ជាតិ
សង្គមជាតិ
ស្វាយរៀង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​សិស្ស​ពូកែ​គណិតវិទ្យា ផៃ វុទ្ធី ដែល​ជាប់​លេខ​៧​ទូទាំងប្រទេស​
30, Apr 2019 , 2:51 pm        
រូបភាព
ដោយ:
ក្បួន​រថយន្ត​ដង្ហែ​ពេញ​ផ្លូវ​ក្នុង​ខេត្តស្វាយរៀង ហើយ​បន្ត​ឆ្ពោះទៅកាន់​វិទ្យាល័យ​ស្វាយរៀង អមដោយ​តន្ត្រី​ឆៃយ៉ាំ កាលពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩​។ ទិដ្ឋភាព​ទាំងនេះ គឺធ្វើឡើង​ដើម្បី​ស្វាគមន៍​សិស្ស​ឆ្នើម ផៃ វុទ្ធី ដែល​ទើប​ប្រឡង​ជាប់​សិស្ស​ពូកែ​ទូទាំងប្រទេស​នៅ​ខេត្តសៀមរាប ដោយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៧ មុខវិជ្ជា​គណិតវិទ្យា​។​

 
​យុវ​សិស្ស ផៃ វុទ្ធី ដែល​ទើបតែ​ប្រារព្ធ​ខួប​១៨​ឆ្នាំ​របស់ខ្លួន កាលពី​ពីរ​សប្តាហ៍​មុន​នោះ បាន​ក្លាយជា​យុវជន​តែ​ម្នាក់​គត់​ប្រចាំខេត្ត​ស្វាយរៀង​ដែល​ស្ថិតក្នុង​បញ្ជី​សិស្ស​ឆ្នើម​ថ្នាក់ជាតិ​ទាំង​៦០​នាក់ [​ថ្នាក់​ទី​៩ ចំនួន​៣០​នាក់ និង​ថ្នាក់​ទី​១២ ចំនួន​៣០​នាក់​] ប្រចាំឆ្នាំ​២០១៩ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​


 
​ឆ្លងកាត់​សម័យ​ប្រឡង​សិស្ស​ពូកែ​កាលពី ថ្ងៃទី​២២ ខែមេសា នៅ​ខេត្តសៀមរាប ផៃ វុទ្ធី បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៧ លើ​មុខវិជ្ជា​គណិតវិទ្យា​ថ្នាក់​ទី​១២​។ សម្រាប់​មុខវិជ្ជា​នេះ ជ័យលាភី​សុទ្ធតែជា​សិស្ស​ទាំងអស់ ដោយ សាន គឹម​ស័ង មកពី​វិទ្យាល័យ​ព្រះសីហនុ ខេត្តកំពង់ចាម លេខ​២ ប៉ែន មកពី​វិទ្យាល័យ ហ៊ុន សែន សេរីភាព ខេត្តកណ្តាល និង​លេខ​៣ អន ឧសា មកពី​វិទ្យាល័យ អន្តរជាតិ​ស្មា​ធ​ឃី​ជ ខេត្តសៀមរាប​។ 


 
​លេខ​៤ បាន​លើ ជន ឡងឌី (​តាកែវ​) លេខ​៥ បាន​លើ មុំ ធាន​វីន (​ភ្នំពេញ​) លេខ​៦ បាន​លើ ងិន សម្បត្តិ (​បាត់ដំបង​) ខណៈ ផៃ វុទ្ធី បាន​លេខ​៧ ដោយ​ឈរលើ​ជ័យលាភី​៣​រូប​ទៀត​គឺ ផៃ ធន (​កណ្តាល​), ហួង សេង​លី (​ភ្នំពេញ​) និង ម៉ា លីវ​ណ្ណ (​ក្រចេះ​)​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ក្រៅពី​ថ្នាក់ដឹកនាំ​សាលា និង​សិស្សានុសិស្ស លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង បាន​ទៅ​ស្វាគមន៍ និង​អបអរសាទរ​សិស្ស​ពូកែ​ប្រចាំខេត្ត​របស់ខ្លួន​ដោយផ្ទាល់​ផងដែរ​៕
 

Tag:
 សិស្ស​ពូកែ​
 ​គណិតវិទ្យា​
 ​ការអប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com