ជាតិ
EBA៖ រក្សា​ស្ថិរភាព​វិនិយោគ​, បង្កើន​សមត្ថភាព​កម្ម​ករ​ជំនាញ​, បោះទុន​លើ​វិស័យ​សេវាកម្ម គឺជា​អ្វីដែល​ចិន​អាចជួយ​កម្ពុជា
30, Apr 2019 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ដើម្បី​រក្សា​លំនឹង​សេដ្ឋកិច្ចកម្ពុជា​នោះ មេដឹកនាំ​ចិន បាន​សន្យា​ចេញមុខ​ជួយ​ដោះស្រាយ​និង​ទ្រទ្រង់​ពាណិជ្ជកម្ម​មិត្ត​ដែកថែប​ខ្លួន ក្នុងការ​ទប់ទល់​នឹង​បញ្ហា​អនុគ្រោះ​ពន្ធ (Everything But Arms) ដែល​កម្ពុជា​អាច​ប្រឈម​នឹង​ការបាត់បង់​នាពេល​អនាគត​។ តើ​ចិន​នឹង​ជួយ​ដល់​កម្ពុជា តាម​វិធី​ណា​?


 
​អ្នកវិភាគ និង​អ្នកជំនាញ ក៏​មិនទាន់​អាចសន្និដ្ឋាន​ច្បាស់​ពី​គោលបំណង​ចិន ដែល​អាចជួយ​កម្ពុជា តាមរបៀប​ណា​ដែរ​។ ប៉ុន្តែ​អ្វីដែល​អ្នកជំនាញ​មើលឃើញ​នោះ គឺ​ចិន​អាចជួយ​កម្ពុជា នៅ​ផ្នែក​វិនិយោគ , ការអភិវឌ្ឍ និង​ពង្រឹងសមត្ថភាព​កម្មក​រ​ជំនាញ សម្រាប់​កម្ពុជា​អាចមាន​លទ្ធភាព​ទ្រទ្រង់​សេដ្ឋកិច្ច​ខ្លួន​។​



 
​ត្រង់ចំណុច​នេះ​លោក ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បាន​និយាយថា ការសន្យា​របស់​ចិន​ជួយ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ចកម្ពុជា​នេះ ទំនងជា​ចិន​អាច​រក្សា​លំនឹង​វិនិយោគ ដោយ​ឲ្យ​ក្រុមហ៊ុន​ចិន​ទាំងអស់​បន្ត​រកស៊ី​នៅ​កម្ពុជា ដោយ​កុំ​ងាក​ទៅ​វិនិយោគ​នៅ​ប្រទេស​ផ្សេង​។ ចំណុច​ទី​២ ដែល​លោក ឈាង វណ្ណា​រិ​ទ្ធ មើលឃើញ​នោះ គឺ​ចិន​អាចជួយ​ជំរុញ​សមត្ថភាព​ការងារ​ផលិត និង​បង្កើន​កម្មករ​ជំនាញ សម្រាប់​កម្ពុជា អាចមាន​លទ្ធភាព​បង្កើត និង​ផលិត​អ្វី​បាន ដូច​ប្រទេស​អភិវឌ្ឍ​។ ជាពិសេស​ការបោះ​ទុនវិនិយោគ​បន្ថែម លើ​វិស័យ​សេវាកម្ម និង​កម្មន្តសាល​ជាដើម ដើម្បី​ជួយ​ទ្រទ្រង់ និង​ការពារ​ហានិភ័យ នៅពេល​កម្មករ​បាត់បង់​ការងារ​ធ្វើ​។​
 
​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​វា​ពិបាក​នឹង​ទស្ស​ទាយ​ថា ចិន​នឹង​ជួយ​កម្ពុជា​តាមរបៀប​ណា​។ ក៏ប៉ុន្តែ​ចិន​អាចជួយ​បាន ជំរុញ​ឲ្យ​ក្រុមហ៊ុន​ចិន កុំ​ដក​ទៅ​ប្រទេស​ផ្សេង​។ ដូច្នេះ​ត្រូវមាន​យន្តការ​មួយ ដើម្បី​ជាការ​លើកទឹកចិត្ត​ក្រុមហ៊ុន​ចិន ដែល​ផលិត​នៅ​កម្ពុជា ជាពិសេស​ផ្នែក​កាត់ដេរ វាយនភ័ណ្ឌ កុំទៅ​បង់​ក្លា​ដេ​ស ឬ​ភូមា​។ ទី​២ គឺ​ការជំរុញ​ធ្វើ​ឲ្យ​សម្បូរបែប​នៃ​វិស័យសេដ្ឋកិច្ច ជាពិសេស​ឈានទៅរក​វិស័យសេដ្ឋកិច្ច​មួយ ដែល​ទាក់ទង​នឹង​ចំណេះដឹង​ផ្ដោត​សំខាន់​លើ​សេវាកម្ម​។ ហើយ​ចិន​ត្រូវ​ពង្រឹងសមត្ថភាព​កម្មក​រ​កម្ពុជា​ឲ្យ​មាន​ជំនាញ​ទៅរក​វិស័យ​កម្មន្តសាល និង​សេវាកម្ម​នាពេល​អនាគត​»​។​
 
​ទាក់ទង​នឹង​ចំណុច​នេះដែរ លោក ប៉ូ សូ​វិ​ន​ដា អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិ​ការ​និង​សន្តិភាព បាន​និយាយថា បើ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​នោះ វា​ពិតជា​ជះឥទ្ធិពល​អាក្រក​ដល់​សេដ្ឋកិច្ចកម្ពុជា ខណៈដែល​ចិន ក៏​មិន​អាចជួយ​ទ្រទ្រង់​ទីផ្សារ​សេដ្ឋកិច្ចកម្ពុជា ដូច​សហភាព​អឺរ៉ុប​ដ៏​ធំ​ផងដែរ​។ ប៉ុន្តែ​អ្វីដែល​ចិន​អាចជួយ​កម្ពុជា​នោះ គឺ​ការបន្ត​វិនិយោគ​លើ​វិស័យ​សេវាកម្ម ដូចជា​អចលនទ្រព្យ និង​ទេសចរណ៍​ជាដើម​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ប៉ូ សូ​វិ​ន​ដា បាន​និយាយ​ដូច្នេះ​ថា​៖«​ចិន​ប្រហែលជា​ជួយ​កម្ពុជា ក្នុង​ការជួយ​អភិវឌ្ឍ​កន្លែង​កម្សាន្ត​( Resort)​បន្ថែមទៀត នៅតាម​ខេត្ត​ដូចជា​នៅ​ខេត្ត​ព្រះសីហនុ កំពត កោះកុង និង​សៀមរាប ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេស​ចិន​បន្ថែម​មក​កម្ពុជា​»​។​
 
​ការវិនិយោគ​បន្ថែម​លើ​វិស័យ​ទាំងនេះ វា​អាចជួយ​ទ្រទ្រង់ និង​ការពារ​ភាព​អត់​ការងារ​ធ្វើ​របស់​កម្មករ​រោងចក្រ ដែល​អាច​បាត់បង់​នាពេល​អនាគត​។ ហើយ​ចិន​ក៏​អាច​ផ្ដល់​កម្ចី​ឥណទាន​សម្បទាន និង​ជំនួយ​ដោយ​គ្មាន​លក្ខខណ្ឌ​ផងដែរ​។ នេះ​បើតាម​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិ​ការ​និង​សន្តិភាព​។​
 
​ក្នុងជំនួប​ដោយឡែក​រវាង​មេដឹកនាំ​ចិន ទាំង​លោក ស៊ី ជិន​ភីង ប្រធានាធិបតី​ចិន និង​លោក លី ខឹង​ឈាង នាយករដ្ឋមន្ត្រី​ចិន ជាមួយ​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន សុទ្ធតែ​បានបង្ហាញ​ជំហរ​យ៉ាង​មុតមាំ​ថា ចិន នឹង​ជួយ​ដោះស្រាយ​គ្រប់​បញ្ហា​របស់​កម្ពុជា ដោយ​ក្នុងនោះ រួមទាំង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​សហភាព​អឺរ៉ុប​គ្រោង​នឹង​ព្យួរ​ផងដែរ​៕

Tag:
 ឈាង វណ្ណា​រិ​ទ្ធ​
  EBA
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com