ជាតិ
នយោបាយជាតិ
មហាអំណាចចិន ប្រកាសចេញមុខជួយកម្ពុជាលើគ្រប់បញ្ហា ជំនួបរវាងសម្តេច ហ៊ុន សែន និង លោក វ៉ាង ហ៊ូនីង នៅទីក្រុងប៉េកាំង នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩
× មិនថាមានបញ្ហាអ្វីនោះទេ ចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២លើពិភពលោក នឹងចេញមុខជួយដោះស្រាយកម្ពុជា។ លោក វ៉ាង ហ៊ូនីង សមាជិកគណៈអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ និងជាលេខាធិការនៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិន បាននិយាយបែបនេះ នៅចំពោះមុខសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក វ៉ាង ហ៊ូនីង ដែលគេចាត់ទុកថាជាមេដឹកនាំមានអំណាចលំដាប់ទី៥របស់ចិន បានបង្ហាញជំហរយ៉ាងមុតមាំរបស់រដ្ឋាភិបាលចិន ក្នុងការជួយដោះស្រាយគ្រប់បញ្ហារបស់កម្ពុជា ដោយក្នុងនោះ រួមទាំង ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលសហភាពអឺរ៉ុបគ្រោងនឹងព្យួរផងដែរ។
លោក វ៉ាង ហ៊ូនីង បានប្រាប់ទៅសម្តេចនាយករដ្ឋមន្ត្រីថា កម្ពុជា-ចិន គឺជាមិត្តដែកថែប ដូច្នេះ «បើកម្ពុជាជួបបញ្ហាអ្វី ចិននឹងជួយដល់កម្ពុជា»។ ទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រី បានសរសេរពីសម្តីរបស់លោក វ៉ាង ហ៊ូនីង យ៉ាងដូច្នេះថា «ភាគីចិន បានសិក្សាពីផលប៉ះពាល់នៃការដក EBA របស់សហភាពអឺរ៉ុបពីកម្ពុជា តែមិនមានការប៉ះពាល់ធ្ងន់ធ្ងរទេ ហើយចិននឹងរិះរកវិធីផ្សេងៗជួយដល់កម្ពុជា»។
មេដឹកនាំទាំង២ បានជួបគ្នា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។ ជំនួបដាច់ដោយឡែកនេះ គឺកើតឡើង ក្នុងឱកាសដែលប្រមុខរដ្ឋាភិបាលកម្ពុជា បានដឹកនាំគណៈប្រតិភូ ទៅចូលរួមក្នុងវេទិកា «ខ្សែក្រវាត់ និងផ្លូវលើកទី២របស់ចិន» ក្នុងទីក្រុងប៉េកាំង។
ក្នុងជំនួបនោះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យចិនបើកទីផ្សារថែមទៀត ដើម្បីឲ្យផលិតផល និងកសិផលកម្ពុជា អាចនាំចេញទៅកាន់ចិនកាន់តែច្រើន។ ប្រមខុរដ្ឋាភិបាល បញ្ជាក់ថា បច្ចុប្បន្ន រោងចក្រចិននៅកម្ពុជា មានជាង៧០០ ក្នុងចំណោមរោងចក្រជាង១ពាន់ ហើយការដែលក្រុមហ៊ុនចិនបន្តធ្វើពាណិជ្ជកម្មនៅកម្ពុជានេះមានសារៈសំខាន់ណាស់សម្រាប់ជាប្រយោជន៍ដល់ប្រទេសទាំង២ ហើយការដែលធ្វើឱ្យក្រុមហ៊ុនចិននៅកម្ពុជា និងក្រុមហ៊ុនថ្មីទៅរកស៊ីនៅកម្ពុជា គឺស្របទៅតាមទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងកម្ពុជា និងចិន។
ក្រៅពីជួបលោក វ៉ាង ហ៊ូនីង មេដឹកនាំកម្ពុជា នឹងបន្តជួបមេដឹកនាំកំពូលរបស់ចិនពីររូបទៀត គឺលោកប្រធានាធិបតី ស៊ី ជិនភីង និង លោកនាយករដ្ឋមន្ត្រី លី ខឹឈាង។
សូមបញ្ជាក់ ចិន បានប្រកាសទិញអង្ករ៤០ម៉ឺនតោនពីកម្ពុជា ក្នុងឆ្នាំ២០១៩៕
© រក្សាសិទ្ធិដោយ thmeythmey.com