កីឡាជាតិ
ជាតិ
ត្បូងឃ្មុំ កោះកុង សៀមរាប កំពង់ធំ ជាក្រុមម្ចាស់ផ្ទះពានរង្វាន់សម្តេច ហ៊ុន សែន វគ្គ១/៤ លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិនៃគណៈកម្មាធិការប្រកួតបាល់ទាត់ជាតិកម្ពុជា
× ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត បានចាប់ឆ្នោតការប្រកួតវគ្គ៨ក្រុមចុងក្រោយ(១/៤)រួចរាល់ហើយកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។ ត្បូងឃ្មុំ កោះកុង សៀមរាប និងកំពង់ធំអាចទុកជាក្រុមមានប្រៀបក្នុងវគ្គនេះ បន្ទាប់ពីពួកគេទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ។
ត្បូងឃ្មុំ កោះកុង សៀមរាប និងកំពង់ធំជាក្រុមមានប្រៀបខ្ពស់ក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត។ ការរំពឹងបែបនេះ បន្ទាប់ពីពួកគេទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់នេះ។ ជាក់ស្តែងក្រុមទាំង៨ ដែលទទួលបានកៅអីឡើងមកប្រកួតនៅវគ្គ១/៤ សុទ្ធសឹងជាក្រុមម្ចាស់ផ្ទះក្នុងវគ្គ១៦ក្រុមចុងក្រោយ។ តែលទ្ធផលជាក់ស្តែងយ៉ាងណា វាអាស្រ័យលើការខិតខំ និងបច្ចេកទេសក្នុងការលេងរបស់ក្រុមនីមួយៗ។
តាមលទ្ធផលចាប់ឆ្នោតវគ្គ១/៤ ដែលធ្វើឡើងតាមរូបមន្តក្រុមចាប់បានមុនជាម្ចាស់ផ្ទះនិងក្រុមចាប់បានក្រោយជាភ្ញៀវ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ក្រុមត្បូងឃ្មុំត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ភ្ញៀវព្រៃវែង ខណៈកោះកុងតទល់ជាមួយកំពត នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ដូចគ្នា។ ចំណែកក្រុមសៀមរាបត្រូវតតាំងជាមួយកែបនៅកីឡដ្ឋានខេត្តសៀមរាប ស្របពេលកំពង់ធំជួបរតនគិរីនៅកីឡដ្ឋានខេត្តកំពង់ធំ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ដូចគ្នា។
ការប្រកួតធ្វើឡើងតែមួយជើងប៉ុណ្ណោះ ពោលគឺក្រុមឈ្នះក្នុងវគ្គនេះ នឹងទទួលបានកៅអីឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលនៃពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្តនេះតែម្តង៕
Tag:
បាល់ទាត់
ឆាំង ពិសិដ្ឋ
Hun Sen Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com