រថយន្ត
អន្តរជាតិ
នូវែលសេឡង់ចង់បន្ថយការប្រើរថយន្ត នៅត្រឹមឆ្នាំ២០៥០ សម្រាប់ដំណើរជិតល្មម
× ពលរដ្ឋនូវែលសេឡង់ ចង់ឲ្យមានការកំណត់ការប្រើប្រាស់រថយន្តឲ្យបានត្រឹមត្រូវដើម្បីលើកកម្ពស់សុខភាព និងការរស់នៅរបស់ពួកគេ។ របាយការណ៍ដែលដកស្រង់ផ្សាយដោយ Stuff គេហទំព័រព័ត៌មានដ៏ធំបំផុតនៅនូវែលសេឡង់ ចង់ឃើញកំណើននៃការជិះកង់ និងថ្មើរជើង សម្រាប់ដំណើរដែលមិនសូវឆ្ងាយ។
សាកលវិទ្យាល័យ Otago តាមរយៈរបាយការណ៍ឈ្មោះ Turning the Tide- from Cars to Active Transport បានផ្តល់អនុសាសន៍ទៅរដ្ឋាភិបាលលើការអនុម័តច្បាប់ទាក់ទងនឹងគម្រោងកាត់បន្ថយការប្រើប្រាស់រថយន្តនៅតាមបណ្តាក្រុងពី៨៤ភាគរយ មកនៅត្រឹម៤៥ភាគរយនៅឆ្នាំ២០៥០។
ពលរដ្ឋនៅនូវែលសេឡង់ ជាពិសេសនៅក្រុង Auckland ចង់កាត់បន្ថយការប្រើប្រាស់រថយន្តឲ្យបានពាក់កណ្តាលឯណោះ នារយៈពេលប្រមាណ៣០ឆ្នាំទៅមុខទៀត។ បច្ចុប្បន្ន ការធ្វើដំណើរជិតល្មមៗ មាន៨៤ភាគរយប្រើប្រាស់រថយន្ត ១២ភាគរយធ្វើដំណើរថ្មើរជើង ៣ភាគរយប្រើសេវាដឹកជញ្ជូនសាធារណៈ ហើយត្រូវតែ១ភាគរយប៉ុណ្ណោះដែលជិះកង់។
ការប្តូរពីការប្រើប្រាស់រថយន្តទៅជាការដើរ ឬជិះកង់ ត្រូវបានអ្នកជំនាញមើលឃើញថា អាចកាត់បន្ថយអត្រាមរណភាព ដែលជាញឹកញាប់បង្កដោយកង្វះការប្រុងប្រយ័ត្ន និងការបំពុលខ្យល់បរិយាកាស។ បើតាម Stuff ក្រុមអ្នកសិក្សា ចង់ឃើញកំណើននៃការដើរ ឡើងដល់២៥ភាគរយ ហើយការជិះកង់ និងការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈឡើងដល់១៥ភាគរយ ដោយគិតត្រឹមឆ្នាំ២០៥០។
លទ្ធផលស្ទង់មតិកាលពីឆ្នាំ២០១៦-១៧ (New Zealand Health Survey) បានរកឃើញថា យុវជនជាងពាក់កណ្តាល មិនបានប្រើប្រាស់សកម្មភាពផ្នែកលំហាត់រូបរាងកាយឡើយ ខណៈការប្រើប្រាស់យានយន្ត រួមចំណែកឲ្យមានការបំពុលបរិយាកាស១៧ភាគរយ និងបង្កឲ្យមានមនុស្សស្លាប់ប្រមាណ៣០០នាក់ក្នុង១ឆ្នាំ។
លោកស្រី Julie Anne Genter អនុរដ្ឋមន្ត្រីដឹកជញ្ជូននូវែលសេឡង់ បានបញ្ជាក់ថា អនុសាសន៍ទាំងនេះ ពិតជាអាចយកទៅសិក្សាបាន ដែលវាអាចជាផ្នែកមួយនៃគោលនយោបាយបន្ទាប់របស់រដ្ឋាភិបាល លើការបង្កើនថវិកាសម្រាប់មធ្យោបាយដឹកជញ្ជូន។
លោកស្រីក៏បានលើកទឹកចិត្តផងដែរថា ដំណើរចម្ងាយជិត គួរតែនាំគ្នាជិះកង់ ឬថ្មើរជើង ប្រសើរជាងគេប្រើប្រាស់រថយន្ត៕
Tag:
បរិស្ថាន
នូវែលសេឡង់
© រក្សាសិទ្ធិដោយ thmeythmey.com