ក្រូចថ្លុង គឺជាប្រភេទផ្លែឈើម្យ៉ាងដែលមានរសជាតិជូរអែម ហើយអាចផ្ដល់នូវអត្ថប្រយោជន៍ល្អៗជាច្រើនចំពោះសុខភាព។ ក្រូចថ្លុងមានផ្ទុកនូវវីតាមីន, សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមចាំបាច់ច្រើន រួមបញ្ចូលទាំងសារធាតុលីកូប៉ែន (lycopene), ប៉ូតាស្យូម, កាល់ស្យូម និងផូស្វ័រ។
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍នៃការទទួលទានក្រូចថ្លុង ៖
១. ទប់ស្កាត់ជំងឺមហារីក
ក្រូចថ្លុង ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលមានប្រសិទ្ធិភាពខ្ពស់ប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺមហារីកច្រើនប្រភេទ ជាពិសេសជំងឺមហារីក ពោះវៀនធំ, បំពង់អាហារ, ក្រពះ, ក្រពេញប្រូស្តាត និងមហារីកសុដន់។ ការទទួលទានទឹកក្រូចថ្លុងស្រស់ជាប្រចាំជួយរក្សាសុខភាពល្អនៃកោសិកា DNA មិនឱ្យប្រែក្លាយជាកោសិកាមហារីក។
២. បញ្ចុះសម្ពាធឈាម
សារធាតុ Hesperidin ដែលមានផ្ទុកនៅក្នុងផ្លែក្រូចថ្លុង គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយដែលមិនត្រឹមតែជួយការពាររាងកាយប្រឆាំងនឹងជំងឺមហារីក ក៏ដូចជាជំងឺគួរឱ្យព្រួយបារម្ភជាច្រើនផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែក៏មានឥទ្ធិពលទៅលើមុខងារ និងសកម្មភាពនៃសរសៃឈាមតូចៗផងដែរ។ ដូច្នេះការទទួលទានផ្លែក្រូចថ្លុង ឬទឹកក្រូចថ្លុងស្រស់ទៀងទាត់អាចជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ក៏ដូចជាបញ្ហាសម្ពាធឈាមបានយ៉ាងប្រសើរ។
៣. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
ក្រូចថ្លុង ក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយពង្រឹងប្រព័ន្ធភាពស៊ាំបានយ៉ាងប្រសើរផងដែរ។ វីតាមីន C ក៏មានប្រសិទ្ធិភាពទប់ស្កាត់ និងកម្ចាត់រ៉ាឌីកាល់សេរីមិនឱ្យបំផ្លាញកោសិកាបង្កជាជំងឺគួរឱ្យព្រួយបារម្ភផ្សេងៗ រួមទាំងកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល, ជំងឺសរសៃឈាមបេះដូង, បញ្ហាសម្ពាធឈាមឡើងខ្ពស់ និងជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយ។
៤. ទប់ស្កាត់គ្រួសក្នុងតម្រងនោម
ក្រូចថ្លុងមានផ្ទុកអាស៊ីតស៊ីត្រាត និងស៊ីទ្រិកដែលជួយកាត់បន្ថយហានិភ័យនៃជំងឺគ្រួសក្នុងតម្រងនោមគួរឲ្យកត់សម្គាល់។ ដូច្នេះប្រសិនបើអ្នកចង់ជៀសផុត ឬឆាប់ធូរស្បើយពីជំងឺគ្រួសក្នុងតម្រងនោម ចូរព្យាយាមទទួលទានទឹកក្រូចថ្លុងស្រស់ ឬផ្លែក្រូចថ្លុង។
៥. បង្កើនសុខភាពបេះដូង
អត្ថប្រយោជន៍ដ៏ប្រសើរបំផុតមួយនៃការទទួលទានក្រូចថ្លុង គឺជួយទប់ស្កាត់បញ្ហាជំងឺបេះដូង។ ក្រូចថ្លុងមានផ្ទុកសារធាតុ Hesperidin ដែលជួយការពារសរសៃឈាមពីការស្ទះតាមរយៈការពង្រឹងសុខភាពនៃកោសិកា។
៦. ជួយឲ្យស្រកទម្ងន់
ប្រសិនបើអ្នកព្យាយាមសម្រកទម្ងន់ ផ្លែក្រូចថ្លុង គឺអាចជួយពន្លឿនដំណើរការនៃការស្រកនៃទម្ងន់បាន។ ក្រូចថ្លុងមានផ្ទុកនូវអង់ស៊ីមដុតបំផ្លាញជាតិខ្លាញ់ក្នុងបរិមាណខ្ពស់។ អង់ស៊ីមទាំងនោះមិនត្រឹមតែជួយបង្កើនសកម្មភាពនៃការរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយបង្កើនថាមពលរបស់អ្នកបានផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh