក្នុងកម្រិតគួរឲ្យព្រួយបារម្ភ។ កិច្ចខិតខំប្រឹងប្រែងដើម្បីប្រមូលយកឧបករណ៍នេសាទផ្សេងៗ ជាពិសេសមងចេញពីទីជម្រករបស់ពួកវានៅក្នុងទន្លេមេគង្គក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានជួយឲ្យចំនួនរបស់ពួកវាកើនឡើង។
នៅក្នុងទន្លេមេគង្គទាំងមូល ត្រូវបានគេជឿជាក់ថា ផ្សោតទឹកសាបរាប់ពាន់ក្បាល ត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាម ការប្រមាញ់ និងជាប់មងរបស់អ្នកនេសាទ។
ជាច្រើនទសវត្សមកហើយ ចំនួនសត្វផ្សោត អ៊ីរ៉ាវ៉ាឌី (Irawaddy) ដែលរស់នៅក្នុងទន្លេមេគង្គកម្ពុជា វិនាសហិចហោចស្ទើរផុតពូជ។ គេជឿថា ចំនួនសត្វផ្សោតនេះ បានចាប់ផ្តើមធ្លាក់ចុះខ្លាំង នៅទសវត្សឆ្នាំ ១៩៧០។ ក្នុងអំឡុងពេលនៃរបបឃោរឃៅខ្មែរក្រហម និងការស្ថិតនៅក្នុងសង្គ្រាមអូសបន្លាយជាច្រើនឆ្នាំ សត្វផ្សោតត្រូវបានគេប្រម៉ាញ់សម្រាប់ធ្វើជាចំណីអាហារ។ ការធ្វើនេសាទដោយមិនរើសមុខ បានធ្វើឲ្យចំនួនសត្វផ្សោតថយចុះបន្ថែមទៀត រហូចូលតដល់សហសតវត្សរ៍ ពួកវានៅសេសសល់ប្រហែល១០០ក្បាលប៉ុណ្ណោះ។
បន្ទាប់មក កាលពីឆ្នាំកន្លងទៅ មានដំណឹងល្អមួយបានកើតឡើង។ នៅក្នុងការសិក្សាតាមដានមួយបានរកឃើញថា សត្វផ្សោតចំនួន ៩២ក្បាល រស់នៅក្នុងទន្លេមេគង្គ ដែលជាទូរលេខខ្ពស់ជាងគេ ក្នុងរយៈពេល២០ឆ្នាំកន្លមកនេះ។ អ្នកស្រាវជ្រាវបានរកឃើញថា មានផ្សោតដែលទើបនឹងកើតចំនួន ៩ក្បាល។ នៅក្នុងឆ្នាំនេះ គេរកឃើញចំនួន ៣ក្បាលបន្ថែមទៀត។ លោក អេង ជាសាន ប្រតិភូទទួលបន្ទុករដ្ឋបាលជលផល បានមានប្រសាសន៍ថា ប្រហែលអាចមានសត្វផ្សោតមួយចំនួនទៀត ដែលយើងមិនអាចកំណត់អត្ថសញ្ញាណបាន ដែលមានរស់នៅក្នុងទន្លេមេគង្គនេះ។
ដង់ស៊ីតេ សត្វផ្សោតនៅតែមិនស្ថិតនៅក្រោមអ្វីដែលគេចាត់ទុកថា ពួកវាមានសុវត្ថិភាព និងធានាបាននូវការរស់រានមានជីវិតទៅថ្ងៃអនាគតឡើយ។ ការគំរាមកំហែងធំៗ នៅតែបន្តកើតមានឡើង ជាពិសេស គម្រោងនៃការសាងសង់ទំនប់វារីអគ្គីសនីថ្មី ដែលមានកម្លាំង ២៦០០ មេហ្គាវ៉ាត់នៅក្នុងស្រុកសំបូរ ក្នុងខេត្តក្រចេះ ដែលនឹងបំផ្លាញជម្រកត្រីផ្សោតទាំងនោះ។ ការស្លាប់ខ្ពស់ក្នុងចំណោមសត្វផ្សោតវ័យក្មេង នៅតែបន្តធ្វើឱ្យអ្នកវិទ្យាសាស្ត្រមានចម្ងល់។
លោក ម៉ាក ដ្រីវ នាយកកម្មវិធី WWF នៅកម្ពុជា ដែលបានដឹកនាំយុទ្ធនាការសត្វផ្សោតនេះ បានមានប្រសាសន៍ថា៖«យើងប្រហែលជាអាចកែប្រែបញ្ហានេះបាន»។ លោក ទៀក សេង នាយក WWF ប្រចាំតំបន់ បានហៅវាថាជា «ព័ត៌មានដ៏អស្ចារ្យ» ប៉ុន្តែលោកបានបន្ថែមថា វាមិនមែនជារឿងដ៏រីករាយឡើយ។ «ការគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ពួកវា ជាអ្វីដែលយើងចាំបាច់ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីការពារទាំងសត្វផ្សោត និងទន្លេ និងសហគមន៍ដែលរស់នៅក្បែរនោះផងដែរ»។
ផ្កាយអេកូទេសចរណ៍
ភាពល្បីល្បាញនៅមានកម្រិតតិចជាងសត្វផ្សោតសមុទ្រនៅឡើយ ដែលសត្វផ្សោតទឹកសាប គឺជាប្រភេទសត្វផ្សោតដែលជិតផុតពូជនៅលើផែនដី។ ក្នុងឆ្នាំ ២០០៧ ត្រីផ្សោតទន្លេមេគង្គ បានក្លាយជាថនិកសត្វដំបូងគេ ដែលជិតផុតពូជក្នុងរយៈពេលជាង ៥០ ឆ្នាំ ហើយជាប្រភេទសត្វត្រូពិចដំបូងគេ ដែលត្រូវបានបំផ្លាញដោយសកម្មភាពរបស់មនុស្ស នេះបើយោងតាមការសិក្សាមួយ។
សត្វផ្សោតអ៊ីរ៉ាវ៉ាឌី (Irawaddy) មានព្រនង់ពោះរបស់វា ស្រដៀងនឹងព្រនង់ពោះត្រីបាឡែនតូចៗ រស់នៅក្នុងតំបន់ទឹកភ្លាវ និងជិតមាត់ឆ្នេរនៅក្នុងតំបន់អាស៊ីខាងត្បូង។ ក៏ប៉ុន្តែចំនួនសត្វផ្សោតតូចៗចំនួន ៣ប្រភេទ ត្រូវបានចាប់កំណើតឡើងនៅតាមទន្លេចំនួនបី រួមមានទន្លេ Mahakam នៅឥណ្ឌូណេស៊ី ទន្លេ Ayeyarwady or Ayeyawady នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងទន្លេមេគង្គដែលមានប្រភពដើមចេញតំបន់ខ្ពង់រាបទីបេ និងរត់ឆ្លងកាត់ប្រទេសក្នុងតំបន់អាស៊ីចំនួន ៦ មុនពេលចាក់ចូលទៅក្នុងសមុទ្រចិនខាងត្បូង។
ចំនួនសត្វផ្សោតទន្លេមេគង្គ ត្រូវបានគេជឿថា មានចំនួនច្រើនជាងគេក្នុងបីកន្លែង ដែលនៅភាគខាងជើងប្រទេសកម្ពុជា។ វាជាតំបន់មួយដែលប្រជាជនកម្ពុជាភាគច្រើន ធ្លាប់ដាក់សម្ពាធនៅក្នុងការធ្វើការនេសាទយ៉ាងខ្លាំងចំពោះពួកវា អស់ជាច្រើនទសវត្សមកហើយ។ បញ្ហាដ៏ធំបំផុតសម្រាប់ត្រីផ្សោត គឺការបង្កដោយសារមង ដែលធ្វើឲ្យពួកវាបាត់បង់ជីវិតច្រើន។
ក្នុងឆ្នាំ ២០១២ រដ្ឋាភិបាលកម្ពុជា បានប្រកាសថា ក្នុងតំបន់អភិរក្សទាំងមូលដែលជាជម្រកសត្វផ្សោត គ្រប់ការនេសាទទាំងអស់ត្រូវបានហាមឃាត់។ សព្វថ្ងៃនេះ ច្បាប់នេះ ត្រូវបានអនុវត្តដោយកងឆ្មាំទន្លេចំនួន ៣២នាក់ ហើយមន្ត្រីនិយាយថា អត្រាមរណៈរបស់សត្វផ្សោត បានធ្លាក់ចុះខ្លាំង។ លោក អ៊ាម សំអ៊ន់ អ្នកគ្រប់គ្រងផ្នែកជីវចម្រុះ និងតាមដាន នៃអង្គការ WWF មានប្រសាសន៍ថា៖ «វាគ្មានអ្វីសង្ស័យទេ ដោយសារតែកិច្ចប្រឹងប្រែងអភិរក្ស បានបង្ហាញឲ្យឃើញតាមរយៈចំនួនត្រីផ្សោតបានកើនឡើង»។
ក្រុមអ្នកអភិរក្សបាននិយាយថា ការចូលរួមកាន់តែច្រើនពីសហគមន៍មូលដ្ឋាន ក៏បានរួមចំណែកក្នុងការជួយផងដែរ។ មានការកោតសរសើរ ទាំងនៅក្នុងប្រទេសកម្ពុជា និងឡាវ ដែលប្រជាជនជាច្រើនជឿថា សត្វផ្សោតនេះ គឺបានជាការចាប់ជាតិយោងកំណើតឡើងវិញរបស់ដូនតាពួកគេដូច្នេះ ត្រីផ្សោត អ៊ីរ៉ាវ៉ាឌី ក៏បានក្លាយជាចំណុចផ្តោតនៃវិស័យអេកូទេសចរណ៍ ដែលកំពុងរីកចម្រើននៅក្នុងប្រទេសកម្ពុជា ដែលបានជួយគាំទ្រដល់ការងារអភិរក្ស។
លោក ហ្សេប ហូហ្គេន Zeb Hogan អ្នកជីវសាស្ដ្រ ត្រីមកពីសាកលវិទ្យាល័យ Nevada ក្នុងទីក្រុង Reno ដែលជាអ្នកដឹកនាំគម្រោងស្រាវជ្រាវមួយដែលឧបត្ថម្ភថវិកាដោយទីភា្នក់ងារអាមេរិក USAID ដែលមានឈ្មោះថា Wonders of the Mekong បានមានប្រសាសន៍ថា៖«ការយកចិត្តទុកដាក់ចំពោះសត្វផ្សោត ក៏មានផលប្រយោជន៍ជាវិជ្ជមាន សម្រាប់សត្វព្រៃដទៃទៀតនៅក្នុងតំបន់មេគង្គ ដែលមានបញ្ហាបរិស្ថានផងដែរ។ លោកបាននិយាយថា "ត្រីផ្សោត គឺជាប្រភេទសត្វដែលល្បីល្បាញ ហើយវាត្រូវបានគេស្គាល់យ៉ាងច្បាស់នៅក្នុងតំបន់នេះ ដែលអាចមើលឃើញយ៉ាងច្បាស់ និងទាក់ទាញការចាប់អារម្មណ៍ និងមានការជួយឧបត្ថម្ភដល់ការអភិរក្សទាំងក្នុងជាតិ និងអន្ដរជាតិ» ។ «ការការពារសត្វផ្សោត ក៏ជួយការពារជម្រកប្រភេទសត្វព្រៃដទៃទៀតនៅក្នុងតំបន់ រួមទាំងសត្វអណ្តើកដែលរងគ្រោះជិតផុតពូជ និងប្រភេទត្រីដែលមានខ្លួនធំៗផងដែរ» ។
សៀវភៅគំរូសត្វផ្សោត
លោកស្រី លីនសាយ ផតធើរ Lindsay Porter អ្នកជំនាញសត្វផ្សោតដែលបានធ្វើដំណើរមកប្រទេសកម្ពុជា និងធ្វើការជាមួយអង្គភាពស្រាវជ្រាវសត្វសមុទ្រ មានមូលដ្ឋាននៅទីក្រុងហុងកុង ដែលភ្ជាប់ទៅនឹងសាកលវិទ្យាល័យអង់គ្លេស នៃសាកលវិទ្យាល័យអង់គ្លេសបាននិយាយថា អ្នកស្រាវជ្រាវនៅតែមានការសិក្សាច្រើនអំពីឥរិយាបថនិងប្រព័ន្ធអេកូឡូស៊ីនៃសត្វផ្សោត អ៊ីរ៉ាវ៉ាឌី (Irrawaddy)។
«យើងពិតជាមិនដឹងទេថា ហេតុអ្វីបានជាសត្វផ្សោតប្រមូលផ្តុំគ្នានៅក្នុងអាងទឹកទាំងនេះ ដែលកន្លែងខ្លះអាចមានជម្រៅដល់ទៅ ៤៥.៧ម៉ែត្រ»។ វាអាចរស់នៅទីនោះបាន ដោយសារតែកន្លែងនោះមានចំណីអាហារ ឬប្រហែលជាដោយសារតែមានការរំខានតិចតួច»។
ក្រុមអ្នកស្រាវជ្រាវកំពុងព្យាយាមតាមដានគ្រប់សត្វផ្សោតទាំងអស់នោះ ដែលវាមិនមែនជាកិច្ចការងាយស្រួលនោះឡើយ។ មធ្យោបាយតែមួយគត់ ដើម្បីបំបែកភាពខុសគ្នារវាងសត្វផ្សោតនីមួយៗ គឺការកំណត់ដោយព្រុយណូតូចៗរបស់ពួកវា ដែលមានរាងខុសៗគ្នាបន្តិចប៉ុណ្ណោះ។ ការពិត សត្វផ្សោតទាំងនោះ បានបង្ហាញខ្លួននៅលើផ្ទៃទឹក ងក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ ហើយមិនបានបង្ហាញខ្លួនទាំងមូលរបស់ពួកគេចេញពីផ្ទៃទឹកឡើយ ដែលធ្វើឱ្យពួកគេពិបាកផ្តិតយករូបសម្រាប់កំណត់អត្តសញ្ញាណ។
អ្នកស្រី ផតធើរ ជាអ្នកដែលចូលរួមក្នុងគម្រោងដើម្បីធ្វើឱ្យទាន់សម័យនូវសៀវភៅគំរូលម្អិតនៃផ្សោតនីមួយៗ មានប្រសាសន៍ថា៖ «វាមានន័យថា អ្នកត្រូវចំណាយពេលជាច្រើនម៉ោងនៅលើផ្ទៃទឹក»។ អ្នកស្រី ផតធើរ និងអ្នកស្រាវជ្រាវដទៃទៀត ក៏មានគម្រោងសិក្សាអំពីកាសម្លេងហួចដ៏ស្មុគស្មាញរបស់សត្វផ្សោត ដោយប្រើបច្ចេកវិជ្ជាទំនើបផងដែរ។
លោក ទៀក នាយកអង្គការ WWF មានសុទិដ្ឋិនិយមអំពីអនាគតរបស់សត្វផ្សោតនេះ។ គាត់និយាយថា សត្វផ្សោត អ៊ីរ៉ាវ៉ាឌី គឺជាទ្រព្យសម្បត្តិជាតិដែលមានជីវិត របស់ប្រទេសកម្ពុជា និងសូចនាករសំខាន់ៗអំពីសុខភាពរបស់ទន្លេមេគង្គផងដែរ។ ការស្ទុះងើបឡើងវិញរបស់ពួកគេ គឺជាសញ្ញាមួយនៃសេចក្តីសង្ឃឹមដល់ទន្លេ និងប្រជាជនរាប់លាននាក់ដែលពឹងផ្អែកលើទន្លេ។ បន្ទាប់ពីធ្វើការជាច្រើនឆ្នាំ យើងមានហេតុផលជឿជាក់ថា ត្រីផ្សោតទាំងនេះ អាចនឹងត្រូវបានការពារមិនឲ្យផុតពូជឡើយ»។