ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​ចិន ចំនួន​២ គ្រោង​វិនិយោគ​លើ​ថាមពល​ប្រើ​ដោយ​ពន្លឺព្រះអាទិត្យ និង​ដើរ​ដោយ​ខ្យល់ នៅ​កម្ពុជា​
29, Apr 2019 , 10:19 am        
រូបភាព
​ភ្នំពេញ​៖ ក្រុមហ៊ុន​ចិន ចំនួន​២ គ្រោង​វិនិយោគ​លើ​វិស័យ​ថាមពល​ពន្លឺព្រះអាទិត្យ​នៅ​កម្ពុជា​។ បំណង​របស់​ក្រុមហ៊ុន​ទាំងពីរ​នេះ បានលើកឡើង​នៅក្នុង​ជំនួប​ជាមួយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ចូលរួម​វេទិកា​ផ្ដួចផ្ដើម​«​ខ្សែក្រវាត់ និង​វិថី​» លើក​ទី​២ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​

 
​ក្នុងជំនួប​ពិភាក្សា​នោះ ក្រុមហ៊ុន China Hauneng Group ដែល​បានទទួល​ជោគជ័យ​ទៅលើ​ការផលិត​អគ្គិសនី នៅ​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ នៅ​កម្ពុជា​កន្លងមក​នោះ មានបំណង​ចង់​វិនិយោគ​បន្ថែមទៀត ទៅលើ​វិស័យ​ថាមពល​ប្រើ​ដោយ​ពន្លឺព្រះអាទិត្យ​។ តាមរយៈ​គោលបំណង​ខ្លួន​នេះ ក្រុមហ៊ុន China Hauneng Group បាន​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​រកឃើញថា កម្ពុ​ជាមាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់ ក្នុងការ​អភិវឌ្ឍ​ទៅលើ​វិស័យ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ព្រះអាទិត្យ​នេះ​។​
 
​បើតាម​គម្រោង​ថ្មី​ទាក់ទិន​ទៅនឹង​ការផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​នេះ ក្រុមហ៊ុន​គ្រោង​វិនិយោគ​អគ្គិសនី​ចំនួន​២០០ មេ​ហ្គា​វ៉ា​ត់​។ នេះ​ជាការ​លើកឡើង​របស់​ភា​គី​ក្រុមហ៊ុន China Hauneng Group ប្រាប់​ទៅ​សម្ដេច ហ៊ុន សែន​។​
 
​ស្រដៀង​គ្នា​នេះដែរ ក្រុមហ៊ុន​ថាមពល​ដើរ​ដោយ​ខ្យល់ និង​ពន្លឺព្រះអាទិត្យ​របស់​ប្រទេស​ចិន ក៏បាន​ប្រាប់​ពី​បំណង​វិនិយោគ​ខ្លួន​លើ​វិស័យ​ថាមពល​នេះ នៅក្នុង​ជំនួប​ដោយឡែក​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ផងដែរ​។ ក្រុមហ៊ុន​ចិន​មួយ​នេះ ចាប់អារម្មណ៍​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ដោយមាន​បំណង​បង្កើត​រោងចក្រ​ផលិត​បន្ទះ solar panel ដែលជា​បន្ទះ​អាច​ស្រូបយក​ពន្លឺព្រះអាទិត្យ​បំ​លែង​ទៅជា​អគ្គិសនី​។​
 
«​គាត់​(​ក្រុមហ៊ុន​ចិន​)​បាន​អញ្ជើញ​ទៅកាន់​ប្រទេស​កម្ពុជា​ហើយ​បាន​សិក្សា​លម្អិត​អំពី​ស្ថានភាព នៃ​ថាមពល​នៅក្នុង​ប្រទេស​កម្ពុជា ។​ព្រម​ជាមួយគ្នានេះ លោក​ក៏បាន​ឃើញជាក់ស្ដែង​ថា នៅ​ប្រទេស​កម្ពុជា​អាច​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ នឹង​ដើរ​ដោយ​ខ្យល់​នៅពេល​ខាងមុខ​បាន​»​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន ដែល​បាន​ស្រង់​សម្តី​ភាគី​ក្រុមហ៊ុន​ចិន ក្នុងជំនួប​ស្នើសុំ​ការគាំទ្រ​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លើ​គម្រោង​វិនិយោគ​នេះ​។​
 
​ឆ្លើយតប​នឹង​បំណង​វិនិយោគ​នេះ សម្ដេច ហ៊ុន សែន បាន​ប្រាប់​ឲ្យ​ក្រុមហ៊ុន​ថាមពល​ដើរ​ដោយ​ខ្យល់ និង​ពន្លឺព្រះអាទិត្យ​របស់​ប្រទេស​ចិន​សហការ​ជាមួយនឹង​ក្រសួង​រ៉ែ និង​ថាមពល និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ដើម្បី​ពិនិត្យមើល​លក្ខណៈសម្បត្តិ និង​លក្ខ​ខ័​ណ្ឌ នៃ​ការបង្កើត​រោងចក្រ​នៅ​កម្ពុជា​។ ចំណែក​ក្រុមហ៊ុន China Hauneng Group ដែលជា​ក្រុមហ៊ុន​បាន​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន Royal Group របស់លោក គិត ម៉េង ក្នុងការ​បង្កើត​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​នោះ ត្រូវ​បន្ត​សហការគ្នា​ស្រាវជ្រាវ និង​បោះទុន​ទៅលើ​ការវិនិយោគ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​។​
 
​ចំពោះ​គម្រោង​វិនិយោគ​លើ​វិស័យ​ថាមពល​នេះ សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា​៖«​ប្រជាជន​កម្ពុជា​ក៏ដូចជា​ប្រទេស​កម្ពុជា​ចង់បាន​គឺ​ថាមពល​ស្អាត ថាមពល​ដែល​គាំទ្រ​ដល់​បរិស្ថាន ជាពិសេស​ថាមពល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ដែលជា​បច្ចេកវិទ្យា​ចុងក្រោយ​នេះ​»៕

Tag:
 ​ហ៊ុន សែន​
  ថាមពលព្រះអាទិត្យ​
  អគ្គិសនី​
  សេដ្ឋកិច្ច​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com