កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Ajax តបទៅគ្រូ Spurs ដែលត្អូញថា អយុត្តិធម៌រឿង Ajax មានពេលត្រៀមច្រើន
× អ្នកចាត់ការក្រុម Ajax លោក Erik Ten Hag បាននិយាយវាយបកទៅលោក Mauricio Pochettino ដែលថាមិនមានភាពយុត្តិធម៌សម្រាប់ Tottenham Hotspur ខណៈដែលគូប្រជែងត្រូវបានអនុញ្ញាតឲ្យសម្រាកការប្រកួតលីគដើម្បីត្រៀមលេង UEFA Champions League។ លោក Ten Hag ថា Ajax បានប្រាក់តិចជាង Spurs ម្តេចមិនថាអយុត្តិធម៌ផង។
ក្រុមម្ចាស់ផ្ទះ Spurs នឹងត្រូវបើកទ្វារកីឡដ្ឋាន Tottenham Hotspur ដើម្បីទទួល Ajax ក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ នៅរាត្រីថ្ងៃទី៣០ ខែមសា វេលាម៉ោង ២:០០អាធ្រាត្រ [ម៉ោងនៅកម្ពុជា]។
ក្នុងជំនួបនេះដែរក្រុមរបស់លោក Pochettino មិនមានខ្សែប្រយុទ្ធដ៏សំខាន់ពីររូបចូលរួមឡើយដែលរួមមាន Harry Kane និង Son Heung-min ហើយក្រុមទាំងមូលថែមទាំងហត់នឿយសម្រាប់ការប្រកួតក្នុងលីគដោយជួប West Ham United ពោលគឺ២ថ្ងៃមុនប៉ះ Ajax ដែលជាក្រុមបានសម្រាកច្រើន។
អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះថាមិនយុត្តិធម៌ទេសម្រាប់ Spurs ខណៈ Ajax ជាក្រុមមានប្រៀបដ្បិតលីគនៅហូឡង់ត្រូវពន្យារពេលដើម្បីជួយក្រុមរបស់លោក Ten Hag ក្នុងការតទល់ជាមួយក្រុមខ្លួន។
បើទោះយ៉ាងនេះក្តី លោក Ten Hag អ្នកចាត់ការសញ្ជាតិហូឡង់ មិនចាប់អារម្មណ៍នឹងសម្តីរបស់ Pochettino ឡើយ ហើយថាការប្រៀបធៀបរវាងក្រុមទាំងពីរលើករណីនេះក៏មិនសមហេតុផលដែរ។
«យើងទទួលបានជាង ១១លានដុល្លារអាមេរិកពីការផ្សាយតាមទូរទស្សន៍សម្រាប់ការលេងក្នុងក្របខណ្ឌ Eredivisire ប៉ុន្តែពួកគេ (Spurs) ទទួលបានប្រាក់ច្រើនជាងយើងទៅទៀតនៅ Premier League។ តើមិនយុត្តិធម៌ចំពោះយើងទេ?» លោក Ten Hag និយាយយ៉ាងខ្លីបែបនេះទៅកាន់ក្រុមអ្នកយកព័ត៌មាន។
សូមបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់ហូឡង់ (KNVB) បានអនុញ្ញាតឲ្យលីគក្នុងស្រុក Eredivisie សម្រាកទាំងអស់ដើម្បីជួយ Ajax សន្សំកម្លាំងហ្វឹកហាត់ប្រជែងជាមួយ Spurs ក្នុងក្របខណ្ឌកំពូលអឺរ៉ុបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Ajax ទើបឈានដល់វគ្គនេះជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៦ មក៕
Tag:
បាល់ទាត់
UEFA Champions League
Erik Ten Hag
© រក្សាសិទ្ធិដោយ thmeythmey.com