ONE Championship
កីឡាជាតិ
ជាតិ
គ្រូ​សាន សៅ​យ៉ាន់ ប្រាប់​ល្បិច​ដល់ សុខ ធី ត្រៀម​តទល់ Rodtang នៅ​សង្វៀន ONE
29, Apr 2019 , 10:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​គ្រូបង្វឹក សាន សៅ​យ៉ាន់ កំពុង​ដឹកនាំ​កូនសិស្ស សុខ ធី រហស្សនាម កា​កា ហ្វឹកហាត់​យ៉ាង​សស្រាក់សស្រាំ​នៅ​ក្លិប Cambodian Top Team ដើម្បី​ត្រៀម​ជួប​ជើង​ខ្លាំង​ថៃ Rodtang Jitmuangnon នៅ​សង្វៀន ONE: WARRIORS OF LIGHT នា​ថ្ងៃទី​១០ ខែឧសភា ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ​។


 
​គ្រូបង្វឹក​មកពី​ក្លិប​សៅ​យ៉ាន់​ក្នុង​ខេត្តបន្ទាយមានជ័យ​រូបនេះ បានបញ្ជាក់​អំពី​ការត្រៀមខ្លួន​បែបនេះ​ថា​៖«​ខ្ញុំ​បាន​ត្រៀម​ស្នៀត​ខ្លះ​ជូន កូនសិស្ស ហើយ យើង​បាន​ពិភាក្សា​ជាមួយ​គ្រូបង្វឹក​នៅក្នុង​ក្លិប​ជាមួយគ្នា​ផងដែរ​។ យើង​មិនអាច​ចូល​វ៉ៃ​ប្ដូរ​ទឹក​ទី​១​ទេ បើ​ហ៊ាន​ប្ដូរ ឬ ហក់​ខ្លាំង​ច្បាស់​ជា​មិន​ដល់​ចប់​ទឹក​ទី​៣​ឡើយ ព្រោះ​គេ​ល្អ​មួយ​កំ​ប្លេ បុក ទាត់ ម៉ាត់ ធាក់ និង​វ៉ៃ​។ ខ្ញុំ​មិនអាច​ឲ្យ​កូនសិស្ស​បុក​ប្ដូរ​បានទេ ប៉ុន្តែ​យើង​ត្រូវ​វ៉ៃ​ទប់ វ៉ៃ​ត្រង់ ធាក់​ការពារ ...​វ៉ៃ​ដកឃ្លាៗ​ដោយ​ភាពរហ័សរហួន​របស់​យើង​»​។ 


 
​គ្រូបង្វឹក​វ័យ ៤០ ឆ្នាំ​រូបនេះ​បញ្ជាក់ថា កីឡាករ​ទាំងពីរ បើសិនជា​អ្នកណា​វ៉ៃ​ចូល​គឺ​លំបាក​ដូចគ្នា ហើយ​ការប្រកួត​នេះ​លទ្ធផល​រំពឹងទុក​គឺ ៥០% ដូចគ្នា​។ គ្រូបង្វឹក សុខ​ធី ដដែល​នេះ​ជឿជាក់ថា ទោះ​លទ្ធផល​ល្អ ឬ មិនល្អ ប៉ុន្តែ​ការប្រកួត​នេះ​ដាច់ខាត​ល្អមើល​ខ្លាំងណាស់​។ ប៉ុន្តែ​អ្វីដែល​លំបាក​បន្តិច គឺ កា​កា ដំឡើង​គីឡូ​ទៅ​វ៉ៃ ៦១,៤ គីឡូក្រាម ដែល​កន្លងទៅ​កូនសិស្ស​របស់លោក​ប្រកួត​ក្នុង​គីឡូ ៥៧ ឬ ៥៨ គីឡូក្រាម​ប៉ុណ្ណោះ​។ បើសិនជា​គិត​ទៅ វា​ហាក់​ចាញ់​ប្រៀប​បន្តិច ព្រោះ កា​កា គីឡូ​តូច​ត្រូវ​ទៅ​វ៉ៃ គីឡូ​គេ​ធំ​។ 
 
​ទន្ទឹមគ្នា​នោះ កីឡាករ​វ័យ ២២ ឆ្នាំ សុខ ធី បាន​ប្រាប់​បង្ហើប​ទស្សនៈ​ផ្ទាល់ខ្លួន​ថា ៖«​ខ្ញុំ​បាន​ត្រៀម​រួចរាល់​ហើយ ហើយ​ខ្ញុំ​មើលឃើញថា Rodtang ល្អ​ជាង Leardsila​។ Rodtang មាន​ក្បាច់​ដើរចូល​វ៉ៃ និង ចូល​ទាត់ ខុសពី Leardsila ដែល​វ៉ៃ​ដកថយៗ​។ យ៉ាងណាក្ដី ខ្ញុំ​នឹង​ខំប្រឹង​ឲ្យ​ពី​សមត្ថភាព និង វ៉ៃ​តំណាង​ឲ្យ​កម្ពុជា​»​។ 
 
​កា​កា ឡើង​ប្រកួត​លើស​ង្វៀន​កម្រិត​អន្តរជាតិ ONE Championship បាន​ចំនួន ២ ដង​។ ការប្រកួត​លើក​ទី​១ កា​កា ចាញ់​ជើង​ខ្លាំង​កីឡាករ​ថៃ Leardsila ដោយ​ពិន្ទុ កាល​ពាក់កណ្ដាល​ឆ្នាំ ២០១៨​។  ប៉ុន្តែ ម្ចាស់​ជើងឯក​គុន​ខ្មែរ​គូ​បូ​តា​ប្រចាំ​សង្វៀន​ប៉ុស្តិ៍​បាយ័ន នៅតែ​ចាញ់​ពិន្ទុ លើ​កីឡាករ​ថៃ Leardsila​ដដែល ក្នុងជំនួប​សងសឹក​កាល​ចុងឆ្នាំ ២០១៨​។ 
 
​នេះ​ជាការ​ប្រកួត​លើក​ទី​៣ សម្រាប់​រូបគេ​នៅ​ថ្ងៃទី ១០ ឧសភា ខាងមុខ និង ជា​កីឡាករ​ខ្មែរ​តែ​ម្នាក់​គត់​នៅក្នុង​សង្វៀន ONE: WARRIOR OF LIGHT​។ ការប្រកួត​រាល់ដង​នៅ​សង្វៀន ONE ត្រូវបាន​កា​កា ទម្លាយ​ថា​ទទួលបាន​ថ្លៃឈ្នួល​ចំនួន ៥ ពាន់​ដុល្លារ​អាមេរិក​៕  
 
 

Tag:
 MMA
  សាន សៅ​យ៉ាន់​
  សុខ ធី
© រក្សាសិទ្ធិដោយ thmeythmey.com