កីឡាជាតិ
ជាតិ
ថ្នាក់ដឹកនាំ​សហព័ន្ធ រំពឹង​កង់​ភ្នំ​ទទួលបាន​លទ្ធផល​ល្អ​នៅ​ស៊ី​ហ្គេម​ឆ្នាំនេះ​
28, Apr 2019 , 7:59 pm        
រូបភាព
ដោយ:
​ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ Cambodia MTB Series ប្រចាំឆ្នាំ​២០១៩ នឹង​ចាប់ផ្តើម​ប្រកួត​នៅ​ដើមខែ​ឧសភា ខាងមុខ​។ មិន​ខុសគ្នា​ពី​ឆ្នាំមុន​ឡើយ ការប្រកួត​ឆ្នាំនេះ​ធ្វើឡើង​៥​ដំណាក់កាល និង​៥​ទីតាំង​ដូចគ្នា​។ ព្រឹត្តិការណ៍​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ទាក់ទាញ និង​ផ្សព្វផ្សាយ​ពី​វិស័យ​កីឡា​ប្រណាំង​កង់​ភ្នំ ក៏ដូចជា​ជួយ​ពង្រឹង និង​អភិវឌ្ឍ​សមត្ថភាព​កីឡាករ សម្រាប់​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំនេះ​។ កម្ពុជា​រំពឹងថា នឹង​ទទួលបាន​លទ្ធផល​ល្អ សម្រាប់​ការចូលរួម​លើក​នេះ​។​

 
​ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ Cambodia MTB Series ប្រចាំឆ្នាំ​២០១៩ នឹង​ក្លាយជា​ចលករ​រួមចំណែក​ក្នុង​ការជួយ​ពង្រឹង ក៏​ដូច​អភិវឌ្ឍ​សមត្ថភាព​កីឡាករ​កម្ពុជា ដើម្បី​ត្រៀម​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ ASEAN Games លើក​ទី​៣០​នៅ​ហ្វីលីពីន​នៅ​ចុងឆ្នាំ​២០១៩​នេះ​។ នេះ​ជាការ​បង្ហាញ​ការជឿជាក់​របស់លោក​ឧក​ញ៉ា វង្ស ខាន់​ពៅ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​។ ហើយ​លោក​សង្ឃឹមថា កីឡាករ​កង់​ភ្នំ​កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ល្អ​ពី​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​។ 
 
 
«​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​នឹង​បញ្ជូន​កីឡាករ​កង់​ភ្នំ​ពីររូប ដើម្បី​ចូលរួម​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំនេះ​។ មុន​ការប្រកួត​មកដល់​យើង​នឹង​ឲ្យ​កីឡាករ​ទាំងពីរ​ទៅ​បោះជំរុំ​ហ្វឹកហាត់​ជាមួយ​អ្នកជំនាញ​របស់​យើង​នៅ​ភ្នំ​គីរីរម្យ ហើយ​យើង​ក៏មាន​គម្រោង​បញ្ជូន​កីឡាករ​យើង​ទៅ​ប្រកួត​នៅក្រៅ​ប្រទេស ដើម្បី​វាស់​ស្ទង់​សមត្ថភាព​មុន​ការប្រកួត​ផងដែរ​។ យើង​រំពឹងថា កីឡាករ​ទាំងពីរ​នឹង​ទទួលបាន​លទ្ធផល​ល្អ​នៅ​ស៊ី​ហ្គេម​ឆ្នាំនេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ឧកញ៉ា វង្ស ខាន់​ពៅ​។ 
 
​ជាមួយគ្នានេះ លោក Pierre Yves Catry អគ្គលេខាធិការរង​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បាន​និយាយថា លោក​សង្ឃឹម​ខ្ពស់​លើ​វិញ្ញាសា​កង់​ភ្នំ​ជាង​វិញ្ញាសា​កង់​គួ​ក​ក្នុង​ការដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំនេះ​។ លោក Pierre ដែល​ដឹកនាំ​កីឡាករ​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​នៅក្រៅ​ប្រទេស​កន្លងមក​ស​ង្កេ​ត​ឃើញថា កីឡាករ​កង់​ភ្នំ​កម្ពុជា​បច្ចុប្បន្ន​មាន​សមត្ថភាព​រីកចម្រើន​ប្រហាក់ប្រហែល​ជាមួយ​កីឡាករ​ក្នុង​តំបន់ ដែល​អាច​ឈានទៅ​ដណ្តើម​មេដាយ​ស៊ី​ហ្គេម​នៅ​ឆ្នាំនេះ​។ 
 
​អ្នកជំនាញ​រូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​វិស័យ​កីឡា​កង់​ភ្នំ​របស់​យើង​បាន​កើតឡើង​ប្រមាណ​១០​ឆ្នាំ​ហើយ ហើយ​ខ្ញុំ​សង្កេតឃើញថា​មានការ​រីកចម្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ជាក់ស្តែង​ពេល​ខ្ញុំ​ដឹកនាំ​កីឡាករ​ទៅ​ប្រកួត​នៅក្រៅ​ប្រទេស គឺ​កីឡាករ​កម្ពុជា​យើង​មាន​សមត្ថភាព​ប្រហាក់ប្រហែល​កីឡាករ​ក្នុង​តំបន់ ទោះបី​ពួកគេ​មិនទាន់​អាច​ដណ្តើមបាន​មេដាយ​ក៏ដោយ​។ ស៊ី​ហ្គេម​ពីរលើក​កន្លងមក​គ្មាន​វិញ្ញាសា​កង់​ភ្នំ​នោះទេ ដូច្នេះ​ខ្ញុំ​នឹង​ខិតខំ​ព្យាយាម​ធ្វើយ៉ាងណា​ជួយ​កីឡាករ​កម្ពុជា​មានឱកាស​ដណ្តើម​មេដាយ​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំនេះ​»​។ 
 
 
​កីឡាករ​ទាំង​ពីររូប​ដែល​សហព័ន្ធ​គ្រោង​បញ្ជូន​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​មិនទាន់​ត្រូវបាន​បង្ហាញ​ឈ្មោះ​នៅឡើយ​ទេ គ្រាន់​បញ្ជាក់ថា ពួកគេ​ទាំងពីរ​ជា​កីឡាករ​មាន​សមត្ថភាព​ខ្ពស់ ដែល​ជ្រើសរើស​ចេញពី​ការប្រកួតប្រណាំង​កង់​ភ្នំ និង​ឆ្លងកាត់​ការធ្វើ​តេស្ត​សមត្ថភាព​ពី​អ្នកជំនាញ​កាលពីពេល​កន្លងមក​។ ហើយ​ពួកគេ​ទាំងពីរ ក៏​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ​នៅ​ឆ្នាំនេះ​ផងដែរ​។  
 
​កត្តា​ដែល​ធ្វើ​ឲ្យ​អគ្គលេខាធិការ​ខាងលើ​មាន​ក្តី​រំពឹង​ខ្ពស់ គឺ​ដោយសារតែ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ​ឆ្នាំនេះ នឹង​ប្រព្រឹត្តទៅ​ចន្លោះ​ពី​ខែឧសភា​ដល់​ខែធ្នូ ឆ្នាំ​២០១៩ ពោលគឺ​ដំណើរការ​រហូតដល់​ថ្ងៃ​ចេញដំណើរ​ទៅ​ប្រកួត​នៅ​ប្រទេស​ហ្វីលីពីន​តែម្តង​។ កត្តា​នេះ ជាហេតុ​នាំ​ឲ្យ​កីឡាករ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ពង្រឹងសមត្ថភាព ដើម្បី​ត្រៀម​ការប្រកួត​មួយ​។      
 
​ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ Cambodia MTB Series ធ្វើ​ឡើងជា​៥​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១​ធ្វើ​នៅ​ព្រែកលៀប​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៩ មុន​បន្ត​រៀបចំ​ដំណាក់កាល​ទី​២​នៅ​ខេត្ត​កែប​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨​។ រីឯ​ដំណាក់កាល​ទី​៣​ធ្វើ​នៅ​ភ្នំ​ជាល​ខេត្តកំពង់ស្ពឺ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩ ខណៈ​ដំណាក់កាល​ទី​៤​ធ្វើ​នៅ​ភ្នំ​ប្រសិទ្ធិ៍​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ និង​ដំណាក់កាល​ទី​៥​ធ្វើ​នៅលើ​ភ្នំ​គីរីរម្យ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩​។​
 
​សម្រាប់​លោក Pierre Yves Catry ការផ្លាស់ប្តូរ​ទីតាំង​ប្រកួត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ គឺ​ដោយសារ​ចង់​ឲ្យ​កីឡាករ​ទទួលបាន​បទ​ពិសោធ​ថ្មីៗ​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​។ អ្នកជំនាញ​រូបនេះ ជឿជាក់ថា បើ​ហ្វឹកហាត់​ឬ​ប្រកួត​តែមួយ​កន្លែង គឺ​សមត្ថភាព​កីឡាករ​គ្មាន​ការរីកចម្រើន​នោះទេ​។ កត្តា​នេះហើយ ដែល​ជំរុញ​ឲ្យ​សហព័ន្ធ​រៀប​ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ Cambodia MTB Series ជា​៥​ដំណាក់កាល​។ ហើយ​ដំណាក់កាល​នីមួយៗ​មាន​ស្ថានភាព​ផ្លូវខុសៗ​គ្នា​៕  
 
 
 
  

Tag:
 ប្រណាំង​កង់​
  ទោចក្រយាន​
  វង្ស ខាន់​ពៅ​
© រក្សាសិទ្ធិដោយ thmeythmey.com