កីឡាអន្តរជាតិ
អន្តរជាតិ
Van Dijk និង Sterling ឈ្នះ​ពាន​កីឡាករ​ឆ្នើម​បំផុត PFA ប្រចាំឆ្នាំ ២០១៩
29, Apr 2019 , 9:59 pm        
រូបភាព
​ខ្សែការពារ Virgil van Dijk របស់ Liverpool និង​ខ្សែប្រយុទ្ធ Raheem Sterling របស់ Mancheser City បាន​ក្លាយជា​ម្ចាស់​ពានរង្វាន់​កីឡាករ​ឆ្នើម និង​កីឡាករ​យុវជន​ឆ្នើម​ប្រចាំឆ្នាំ​២០១៩ របស់​សមាគម Professional Footballers’ Association (PFA) ក្នុង​ពិធី​ចែក​រង្វាន់​នៅ​សណ្ឋាគារ Grosvenor ក្រុង​ឡុង​ដ៍ នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៩​។​


 
​ក្នុងចំណោម​បេក្ខភាព​ទាំង​៦​រូប Van Dijk ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​លើស​គូប្រជែង Raheem Sterling, Bernardo Silva និង Sergio Aguero របស់ Manchester City ខ្សែបម្រើ Eden Hazard របស់ Chelsea រួមទាំង​មិត្ត​រួម​ក្រុម Sadio Mane ដើម្បី​ក្លាយជា​ម្ចាស់​ពាន PFA Player of the Year ឆ្នាំ​២០១៩ នេះ​។​


 
​ខ្សែការពារ​សញ្ជាតិ​ហូ​ឡង់ វ័យ​២៧​ឆ្នាំ​រូបនេះ បានចាប់ផ្តើម​រដូវ​កាល​ទី​២​របស់ខ្លួន​ជាមួយ Liverpool ដ៏​អស្ចារ្យ​ដោយ​ជួយ​ក្រុម​ប្រជែង​ពាន Premier League និង Champions League សម្រាប់​រដូវ​កាល​២០១៨-១៩​នេះ​។​


 
Van Dijk ដែល​អតីត​សមាជិក Southampton បានបង្ហាញ​ទម្រង់​ការពារ​ឲ្យ​ក្រុម​លោក Jurgen Klopp ដោយ​រារាំង​ការ​ស៊ុត​បញ្ចូល​ទី​១៩​លើក (clean sheets) និង​ឈ្នះ​២៨​លើក ក្នុង​៣៦​ប្រកួត​នៃ​ក្របខណ្ឌ​លី​គ​កំពូល​ទៀតផង​។ Van Dijk គ្រង​ពាន​នេះ​ជំនួស​មិត្ត​រួម​ក្រុម Mohamed Salah ដែល​ឈ្នះ​នៅ​រដូវ​កាល​មុន​។​


នាង Georgia Stanway នៃក្លិប Man City ឈ្នះពាន Women’s Young Player of the Year
 
​ជាមួយគ្នានេះ ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស Raheem Sterling បើ​ទោះ​ចាញ់ Van Dijk ក្តី ប៉ុន្តែ​សមាជិក​ក្រុម Man City នេះ បានឈ្នះ​ពាន​កីឡាករ​យុវជន​ឆ្នើម PFA Young Player រដូវ​កាល​២០១៨-២០១៩​ផងដែរ​។ អតីត​សមា​ជិ​ក្រុម Liverpool វ័យ​២៤​ឆ្នាំ​រូបនេះ យកឈ្នះ​ពិន្ទុ​កីឡាករ​វ័យក្មេង​ដ៏ទៃទៀត​ដូចជា​មិត្ត​រួម​ក្រុម Bernardo Silva, Marcus Rashford  (Man Utd) ខ្សែការពារ Trent Alexander-Arnold  (Liverpool) ខ្សែបម្រើ David Brooks (Bournemouth) និង​ខ្សែបម្រើ Declan Rice (West Ham)​។​


ម្ចាស់ពាន Team of the Year
 
​ដោយឡែក​ផ្នែក​កីឡាការិនី​វិញ ខ្សែប្រយុទ្ធ Vivianne Miedema ដែល​លេង​ឲ្យ​ក្លិប Arsenal បានឈ្នះ​ពាន Women’s Player of the Year ខណៈ​កីឡាការិនី Georgia Stanway នៃ​ក្លិប Man City ឈ្នះ​ពាន Women’s Young Player of the Year​។ 


នាង Vivianne Miedema និង Van Dijk ដែលជាម្ចាស់ពានកីឡាករកីឡាការិនីឆ្នើម
 
​ខ្សែការពារ Steph Houghton ប្រធាន​ក្រុម Man City និង​ជម្រើសជាតិ​អង់គ្លេស​ទទួលបាន​ពាន PFA Special Achievement Award​។ អតីត​សមាជិក​ក្រុម Arsenal វ័យ​៣១​ឆ្នាំ​រូបនេះ​ក៏​ឈ្នះ​ពាន PFA's Women's Super League Team of the Year ជាមួយ​មិត្ត​រួម​ក្រុម Parris និង Demi Stokes ផងដែរ​៕

Tag:
 បាល់ទាត់​
  PFA Player of the Year
  Virgil van Dijk
  Raheem Sterling
© រក្សាសិទ្ធិដោយ thmeythmey.com