កីឡាជាតិ
ជាតិ
ប្រធាន​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​រំពឹង​ទាក់ទាញ​អ្នកគាំទ្រ​៥​ពាន់​នាក់ ពេល​ប៉ះ​វិសាខា​នៅ​រសៀល​នេះ​
28, Apr 2019 , 11:59 am        
រូបភាព
ដោយ:
​ប្រធាន​ក្លិប​អង្គ​រថា​យ​ហ្គឺ​រលោក Akihiro Kato រំពឹង​អាច​ទាក់ទាញ​អ្នកគាំទ្រ​៥​ពាន់​នាក់ ពេល​បើកទ្វារ​កីឡដ្ឋាន​ខេត្តសៀមរាប​ស្វាគមន៍​ជើង​ខ្លាំង​វិសាខា សម្រាប់​ជំនួប​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​រសៀល​ថ្ងៃទី​២៨ ខែមេសា​នេះ​។ ក្រៅពី​ជំនួប​ដ៏​ជក់ចិត្ត​នេះ ក៏មាន​ការប្រកួត​៣​គូ​ទៀត​ផងដែរ ក្នុងនោះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប៉ះ​សូល​ទី​ឡូ​អង្គរ នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ខណៈ​គីរីវង់​សុខ​សែន​ជ័យ​ស្វាគមន៍​ណាហ្គា​វើ​ល ក្រោយ​ភ្នំពេញ​ក្រោ​ន​ជួប​អាស៊ី​អឺរ៉ុប​។

 
​អង្គ​រថា​យ​ហ្គឺ​រ Vs វិសាខា​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប វេលា​ម៉ោង​៣:៣០​នាទី​
 
​ក្រៅពី​លត់​កំពង់ចាម ១១-០ អង្គ​រថា​យ​ហ្គឺ​រ​ទទួលបាន​លទ្ធផល​ល្អ​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ស្មើ ១-១ ជាមួយ​ក្រសួងការពារជាតិ និង​បឹងកេត មុន​បន្ត​យកឈ្នះ​ក្រុម​ពោរពេញ​ដោយ​យុវជន​ជម្រើសជាតិ U18 បាទី ៦-០​។ អង្គ​រថា​យ​ហ្គឺ​រ​រំពឹង​ប្រើ​ភាព​មានប្រៀប​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៅថ្ងៃនេះ យកឈ្នះ​ជើង​ខ្លាំង​វិសាខា ដើម្បី​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់​។ 
 
​តែ​យ៉ាងណា វា​មិន​ងាយស្រួល​ក្នុងការ​យកឈ្នះ​សម្រាប់​អង្គ​រថា​យ​ហ្គឺ​រ​នោះឡើយ ព្រោះ​៤​ប្រកួត​កន្លងមក​រប​ស់​វិសាខា ក្រុម​នេះ​មិនទាន់​ស្គាល់​ពាក្យ​ចាញ់​ដូចគ្នា​។ ក្រោយ​ស្មើ ០-០ ជាមួយ​សូល​ទី​ឡូ​អង្គរ​ក្នុងជំនួប​បើកឆាក វិ​សាលា​ទទួលបាន​លទ្ធផល​ល្អជា​បន្តបន្ទាប់ តាមរយៈ​យកឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ២-០ ឈ្នះ​ភ្នំពេញ​ក្រោ​ន ៣-១ និង​ឈ្នះ​អគ្គិសនី​កម្ពុជា ៤-០​។ បច្ចុប្បន្ន​វិសាខា​ស្ថិតនៅ​លេខ​៤​មាន​១០​ពិន្ទុ ខណៈ​អង្គ​រថា​យ​ហ្គឺ​រ​ស្ថិតនៅ​លេខ​៦​មាន​៨​ពិន្ទុ​។ 
 
​ប្រធាន​ក្លិប​អង្គ​រថា​យ​ហ្គឺ​រលោក Akihiro Kato ជំនួប​នេះ​អាច​ទាក់ទាញ​អ្នកទស្សនា​៥​ពាន់​នាក់ ដើម្បី​បំបែក​កំណត់ត្រា​ក្នុងនាម​ជា​ក្រុម​មាន​អ្នកទស្សនា​ការប្រកួត​ច្រើនជាងគេ​។ កាលពីពេល​ថ្មីៗ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ បាន​បង្កើត​ក្រុម​អ្នកគាំទ្រ​ផ្ទាល់ខ្លួន​មាន​ឈ្មោះថា​«Tiger Army» បន្ទាប់ពី​ក្លិប​នេះ​បាន​ជាប់​ជា​ក្លិប​មាន​អ្នកទស្សនា​ការប្រកួត​ច្រើនជាងគេ​នៅ​ឆ្នាំ​២០១៨​។ 
 
​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ Vs សូល​ទី​ឡូ​អង្គរ នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា វេ​ល​ម៉ោង​៣:៣០​នាទី​
 
​ក្រោយ​យកឈ្នះ​អាស៊ី​អឺរ៉ុប ៣-២ បន្ទាប់ពី​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង ២-០ ក្នុងជំនួប​បើកឆាក ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្រោម​ការដឹកនាំ​របស់លោក ប្រាក់ សុវណ្ណារ៉ា បាន​រង​បរាជ័យ​ជា​បន្តបន្ទាប់​ដោយ​ចាញ់​ណាហ្គា​វើ​ល ៦-០ និង​ចាញ់​ក្រសួងការពារជាតិ ៤-២​។ ក្រុម​ស្ថិតនៅ​លេខ​រៀង​ទី​១១​មាន​៣​ពិន្ទុ​មួយ​នេះ រំពឹង​យកឈ្នះ​ដើម្បី​ស្តារ​មុខមាត់ ខណៈ​សូល​ទី​ឡូ​អង្គរ ក៏​រំពឹង​ស្គាល់​ជ័យជម្នះ​ជា​លើកដំបូង​ដូចគ្នា​។ បច្ចុប្បន្ន​សូល​ទី​ឡូ​អង្គរ​ស្ថិតនៅ​បាត​តារាង​មាន​១​ពិន្ទុ ដែល​មកពី​ការ​ស្មើ ០-០ ជាមួយ​វិសាខា​។​
 
​គីរីវង់​សុខ​សែន​ជ័យ Vs ណាហ្គា​វើ​ល​នៅ​កីឡដ្ឋាន​គីរីវង់ វេលា​ម៉ោង​៣:៣០​នាទី​
 
​ក្រោយ​យកឈ្នះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ៤-១ ក្នុងជំនួប​បើកឆាក​លី​គ​កំពូល ក្រុម​គីរីវង់​សុខ​សែន​ជ័យ​បាន​រង​ការខកចិត្ត​ជា​បន្តបន្ទាប់​ដោយ​ចាញ់​វិសាខា និង​ព្រះខ័ន​រាជ​ស្វាយរៀង​ក្នុង​លទ្ធផល ២-០ ដូចគ្នា និង​ចាញ់​អាស៊ី​អឺរ៉ុប ២-១ កាលពី​សប្តាហ៍​មុន​។ ទោះបី​មិន​ហ៊ាន​រំពឹង​រហូត​ឈានដល់​យកឈ្នះ តែ​គីរីវង់ រំពឹង​មិន​របូត​គ្រាប់​បាល់​ច្រើន​ពេល​ប៉ះ​ណាហ្គា​វើ​ល​នៅថ្ងៃនេះ​។ បច្ចុប្បន្ន​ណាហ្គា​វើ​ល​ស្ថិតនៅ​លេខ​រៀង​ទី​៥​មាន​៩​ពិន្ទុ ក្រោយ​ឈ្នះ​៣ និង​ចាញ់​១ ក្នុងនោះ​យកឈ្នះ​អាស៊ី​អឺរ៉ុប និង​សូល​ទី​ឡូ​អង្គរ ១-០ និង​ឈ្ន​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៦-០ និង​ចាញ់​ក្រសួងការពារជាតិ ៤-២​។ 
 
​ភ្នំពេញ​ក្រោ​ន Vs អាស៊ី​អឺរ៉ុប​នៅ​កីឡដ្ឋាន Smart RSN វេលា​ម៉ោង​៦​ល្ងាច​
 
​ភ្នំពេញ​ក្រោ​ន​ក្រោម​ការដឹកនាំ​របស់លោក Leonardo Vitorino ក្នុង​រដូវ​កាល​ថ្មី​នេះ ហាក់​ទទួលលទ្ធផល​មិន​គាប់ប្រសើរ​នោះឡើយ ពោលគឺ​ក្រោយ​យកឈ្នះ​យុវជន U18 បាទី ២-០ បន្ទាប់ពី​ចាញ់​បឹងកេត​ក្នុងជំនួប​បើកឆាក ៣-២ ក្រុម​នេះ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ខក​ចិត្តជា​បន្តបន្ទាប់​។ សម្រាប់​ការបើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន​ស្វាគមន៍​វិសាខា​ក្នុង​សប្តាហ៍​ទី​៣ ភ្នំពេញ​ក្រោ​ន​បាន​រង​ការខកចិត្ត​ជាមួយ​លទ្ធ​ផល ៣-១ ហើយ​បាន​បន្ត​ចាញ់​យ៉ាង​ជូរចត់​ក្នុង​លទ្ធផល ៥-១ ក្រោម​ថ្វី​ជើងព្រះ​ខ័ន​រាជ​ស្វាយរៀង​។ 
 
​ចំណែក​អាស៊ី​អឺរ៉ុប​ក្រោយ​ចាញ់​ជា​បន្តបន្ទាប់​ក្រោម​ថ្វី​ជើង​ណាហ្គា​វើ​ល ១-០ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៣-២ ក្រុម​នេះ​បាន​ស្តារ​មុខមាត់​ឡើងវិញ​តាមរយៈ​យកឈ្នះ​គូប្រកួត​ពីរ​ប្រកួត​ចុងក្រោយ ដោយ​ឈ្នះ​សូល​ទី​ឡូ​អង្គរ និង​គីរីវង់​សុខ​សែន​ជ័យ​ក្នុង​លទ្ធផល ២-១ ដូចគ្នា​។ បច្ចុប្បន្ននេះ​ស្ថិតនៅ​លេខ​រៀង​ទី​៧​មាន​៦​ពិន្ទុ ខណៈ​ភ្នំពេញ​ក្រោ​ន​ស្ថិតនៅ​លេខ​រៀង​ទី​១០​មាន​៣​ពិន្ទុ​។ 
 
​សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ទី​២៧ ខែមេសា ឆ្នាំ​២០១៩ ក្រុម​បឹងកេត​បានធ្វើ​ឲ្យ​ក្រសួងការពារជាតិ​ស្គាល់​បរាជ័យ​ជា​លើកដំបូង បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ក្នុង​លទ្ធផល ២-០​។ ចំណែក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​យកឈ្នះ​អគ្គិសនី​កម្ពុជា ១-០ ដើម្បី​បន្ត​ក្តោ​ម​ក្តាប់​កំពូល​តារាង និង​រក្សា​កំណត់ត្រា​ឈ្នះ​។ ដោយឡែក ក្រុមយុវជន U18 បាទី​ទទួលបាន​ជ័យជម្នះ​ជា​លើកដំបូង ក្រោយ​យកឈ្នះ​ក្រុម​កំពង់ចាម​ក្នុង​លទ្ធផល ៣-០៕    
 

Tag:
 Cambodian League 2019
  វិសាខា​
  អង្គ​រថា​យ​ហ្គឺ​រ​
© រក្សាសិទ្ធិដោយ thmeythmey.com