ជាតិ
លោក ឈាង វណ្ណា​រិ​ទ្ធ​៖ បើ​មេដឹកនាំ​កម្ពុជា មាន​ជំហរ​ការពារ​ប្រយោជន៍​ជាតិ​ច្បាស់ នោះ​មិន​ជាប់អន្ទាក់​បំណុល​ចិន​ឡើយ​
29, Apr 2019 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​ថ្ងៃ​២៩ មេសា វេទិកា​គំនិត​ផ្ដួចផ្ដើម​«​ខ្សែក្រវាត់ និង​ផ្លូវ​» លើក​ទី​២ ដែល​រៀបចំឡើង​នៅក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​នោះ បាន​បិទ​បញ្ចប់​ហើយ​។ ដ្បិត​គម្រោង​ផ្តួចផ្ដើម​«​ខ្សែក្រវាត់ និង​វិថី​»​នេះ ផ្ដល់​ប្រយោជន៍​ដល់​ប្រទេស​ជា​ដៃគូ​សហការ ប៉ុន្តែ​ក៏មាន​ក្តី​ព្រួយបារម្ភ​ច្រើន​ថា រាល់​ការវិនិយោគ​ចិន តាមរយៈ​គម្រោង​នេះ នឹងធ្វើ​ឲ្យ​ប្រទេស​នោះ ធ្លាក់ខ្លួន​ជាប់អន្ទាក់​បំណុល​ចិន​។ ករណីនេះ វា​អាច​កើតឡើង​មែន បើសិនជា​មេដឹកនាំ​កម្ពុជា ខ្វះ​ការយកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​លើ​បញ្ហា​វិនិយោគ​ចិន តាមរយៈ​គម្រោង​«​ខ្សែក្រវាត់ និង​វិថី​»​។ នេះ​ជាការ​លើកឡើង​របស់លោក ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​។​

 
​លោក ឈាង វណ្ណា​រិ​ទ្ធ បាន​មើលឃើញថា ការវិនិយោគ​តាម​គម្រោង​ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ចិន ក៏មាន​ការបង្ករ​ហានិភ័យ​ដល់​ប្រទេស​ខ្លះ​មកហើយ ដោយសារ​កង្វះ​តម្លាភាព និង​គម្រោង​វិនិយោគ​គ្មាន​គុណភាព​។ ចំណែក​ការប្រើ​ឥទ្ធិពល​ហិរញ្ញប្បទាន​របស់​ចិន សម្រាប់​ប្រទេស​ជា​ដៃគូ​សហការ​ក្នុង​គម្រោង​នេះ ក៏​អាចជា​ហានិភ័យ​ផងដែរ​។ ត្រង់ចំណុច​នេះ លោក ឈាង វណ្ណា​រិ​ទ្ធ បាន​សង្កត់ធ្ងន់ថា ចិន​បានផ្ដល់​ប្រយោជន៍​ជា​វិជ្ជមាន​បណ្ដើរ​ដល់​កម្ពុជា តាមរយៈ​គម្រោង​នេះ ខណៈ​បំណុល​កម្ពុជា ជំពាក់​ចិន មិនទាន់​ជា​ហានិភ័យ​នោះទេ​។ ហើយ​បើ​មេដឹកនាំ​មាន​ជំហរ​ការពារ​ប្រយោជន៍​ជាតិ​ច្បាស់ នោះ​ក៏​មិន​ជាប់អន្ទាក់​បំណុល​ចិន​ឡើយ​។​
 
​សូម​លោក​-​អ្នកនាង ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ដូចតទៅ​៖



 
​ជំហរ​ការពារ​ប្រយោជន៍​ជាតិ​ច្បាស់​របស់​មេដឹកនាំ​កម្ពុជា ដែល​លោក ឈាង វណ្ណា​រិ​ទ្ធ ចង់ឃើញ​នោះ គឺ​ចរចា​ដោយ​ស្មើភាព និង​ផ្ដល់​ប្រយោជន៍​រួម ដល់​ប្រជាពលរដ្ឋ ប្រកបដោយ​តម្លាភាព និង​ចីរភាព ។ ជាពិសេស​ការបើក​ទូលាយ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ សិក្សា​ស្រាវជ្រាវ និង​ពិភាក្សា រាល់​ការវិនិយោគ​របស់​ចិន តាមរយៈ​គម្រោង​«​ខ្សែក្រវាត់ និង​វិថី​» ដើម្បី​បញ្ចៀស​ហានិភ័យ និង​ភាព​រងគ្រោះ​ដល់​ប្រជាពលរដ្ឋ​។ បើតាម​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី រដ្ឋាភិបាល​ត្រូវ​គ្រប់គ្រង​ហិរញ្ញប្បទាន​សាងសង់​គម្រោង​នីមួយៗ ឲ្យ​មាន​តម្លាភាព និង​គណនេយ្យភាព ទប់ស្កាត់​អំពើពុករលួយ ដែល​នាំ​ឲ្យ​ជាប់អន្ទាក់​បំណុល​បរទេស​ជាដើម​។​
 
​កាលពី​ថ្ងៃទី​២៦ មេសា នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ការពារ​គម្រោង​គំនិត​ផ្ដួចផ្ដើម​«​ខ្សែក្រវាត់ និង​វិថី​»​របស់​ចិន​ថា វា​មិនមែនជា​អន្ទាក់​បំណុល​ទេ ប៉ុន្តែ​វា​នឹង​ជួយ​ឲ្យ​ប្រទេស​ដៃគូ​សហប្រតិបត្តិការ​នៃ​គម្រោង​នេះ ទទួលបាន​ផលប្រយោជន៍​សម្រាប់​វិស័យសេដ្ឋកិច្ច​។ មិនតែប៉ុណ្ណោះ​នាយករដ្ឋមន្ត្រី​កម្ពុជា ថែមទាំង​អះអាងថា កម្ពុជា មិន​ត្រឹមតែ​អាច​ចរចា ដោយ​ឈរលើ​ស្មារតី​នៃ​ការពារ​ប្រយោជន៍​ជូន​ជាតិ និង​ប្រជាជន​របស់ខ្លួន ដោយ​ស្មើភាព​និង​ស្មើ​សិទ្ធិ​ប៉ុណ្ណោះ​ទេ​។ ប៉ុន្តែ​ថែមទាំង​សម្រេចបាន នូវ​ការធ្វើ​វិស្វកម្ម​ហិរញ្ញវត្ថុ​មួយ ដែល​មិនបង្កើត​បន្ទុក​ហិរញ្ញវត្ថុ និង​បំណុល​សាធារណៈ ដល់​រដ្ឋ​ថែម​ទៀតផង​៕

Tag:
 ឈាង វណ្ណា​រិ​ទ្ធ​
  ខ្សែក្រវាត់ និង​វិថី​
  One Belt One Road
© រក្សាសិទ្ធិដោយ thmeythmey.com