កីឡាជាតិ
ជាតិ
ខ្សែការពារ Jhonata Sant’anna បញ្ចប់​កិច្ចសន្យា​ជាមួយ​ភ្នំពេញ​ក្រោ​ន ដោយសារ​របួស​
30, Apr 2019 , 8:39 pm        
រូបភាព
ដោយ:
​ខ្សែការពារ​ប្រេ​ស៊ី​ល Jhonata Sant’anna Da Silva បានសម្រេច​ចែកផ្លូវ​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​មុន​កិច្ចសន្យា ក្រោយ​រងរបួស​ជង្គង់​ធ្ងន់ធ្ងរ​។ ការចាកចេញ​របស់​កីឡាករ​រូបនេះ អាចធ្វើ​ឲ្យ​ភ្នំពេញ​ក្រោ​ន​ប្រឈម​នឹង​ការខ្វះ​កីឡាករ​បរទេស ព្រោះ​ក្លិប​នេះ​ទើបតែ​បាត់បង់​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​១​រូប​កាលពីពេល​ថ្មី ខណៈ​រដូវ​កាល​ដោះដូរ​កីឡា​ត្រូវបាន​បិទ​។​

 
​គិត​ត្រឹម​សប្តាហ៍​ទី​៥ ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​បាន​បាត់បង់​កីឡាករ​បរទេស​ចំនួន​ពីររូប បន្ទាប់ពី​កីឡាករ​ប្រេ​ស៊ី​ល Jhonata Sant’anna Da Silva សម្រេច​បញ្ចប់​កិច្ចសន្យា​មុន​កាលកំណត់ ដោយសារ​របួស​ជង្គង់​នៅ​ថ្ងៃទី​៣០ ខែមេសា ក្រោយ​ការចាកចេញ​របស់​ខ្សែប្រយុទ្ធ Darlan Martins ដោយសារ​របួស​ដូចគ្នា​កាលពីពេល​ថ្មីៗ​។ 
 
«​កីឡាករ Jhonata Sant’anna Da Silva ខ្សែការពារ​កណ្តាល​រប​ស់​យើង បានសម្រេច​បញ្ចប់​កុងត្រា​ជាមួយ​ក្លិប​ក្រោយ​មាន​បញ្ហា​របួស​ធ្ងន់ធ្ងរ​លើ​ជង្គង់ ពេល​ប្រកួត​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង នាពេល​កន្លងមក ដែលជា​ហេតុ​ធ្វើ​ឲ្យ​រូបគេ​មានការ​ឈឺចាប់​ខ្លាំង និង​អាក់ខាន​មិនអាច​ចូល​លេង​ក្នុង​ទីលាន​រយៈពេល​ពី​៦​ទៅ​៨​ខែ​»​។ ក្លិប​ភ្នំពេញ​ក្រោ​ន បានបញ្ជាក់​បែបនេះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​។ 


 
​ការចាកចេញ​របស់​ខ្សែការពារ​ប្រេ​ស៊ី​ល Jhonata បន្ទាប់ពី​រូបគេ​រងរបួស​ជង្គង់​ធ្ងន់ធ្ងរ​ក្នុងអំឡុងពេល​ប្រកួត​ជាមួយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​ភ្នំពេញ​ក្រោ​ន​ចាញ់ ៥-១ នា​ជំនួប​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​ទី​៥ នៅ​ទឹកដី​ស្វាយរៀង​។ ការចាកចេញ​របស់​ខ្សែការពារ​រូបនេះ អាចធ្វើ​ឲ្យ​ភ្នំពេញ​ក្រោ​ន​ប្រឈម​នឹង​ការខ្វះ​កីឡាករ​បរទេស​ប្រើប្រាស់ ខណៈ​រដូវ​កាល​ដោះដូរ​កីឡាករ​ត្រូវ​រង់ចាំ​រហូត​ជើង​ទី​២​។ ៥​ប្រកួត​កន្លងមក​រប​ស់​ភ្នំពេញ​ក្រោ​ន ហាក់​ទទួលបាន​លទ្ធផល​មិន​គាប់ប្រសើរ ដោយ​ឈ្នះ​២ និង​ចាញ់​៣​។ 
 
​កីឡាករ​ប្រេ​ស៊ី​ល​ខាងលើ​បាន​ចូលរួម​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៨ ដោយ​រូបគេ​បានបង្ហាញ​ខ្លួន​ក្នុង​ការប្រកួត​ផ្លូវការ​ជាមួយ​ក្លិប​នេះ​បាន​៤​លើក​៕   

Tag:
 បាល់ទាត់​
  ភ្នំពេញ​ក្រោ​ន​
  Jhonata Sant’anna
© រក្សាសិទ្ធិដោយ thmeythmey.com