កីឡាអន្តរជាតិ
អន្តរជាតិ
Norwich និង Sheffield ចាប់ដៃគ្នាឡើងទៅ Premier League ឯ Leeds ត្រូវលេង play-off
× Norwich City បានឡើងទៅ Premier League ដោយស្វ័យប្រវត្តិក្រោយឈ្នះ Blackburn Rovers ២-១ ក្នុងការប្រកួតសប្តាហ៍ទី៤៥ ក្នុងក្របខណ្ឌ Championship។ Sheffield United ក៏បានឈានទៅលីគកំពូលអង់គ្លេសនេះដែរ ដោយសារ Leeds United ប្រកួតបានត្រឹមស្មើជាមួយ Aston Villa ១-១ អម្បាញមិញនេះ។
Norwich ដែលអាក់ខានបង្ហាញខ្លួននៅលីគកំពូលអង់គ្លេស៣រដូវកាល រកបាន៩១ពិន្ទុឈរនៅកំពូលតារាងលីគលំដាប់ទី២បណ្តោះអាសន្នដោយនាំមុខក្រុមលេខ៣ Leeds ៨ពិន្ទុដាច់ ខណៈការប្រកួតសល់តែមួយលើកទៀតប៉ុណ្ណោះ។
Leeds ដែលត្រូវប្រជែងយកចំណាត់ថ្នាក់ទី២ ដើម្បីបានកៅអីទៅលីគកំពូលដោយស្វ័យប្រវត្តិនោះ ទទួលបានត្រឹមការខកចិត្តប៉ុណ្ណោះបន្ទាប់ពីបានត្រឹមស្មើជាមួយ Aston Villa។ លទ្ធផលស្មើនេះបាននាំឲ្យ Sheffield United ដែលលើសលើសខ្លួន៥ពិន្ទុត្រូវចាប់ដៃគ្នាជាមួយ Norwich ទៅលេងនៅ Premier League រដូវកាលក្រោយ។
Leeds នឹងត្រូវប្រជែងជាមួយក្រុម៣ទៀតរួមមាន West Bromwich Albion, Aston Villa, Derby County ឬ Middlesbrough ក្នុងការប្រកួតវគ្គ play-off ដើម្បីជ្រើសយកមួយក្រុមទៅលេងនៅលីគលំដាប់កំពូលអង់គ្លេសដែរ។
ដោយឡែក Norwich និង Sheffield United នៅប្រជែងគ្នាដណ្តើមពាន Championship នៅឡើយព្រោះនៅមានពិន្ទុប្រដេញគ្នា។ Norwich ដែលលើស Sheffield United ៣ពិន្ទុត្រូវការតែ១ពិន្ទុទៀតប៉ុណ្ណោះដើម្បីលើកពាន ផ្ទុយទៅវិញបើសិនពួកគេចាញ់ហើយ Sheffield United ឈ្នះនៅប្រកួតចុងក្រោយ នោះ Sheffield នឹងក្លាយជាម្ចាស់ពានវិញព្រោះមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង៕
© រក្សាសិទ្ធិដោយ thmeythmey.com