កីឡាអន្តរជាតិ
អន្តរជាតិ
Man City នៅរក្សាតំណែងកំពូលតារាង ខណៈ Man Utd ខើចឱកាសដណ្តើម Top4
× Manchester City នៅរក្សាចំណាត់ថ្នាក់ទី១ ក្នុងតារាង Premier League ដោយនាំមុខគូប្រជែង Liverpool មួយពិន្ទុដដែល ក្រោយយកឈ្នះ Burnley ១-០ ក្នុងការប្រកួតសប្តាហ៍ទី៣៦ ថ្ងៃទី២៨ ខែមេសា។ Manchester United ដែលបញ្ចប់ត្រឹមលទ្ធផលមួយស្មើជាមួយ Chelsea នៅសល់ឱកាសតិចតួចដើម្បីដណ្តើមយក Top4 សម្រាប់កៅអី Champions League រដូវកាលក្រោយ។
ក្រោយរកបាន៣ពិន្ទុបន្ថែម Man City រកបាន៩២ពិន្ទុពីការប្រកួត៣៦លើក ដើម្បីបន្តការនាំមុខ Liverpool ដែលមាន៩១ពិន្ទុ។ ក្រុមទាំងពីរនៅសល់ការប្រកួត២លើកដូចគ្នាសម្រាប់កាត់សេចក្តីថាតើក្រុមណាដែលអាចក្លាយជាម្ចាស់ពានរង្វាន់លីគកំពូលអង់គ្លេសរដូវកាលនេះ។
ក្រុមមេឃខៀវ ត្រូវធ្វើយ៉ាងណាដណ្តើមពាននេះដើម្បីរក្សាតំណែងជើងឯក២រដូវកាលជាប់គ្នាឲ្យបាន ដ្បិតត្រូវធ្លាក់ចេញពីក្របខណ្ឌកំពូលអឺរ៉ុបត្រឹមវគ្គ៨ក្រុមចុងក្រោយ។ ក្រុមហង្សក្រហម ក៏កំពុងស្រែកឃ្លានពាននេះពី Man City ខ្លាំងក្លាដែរ ព្រោះពួកគេមិនដែលធ្លាប់ឈ្នះពាន Premier League នេះឡើយ។
យ៉ាងណា Liverpool នៅមានឱកាសប្រជែងពាន Champions League មួយទៀតដោយត្រូវតទល់ជាមួយ Barcelona នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ រដូវកាលមុនពីពួកគេទទួលបានត្រឹមរងជើងឯកប៉ុណ្ណោះក្រោយចាញ់ Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ។
ដោយឡែកក្រុមដែលត្រូវប្រជែងគ្នាយកតំបន់ Top4 មានចំនួន៤ក្រុម ក្នុងនោះ Spurs ជាក្រុមមានប្រៀបជាងគេហើយបច្ចុប្បន្នមាន៧០ឈរចំណាត់ថ្នាក់ទី៣បណ្តោះអាសន្ន។
សម្រាប់ក្រុមបិសាចក្រហមហាក់ខើចឱកាសជាងគេទៅហើយក្រោយប្រកួតស្មើជាមួយតោខៀវ ១-១ ឈរនៅចំណាត់ថ្នាក់ទី៦មាន៦៥ពិន្ទុ តាមពីក្រោយក្រុមលេខ៤ Chelsea ចំនួន៣ពិន្ទុ ដែលការប្រកួតសល់២លើកប៉ុណ្ណោះ។
Arsenal ក៏យ៉ាប់យ៉ឺនដែរក្រោយចាញ់ Leicester City ៣-០។ កាំភ្លើងធំស្ថិតនៅចំណាត់ថ្នាក់ទី៥ រកបាន៦៦ពិន្ទុ៕
Tag:
បាល់ទាត់
Premier League
© រក្សាសិទ្ធិដោយ thmeythmey.com