ជាតិ
សង្គមជាតិ
២៨មេសា ផ្ទះជិត១៥០ខ្នងតាមបណ្តាខេត្ត ត្រូវបំផ្លាញដោយសារខ្យល់កន្ត្រាក់ រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
× ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ផ្ទះពលរដ្ឋជិត១៥០ខ្នងនៅតាមបណ្តាខេត្តនានា ដូចជា ឧត្តរមានជ័យ, បន្ទាយមានជ័យ, សៀមរាប, ព្រះវិហារ, កំពង់ឆ្នាំង, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ បានរងបាតុភូតគ្រោះធម្មជាតិនេះ។ នេះបើតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម។
ការផ្សាយព័ត៌មានរបស់ក្រសួងធនធានទឹក នៅថ្ងៃទី២៨ ខែមេសា បានបង្ហាញថា ផ្ទះពលរដ្ឋចំនួន៦ខ្នង នៅខេត្តកំពង់ចាម ត្រូវបានបំផ្លាញដោយសារខ្យល់កន្ត្រាក់។ សម្រាប់នៅខេត្តសៀមរាបឯណោះវិញ ក៏ជួបបញ្ហានេះផងដែរ ដែលបណ្តាលឲ្យបាក់សៀមរាបសង្ក្រាន្ត សង្កត់លើរថយន្ត២គ្រឿង នៅម្តុំស្ពានថ្មព្រះរាជដំណាក់ខាងកើតស្ទឹង នៅខេត្តសៀមរាប។
សម្រាប់ផ្ទះចំនួន៥ខ្នង សាលារៀន១ខ្នង ផ្ទះគ្រួសារកងទ័ព២៨ខ្នង ដែលស្ថិតនៅខេត្តព្រះវិហារ ត្រូវបានខូចខាតជាដំណំ។ ផ្ទះ១៣ខ្នងទៀត ដែលស្ថិតនៅខេត្តកំពង់ឆ្នាំង ក៏ត្រូវខូចខាតទាំងស្រុងផងដែរ។
ដោយឡែកនៅខេត្តឧត្តរមានជ័យ ខ្យល់កន្ត្រាក់ បានប៉ះពាល់ដល់ផ្ទះពលរដ្ឋ និងផ្ទះកងទ័ព ដល់ទៅ១០២ខ្នង។ មិនខុសពីខេត្តផ្សេងៗ ខេត្តកំពង់ធំ ក៏រងបាតុភូតនេះផងដែរ ដែលបានបំផ្លាញផ្ទះពលរដ្ឋ៨ខ្នង។ ចំណែកខេត្តត្បូងឃុំវិញ ក៏មានករណីខ្យល់កន្ត្រាក់ ដែលបណ្តាលឲ្យរលំផ្ទះសំយ៉ាបផ្ទះចំនួន៣ដំបូល និងដើមឈើចំនួន២ដើមផងដែរ។
បើតាមការបញ្ជាក់របស់ក្រសួងធនធានទឹក ពុំមានមនុស្សណាម្នាក់ស្លាប់ដោយសារគ្រោះធម្មជាតិនេះឡើយ។
បើគិតចាប់ពីដើមខែមករា ដល់ខែមេសានេះ មានបាតុភូតខ្យល់កន្ត្រាក់ កើតឡើងចំនួន៨៣ករណី។ បាតុភូតនេះបានបំផ្លាញផ្ទះពលរដ្ឋប្រមាណ២៣០០ខ្នង និងមានមនុស្សរងរបួស និងស្លាប់ជិត៤០នាក់។ នេះបើតាមលោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទកន្លងមក៕
Tag:
ផ្ទះ
ខ្យល់កន្ត្រាក់
អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com