ONE Championship
កីឡាជាតិ
ជាតិ
ចាន់ រតនា រំពឹង​ផ្តួល Rudy Agustian មុន​ទឹក​ទី​៣​ក្នុង​ព្រឹត្តិការណ៍ ONE នៅ​ឥណ្ឌូណេស៊ី​
30, Apr 2019 , 7:39 pm        
រូបភាព
កីឡាករ ចាន់ រតនា ចូលរួមសន្និសីទសារព័ត៌មានមុនចេញទៅប្រកួតនៅឥណ្ឌូណេស៊ី
កីឡាករ ចាន់ រតនា ចូលរួមសន្និសីទសារព័ត៌មានមុនចេញទៅប្រកួតនៅឥណ្ឌូណេស៊ី
ដោយ:
​អ្នកលេង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា ត្រូវ​ប្រជែង​ជាមួយ​កីឡាករ​ឥណ្ឌូណេស៊ី Rudy Agustian ក្នុង​ព្រឹត្តិការណ៍ ONE for Honor នៅ​ទីក្រុង​ហ្សា​កាតា​ប្រទេស​ឥណ្ឌូណេស៊ី នា​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩ ខាងមុខ​។ រតនា រំពឹង​ប្រើ​ស្នៀត​ពិសេស​ផ្តួល​ដៃគូ ដែល​រូបគេ​ទទួលស្គាល់​មាន​សមត្ថ​ភាពខ្លាំង ឲ្យ​សន្លប់​មុន​ទឹក​ទី​៣​។ ជាមួយគ្នានេះ​លោក ហ៊ុន ចាន់​រាជ ក៏​រំពឹង​ដែរ​ថា រតនា នឹង​ប្រើ​ភាព​មានប្រៀប​ផ្នែក​កម្លាំង​ស៊ុះ យកឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី​រូបនេះ ដើម្បី​សងសឹក​ឲ្យ​មិត្ត​រួម​ជាតិ ខុន ស៊ី​ចាន់​។​

 
​កីឡាករ ចាន់ រតនា ហាក់​មាន​ជំនឿ​ចិត្ត​ខ្ពស់​ក្នុងការ​ប្រកួត​គុន​ចម្រុះ​នៅ​ឥណ្ឌូណេស៊ី នា​អំឡុង​ដើមខែ​ឧសភា ខាងមុខ ដោយ​រូបគេ​រំពឹងថា នឹង​អាច​ផ្តួល​កីឡាករ​ម្ចាស់ផ្ទះ Rudy Agustian ឲ្យ​សន្លប់​មុន​ទឹក​ទី​៣​។ រតនា បានចាត់ទុក​ការយក​ឈ្នះ​មិត្ត​រួម​ជាតិ​កីឡាករ ខុន ស៊ី​ចាន់ របស់ Rudy នៅ​សិង្ហ​បុរី​កាលពី​អំឡុង​ខែកុម្ភៈ កន្លងទៅ វា​ជា​ចលករ​ជំរុញ​ទឹកចិត្ត​ឲ្យ​រូបគេ ខិតខំ​ព្យាយាម​ហ្វឹកហាត់​អភិវឌ្ឍន៍​សមត្ថភាព ដើម្បី​យកឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​រូបនេះ​។​
 
«​សម្រាប់​ការប្រកួត MMA គឺ​ខ្ញុំ​ចង់​ផ្តួល​គូប្រកួត​ឲ្យ​បាន​មុន​ទឹក ជាធម្មតា​ខ្ញុំ​តែង​ប្តូ​របើ​មិន​គេ​យើង​។ ខ្ញុំ​តាំងចិត្ត​១០០​ភាគរយ​ថា នឹង​វាយ​ឲ្យ​អស់ពី​សមត្ថភាព និង​ព្យាយាម​ផ្តួល​ដៃគូ​(Rudy Agustian)​ឲ្យ​សន្លប់​មុន​ទឹក​ទី​៣»​។ ការតាំង​ចិត្ត និង​ការបង្ហាញ​ជំនឿ​ចិត្ត​បែបនេះ​របស់ ចាន់ រតនា ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ត្រៀម​មុន​ការ​ចេញទៅ​ប្រកួត កាលពី​ថ្ងៃទី​២៧ ខែមេសា​។ 


កីឡាការិនី នៅ ស្រីពៅ (ឆ្វេង) និងកីឡាករ ចាន់ រតនា
 
​សម្រាប់ ចាន់ រតនា ការប្រកួត​គុន​ចម្រុះ គឺ​ត្រូវ​ចេះ​សិក្សា និង​ស្ទង់​ពី​សមត្ថភាព​របស់​គូប្រកួត បើ​គូប្រកួត​មាន​សមត្ថភាព ឬ​កម្លាំង​ខ្សោយ​ជាង គឺ​ត្រូវ​វាយ​ផ្តាច់ តែបើ​គូប្រកួត​ខ្លាំង​ជាង ឬ​ប្រហាក់ប្រហែល​ត្រូវ​បើ​ល្បិចកល​វាយ ដើម្បី​យកឈ្នះ​ដោយ​ពិន្ទុ​។ ប៉ុន្តែ​បើ​ទាប​ស្ទង់​ដឹងថា គូប្រកួត​ខ្លាំង​ជាង​ដាច់ គឺ​ត្រូវ​រក​វិធីសាស្ត្រ​ធ្វើយ៉ាងណា​វាយ​ឲ្យ​ចប់​ទឹក​។  
 
​លោក ហ៊ុន ចាន់​រាជ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ចម្រុះ​កម្ពុ​ជាមាន​ជំនឿ​ចិត្ត​ខ្ពស់​លើ រតនា ថា​នឹង​អាច​ប្រើ​ភាព​មានប្រៀប​របស់ខ្លួន​ផ្តួល​កីឡាករ Rudy Agustian ដើម្បី​សងសឹក​ឲ្យ​មិត្ត​រួម​ជាតិ ខុន ស៊ី​ចាន់ ដែល​ចាញ់​កីឡាករ​រូបនេះ​យ៉ាង​ឆាប់រហ័ស​កាលពីពេល​ក​ន្ល​ង​ទៅ​។ លោក ចាន់​រាជ សង្កេតឃើញថា រតនា កីឡាករ​ដែល​ឧស្សាហ៍​ព្យាយាម និង​ប្រឹងប្រែង​ហ្វឹកហាត់ ហើយ​រូបគេ​ក៏​ជា​កីឡាករ​ក្តី​រំពឹង ដែល​អាច​ឈានទៅ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ប្រចាំ​ព្រឹត្តិការណ៍ ONE សម្រាប់​កម្ពុជា​ផងដែរ​។​


លោក ហ៊ុន ចាន់រាជ អគ្គលេខាធិការសហព័ន្ធកីឡាគុនចម្រុះកម្ពុជា
 
«​ខ្ញុំ​រំពឹង​ខ្លាំង​លើ​បង រតនា ដោយសារ​លើក​នេះ គាត់​ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង​ជាង​មុន ហើយ​ដៃគូ​របស់គាត់​ក៏​ខ្លាំង​ដូចគ្នា​។ តែ​ខ្ញុំ​រំពឹងថា គាត់​នឹង​ទទួលបាន​លទ្ធផល​ល្អ​នៅ​លើក​នេះ ព្រោះ​គាត់​មានប្រៀប​លើ​គូប្រកួត​របស់គាត់ ផ្នែក​កម្លាំង​ស៊ុះ និង​ភាពរហ័សរហួន​។ ជើង រតនា គាត់​ទាត់​ប្រយោល​រហ័ស​មែនទែន ដូច្នេះ​បើ​គូប្រកួត​មិនអាច​ចាប់គាត់​បាន នឹងមាន​ការលំបាក​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហ៊ុន ចាន់​រាជ ពេល​ផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ​។ 
 
​កីឡាករ ចាន់ រតនា បាន​មើលឃើញ​ពី​ចំណុច​របស់​ដៃគូ គឺ​រូបគេ​ពូកែ​ខាង​ចាប់​ផ្តួល​គូប្រកួត ឃ្លេ និង​គ្រប់គ្រង​ស្ថានការណ៍​បានល្អ​មិន​ងាយ​រើបម្រះ​រួច ពេល​រូបគេ​មានឱកាស​ឡើង​ជិះ​លើ​កីឡាករ​ណា​ម្នាក់​។ ទន្ទឹមនឹង​ចំណុចខ្លាំង ចាន់ រតនា ក៏​មើលឃើញ​ពី​ចំណុចខ្សោយ​កីឡាករ Rudy ផងដែរ ដោយ​រូបគេ​ជា​កីឡាករ​មិនចេះ​ឈរ​វាយ​ប្រយោល និង​ឈរ​វាយ​ជាមួយ​គូប្រកួត​។ បើសិន​អាច​គ្រប់គ្រង​ការចាប់​ផ្តួល ឬ​ឃ្លេ និង​វាយ​ប្រយោល​ឲ្យ​បាន​ច្រើន រតនា មាន​ភាគរយ​ខ្ពស់​ក្នុងការ​យកឈ្នះ Rudy Asustian​។​
 
​កីឡាករ ចាន់ រតនា ត្រូវ​តតាំង​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ Rudy Agustian ក្នុង​ព្រឹត្តិការន៍ ONE for Honor នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩ នាទី​ក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូណេស៊ី​។ កីឡាការិនី នៅ ស្រី​ពៅ ត្រូវ​ប្រជែង​ជាមួយ​កីឡាការិនី​ម្ចាស់ផ្ទះ Priscilla Hertati Lumban Gaol ក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ​៕  
 

Tag:
 ប្រដាល់​គុន​ខ្មែរ​
  ONE Championship
  ចាន់ រតនា
© រក្សាសិទ្ធិដោយ thmeythmey.com