ជាតិ
សង្គមជាតិ
២៨​មេសា ផ្ទះ​ជិត​១៥០​ខ្នង​តាម​បណ្តា​ខេត្ត ត្រូវ​បំផ្លាញ​ដោយសារ​ខ្យល់​កន្ត្រាក់
30, Apr 2019 , 7:59 am        
រូបភាព
រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
ដោយ:
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៨ ខែមេសា ផ្ទះ​ពលរដ្ឋ​ជិត​១៥០​ខ្នង​នៅតាម​បណ្តា​ខេត្ត​នានា ដូចជា ឧ​ត្ត​រ​មានជ័យ​, បន្ទាយមានជ័យ​, សៀមរាប​, ព្រះវិហារ​, កំពង់ឆ្នាំង​, កំពង់ធំ​, កំពង់ចាម​, ត្បូងឃ្មុំ  បាន​រង​បាតុភូត​គ្រោះធម្មជាតិ​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។


 
​ការផ្សាយ​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃទី​២៨ ខែមេសា បាន​បង្ហាញថា ផ្ទះ​ពលរដ្ឋ​ចំនួន​៦​ខ្នង នៅ​ខេត្តកំពង់ចាម ត្រូវបាន​បំផ្លាញ​ដោយសារ​ខ្យល់​កន្ត្រាក់​។ សម្រាប់​នៅ​ខេត្តសៀមរាប​ឯណោះ​វិញ ក៏​ជួប​បញ្ហា​នេះ​ផងដែរ ដែល​បណ្តាល​ឲ្យ​បាក់​សៀមរាប​សង្ក្រាន្ត សង្កត់​លើ​រថយន្ត​២​គ្រឿង នៅ​ម្តុំ​ស្ពានថ្ម​ព្រះរាជដំណាក់​ខាងកើត​ស្ទឹង នៅ​ខេត្តសៀមរាប​។ 
 
​សម្រាប់​ផ្ទះ​ចំនួន​៥​ខ្នង សាលារៀន​១​ខ្នង ផ្ទះ​គ្រួសារ​កងទ័ព​២៨​ខ្នង ដែល​ស្ថិតនៅ​ខេត្តព្រះវិហារ ត្រូវបាន​ខូចខាត​ជា​ដំណំ​។ ផ្ទះ​១៣​ខ្នង​ទៀត ដែល​ស្ថិតនៅ​ខេត្តកំពង់ឆ្នាំង ក៏ត្រូវ​ខូចខាត​ទាំងស្រុង​ផងដែរ​។ 
 
​ដោយឡែក​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ខ្យល់​កន្ត្រាក់ បាន​ប៉ះពាល់​ដល់ផ្ទះ​ពលរដ្ឋ និង​ផ្ទះ​កងទ័ព ដល់​ទៅ​១០២​ខ្នង​។ មិន​ខុសពី​ខេត្ត​ផ្សេងៗ ខេត្តកំពង់ធំ ក៏​រង​បាតុភូត​នេះ​ផងដែរ ដែល​បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​៨​ខ្នង​។ ចំណែក​ខេត្ត​ត្បូង​ឃុំ​វិញ ក៏មាន​ករណី​ខ្យល់​កន្ត្រាក់ ដែល​បណ្តាល​ឲ្យ​រលំ​ផ្ទះ​សំ​យ៉ាប​ផ្ទះ​ចំនួន​៣​ដំបូល និង​ដើមឈើ​ចំនួន​២​ដើម​ផងដែរ​។ 
 
​បើតាម​ការបញ្ជា​ក់រប​ស់​ក្រសួង​ធនធានទឹក ពុំមាន​មនុស្ស​ណា​ម្នាក់​ស្លាប់​ដោយសារ​គ្រោះធម្មជាតិ​នេះឡើយ​។ 
 
​បើ​គិត​ចាប់ពី​ដើមខែ​មករា ដល់​ខែមេសា​នេះ មាន​បាតុភូត​ខ្យល់​កន្ត្រាក់ កើតឡើង​ចំនួន​៨៣​ករណី​។ បាតុភូត​នេះ​បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ប្រមាណ​២៣០០​ខ្នង និង​មាន​មនុស្ស​រងរបួស និង​ស្លាប់​ជិត​៤០​នាក់​។ នេះ​បើតាម​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​កន្លងមក​៕ 
 

Tag:
 ផ្ទះ​
  ខ្យល់​កន្ត្រាក់​
  អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com