សៀមរាប៖ រមណីយដ្ឋានអង្គរ គ្របដណ្ដប់លើផ្ទៃដីចំនួន៤០១គីឡូម៉ែត្រក្រឡា ហើយក្នុងនោះតាមទិន្នន័យនៅឆ្នាំ២០១៣ ផ្ទៃដីព្រៃឈើមានប្រមាណ ១៤ភាគរយ។ ការងារគ្រប់គ្រងព្រៃឈើ ជាការងារដ៏សំខាន់មួយសម្រាប់អាជ្ញាធរជាតិអប្សរា ក្រៅពីការអភិរក្ស និងអភិវឌ្ឍន៍តំបន់បេតិកភណ្ឌមួយនេះ។ ដោយកំណើនប្រជាជន និងការរីកចម្រើននូវសេដ្ឋកិច្ចក្នុងតំបន់ ធ្វើឱ្យឧទ្យានអង្គរប្រឈមនឹងការទន្ទ្រានព្រៃ ដើម្បីកាន់កាប់ដោយបុគ្គលិកមួយចំនួន។ បច្ចុប្បន្ន ការទប់ស្កាត់ការទន្ទ្រានព្រៃ ជាបញ្ហាដ៏ស្មុគស្មាញមួយរបស់អាជ្ញាធរ ដើម្បីធ្វើយ៉ាងណាថែរក្សាគម្របព្រៃដែលនៅសេសសល់ និងរក្សាឱ្យបាននូវទេសភាពវប្បធម៌ក្នុងឧទ្យានមួយនេះ។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ
យោងតាមទិន្នន័យនៅឆ្នាំ២០១៣ របស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា គម្របព្រៃឈើក្នុងតំបន់រមណីយដ្ឋានអង្គរមានជាង ៥ពាន់ហិកតា គឺស្មើនឹង ១៤ភាគរយ នៃផ្ទៃដីសរុបចំនួន ៤០១គីឡូម៉ែត្រក្រឡា។ ទិន្នន័យនេះ អាចនឹងមានការប្រែប្រួលក្នុងចន្លោះឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន ដ្បិតមិនទាន់ស្រង់ទិន្នន័យសាជាថ្មី ហើយចន្លោះពេលនេះ ក៏មានការដាំកូនឈើឡើងវិញជាច្រើន លើចំនួនផ្ទៃដីដែលរងការទន្ទ្រាន។ ទាក់ទងនឹងព្រៃឈើនេះដែរ កន្លងមកអ្នកជំនាញបានលើកឡើងថា ព្រៃឈើមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ទៅនឹងប្រាសាទ ព្រោះបើគ្មានព្រៃឈើ ក៏គ្មានទឹកដែរ។ ទឹក ជាផ្នែកមួយដ៏សំខាន់ ជួយទ្រទ្រង់គ្រឹះប្រាសាទដែលសង់នៅតំបន់ដីល្បាយខ្សាច់។
លោក ស៊ិន ពិសី មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើបានឱ្យដឹងថា នៅពេលបច្ចុប្បន្នចំនួនព្រៃឈើក្នុងឧទ្យានអង្គរ នៅប្រើទិន្នន័យចាស់នៅឡើយ ព្រោះថាមិនទាន់មានការស្រង់ជាថ្មី។ លោកបន្ថែមថា ផ្ទៃដីព្រៃឈើជាង៥ពាន់ហិកតា ដែលស្មើនឹង១៤ភាគរយ កាលពីឆ្នាំ២០១៣នោះ ចំនួននេះអាចកើន ឬថយចុះ។ តែលោកបង្ហាញសុទិដ្ឋិនិយមខ្ពស់ថាអាចមានការកើនឡើង ដ្បិតជារៀងរាល់ឆ្នាំអាជ្ញាធរមានផែនការដាំកូនឈើឡើងវិញច្រើនម៉ឺនដើម។ យ៉ាងណាលោកថា ការស្រង់ទិន្នន័យព្រៃឈើក្នុងឧទ្យាន នឹងអាចធ្វើសាជាថ្មីនៅឆ្នាំ ២០២០ ដោយប្រើបច្ចេកទេសបង្ហោះយន្តហោះដ្រូន ដែលនេះជាបច្ចេកទេសទំនើបខុសពីការវាស់វែងដោយដៃកាលពីពេលមុនៗ។
បរិមាណព្រៃឈើចំនួន ១៤ភាគរយ គឺរាប់ទាំងព្រៃនៅក្នុង និងក្រៅប្រាសាទ ហើយតំបន់ដែលត្រូវការពារខ្លាំងនោះ គឺតំបន់នៅកៀកប្រជាជន ព្រោះថារងការទន្ទ្រានខ្លាំងក្លា។ ចំណុចនេះ លោក ពិសី ពន្យល់ថា តំបន់នៅកៀកភូមិរបស់ប្រជាជន មានទាំងព្រៃស្រោង និងរបោះ ដែលប្រឈមមុខជាងនៅតំបន់កណ្ដាលដែលមិនមានផ្ទះប្រជាជននៅជិត។
ក្នុងការងារគ្រប់គ្រងព្រៃឈើនេះដែរ នាយកដ្ឋានគ្រប់គ្រងព្រៃឈើមានក្រុមការងារ និងភ្នាក់ងារសម្រាប់ល្បាត ទប់ស្កាត់ក្នុងការកាប់ទន្ទ្រានព្រៃក្នុងតំបន់ជាប្រចាំ។ ក្រុមការងារទាំងនោះសរុបជិត១០០នាក់ ដែលបែងចែកទៅ១៤តំបន់គោលដៅ មានទាំងក្នុងតំបន់កណ្ដាល តំបន់ខាងលើ និងតំបន់ខាងក្រោមនៅប្រាសាទបាគង។ ក្រៅពីដើរល្បាត ក្រុមការងារទាំងនោះក៏មានតួនាទីចុះផ្សព្វផ្សាយ និងពន្យល់ឱ្យពលរដ្ឋយល់ពីបញ្ហាបរិស្ថាន ក៏ដូចជាជួយដាំកូនឈើឡើងវិញនៅតំបន់ដែលរងការទន្ទ្រាននោះផងដែរ។
ជាទូទៅ ការដាំកូនឈើឡើងវិញ ក៏ត្រូវគិតគូរពីចំណុចសំខាន់ៗនៃទីតាំងទាំងនោះផងដែរ។ ការដាំកូនឈើនៅតំបន់ព្រៃឧទ្យានអង្គរ គឺជ្រើសរើសប្រភេទកូនឈើណាដែលធ្លាប់មាននៅតំបន់នោះ ជាងនេះទៅទៀតនោះ គឺកូនឈើណាដែលធន់នឹងបរិយាកាយ មិនត្រូវការទឹកច្រើនជាដើម។ កូនឈើដែលនាយកដ្ឋានគ្រប់គ្រងទឹកដាំច្រើនជាងគេនៅតំបន់ដែលរងការទន្ទ្រាន ជាប្រភេទឈើអង្កាញ់ ដែលងាយលូតលាស់បានលឿន និងមិនសូវត្រូវការទឹក ក្រៅពីនេះក៏មានប្រភេទឈើគគីរ ឈើទាល និងនាងនួនជាដើម។
ជារៀងរាល់ឆ្នាំ កូនឈើមិនតិចពី៣ម៉ឺនដើមទេ ដែលត្រូវបានដាំឡើងវិញនៅលើផ្ទៃដីដែលត្រូវបានទន្ទ្រាន។ ជាគោលការណ៍របស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ គឺដាំត្រឹម២ម៉ឺនដើមតែប៉ុណ្ណោះក្នុងមួយឆ្នាំៗ តែដោយសារការទន្ទ្រានមានសកម្មភាពខ្លាំងក្លា ទើបធ្វើឱ្យមានការបង្ខំដាំកូនឈើឡើងវិញក្នុងតំបន់ដែលបាត់បង់ព្រៃឈើច្រើន ព្យាយាមទប់ស្កាត់មិនឱ្យមានសកម្មភាពបន្តទៀត។ ក្នុងការងារនេះដែរ អាជ្ញាធរអប្សរាបានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា ដើម្បីទប់ស្កាត់ ក៏ដូចជាអប់រំប្រជាពលរដ្ឋឱ្យយល់ពីបញ្ហានេះ។
ក្រៅពីប្រឈមនឹងការកាប់ទន្ទ្រានព្រៃហើយនោះ ក្នុងនោះតំបន់ឧទ្យានអង្គរ ក៏ប្រឈមនឹងភ្លើងឆេះព្រៃក្នុងរដូវប្រាំងផងដែរ ពិសេសក្នុងខែមីនា និងខែមេសា។ តាមការអះអាងរបស់អ្នកជំនាញ មូលហេតុដោយសារការដុតចម្ការរបស់អ្នកភូមិដែលនៅជិតតំបន់ការពារ និងមិនមានការប្រុងប្រយ័ត្ន ធ្វើឱ្យរាលដាលឆេះព្រៃរបោះជិតប្រាសាទ។ ក្នុងឆ្នាំ២០១៩ បញ្ហានេះបានកើតឡើងចំនួន៥ករណី ដែលធ្វើឱ្យឆេះព្រៃរបោះប្រមាណ ៥ហិកតាផងដែរ។ វិធានក្នុងការការពារបញ្ហានេះ អាជ្ញាធរជាតិអប្សរាមានឡានទឹកសម្រាប់បាញ់ពេលមានអាសន្នម្ដងៗ។ មន្ត្រីនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ សំណូមពរដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវស្វែងយល់ពីបញ្ហានេះ និងត្រូវជៀសកុំឱ្យមានការដុតចម្ការដោយមិនមានការគ្រប់គ្រងត្រឹមត្រូវ បង្កឱ្យរីករាលដាលដល់ព្រៃការពារក្នុងតំបន់ឧទ្យានអង្គរ៕