កីឡាអន្តរជាតិ
អន្តរជាតិ
Premier League ចំណាយ​លើ​ប្រាក់​ឈ្នួល​កីឡាករ ៣,៧៤​ពាន់​លាន​ដុល្លារ នៅ​រដូវ​កាល​មុន
28, Apr 2019 , 9:19 pm        
រូបភាព
​ក្លិប​នៅ Premier League បាន​ចំណាយ​ប្រាក់​ឈ្នួល​សម្រាប់​កីឡាករ​សរុប​ចំនួន ២,៩​ពាន់​លាន​ផោន (៣,៧៤​ពាន់​លាន​ដុល្លារ​អាមេរិក​) ក្នុង​រដូវ​កាល ២០១៧-១៨ ដែល​កើន​១៥​ភាគរយ បើ​ធៀប​នឹង​រដូវ​កាល​មុន​មួយទៀត​។ នេះ​បើ​យោងតាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ Deloitte នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩​។​

 
​របាយការណ៍​របស់​ក្រុមហ៊ុន Deloitte ដែលមាន​មូលដ្ឋាន​នៅ​អង់គ្លេស (​ក្រុមហ៊ុន​ព្រឹក្សា​ពន្ធ និង​ហិរញ្ញវត្ថុ​) ផ្សាយ​ទៀតថា​ដោយសារ​តែមាន​ក្រុម​ពី​អង់គ្លេស​ដល់​ទៅ​៥ ឈានដល់​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​ពាន Champions League ទើប​ធ្វើ​ឲ្យ​លី​គ​កំពូល​អង់គ្លេស​រួមបញ្ចូល​គ្នា​នៃ​ក្លិប​ទាំង​២០ ទទួលបាន​ប្រាក់ចំណូល​ច្រើន​ជា​កំណត់ត្រា​រហូតដល់ ៦,១៩​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​រដូវ​កាល ២០១៧-១៨ ។​
 
​បើទោះជា​ប្រាក់ចំណូល​របស់​ក្លិប​កើនឡើង​ក្តី ប៉ុន្តែ​ដោយសារ​ការផ្ទេរ​កីឡាករ​មានតម្លៃ​ថ្លៃ​ផង​នោះ បានធ្វើ​ឲ្យ​ក្លិប​នានា​ត្រូវ​បង្កើន​ប្រាក់​ឈ្នួល​ដល់​កីឡាករ​របស់​ពួកគេ​ដូចគ្នា​។​
 
​លោក Tim Bridge នាយក​ផ្នែក​ពាណិជ្ជកម្ម​កីឡា​ប្រចាំ​ក្រុមហ៊ុន Deloitte និយាយថា​៖«​ការកើនឡើង​នៃ​ប្រាក់​ឈ្នួល​នេះ​បណ្តាលមកពី​ទីផ្សារ​ដោះដូរ​កីឡាករ​មមាញឹក​ពេក​នៅ​រដូវ​កាល ២០១៧-១៨​។ ក្នុងនោះ​មានការ​ផ្ទេរ​កីឡាករ​ជា​កំណត់ត្រា​ដល់​ទៅ​២​លើក​ដែល​គេ​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន​សរុប ២,៤៥​ពាន់​លាន​ដុល្លារ​អាមេរិក​»​។​
 
Deloitte វាយតម្លៃ​ទៀតថា ការចំណាយ​ប្រាក់​ឈ្នួល​ដល់​កីឡាករ​ក្នុង​លី​គ​បាល់ទាត់​អង់គ្លេស​ប្រមាណ ៣,៧៤​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​កើន​១៥%​នេះ មិន​ប៉ះពាល់​ដល់​ម្ចាស់​ក្លិប​នោះទេ ដ្បិត​ប្រាក់ចំណូល​សរុប​ក៏​កើនឡើង​ខ្ពស់បំផុត​ដូចគ្នា​។​
 
​ការវិភាគ​របស់ Deloitte បង្ហាញថា​ក្លិប​បាល់ទាត់​នៃ​ក្របខណ្ឌ Premier League អាច​រកប្រាក់​ចំណេញ​មុនពេល​កាត់​ពន្ធ​ដល់​ទៅ​៣​ដង​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយនេះ បើទោះជា​ប្រាក់ចំណូល​ពី​ការទិញ​សិទ្ធ​ផ្សាយ​មានការ​ធ្លាក់ចុះ​ក៏ដោយ​៕
 


Tag:
 បាល់ទាត់​
  Premier League
  ប្រាក់​ឈ្នួល​កីឡាករ​
© រក្សាសិទ្ធិដោយ thmeythmey.com