កីឡាអន្តរជាតិ
អន្តរជាតិ
Pita អត្តពលិកតុងហ្គាដែលចូលចិត្តដើរដោះអាវ ដាក់គោលដៅទៅអូឡាំពិកលើកទី៣
× កីឡាករ Pita Taufatofua ដែលគេស្គាល់ថាជាអត្តពលិកតែម្នាក់គត់ដែលទទួលបានភាពល្បីល្បាញតាមរយៈការដើរក្បួនដោះអាវតំណាងឲ្យប្រទេសតុងហ្គាក្នុងព្រឹត្តិការណ៍អូឡាំពិកពីរលើកកន្លងមក បានដាក់គោលដៅចូលរួមកីឡាអូឡាំពិកជាលើកទៅ៣ ដែលធ្វើឡើងក្នុងក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០។
ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកលើកនេះ Pita សង្ឃឹមយ៉ាងមុតមាំថានឹងបង្កើតប្រវត្តិសាស្ត្រថ្មីដោយចូលរួមប្រកួតប្រជែងចំនួន២ប្រភេទកីឡាតែម្នាក់ឯង។
បន្ថែមពីលើកីឡាតេក្វាន់ដូ កីឡាករកូនកាត់អូស្ត្រាលី តុងហ្គាវ័យ៣៥ឆ្នាំរូបនេះនឹងចូលរួមការប្រកួតប្រណាំងទូកកាយ៉ាក់មួយទៀតដែលខ្លួនទើបបានហ្វឹកហាត់រយៈ៣មកនេះ។
ក្នុងបទសម្ភាសន៍ជាមួយពិធីការិនី Amanda Davies របស់ទូរទស្សន៍ CNN លោក Pita បានបង្ហាញពីបំណងរបស់ខ្លួនថា៖«គោលដៅក្នុងឆ្នាំ ២០២០ នេះគឺដើម្បីក្លាយជាមនុស្សដំបូងគេក្នុងសម័យទំនើបក្នុងនាមជាកីឡាករដែលបានចូលរួមប្រកួតកីឡាអូឡាំពិកនៅប្រទេស៣ផ្សេងគ្នា និងជាកីឡាដែលលេងពីរប្រភេទកីឡា ក្វាន់ដូ និងកាយ៉ាក់»។
Pita ដែលមានឪពុកជាជនជាតិតុហ្គា និងម្តាយអូស្ត្រាលី ធ្លាប់បង្ហាញខ្លួនតំណាងឲ្យប្រទេសតុងហ្គាសម្រាប់កីឡាតេក្វាន់ដូក្នុងកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០១៦ នៅក្រុងរីយ៉ូ ប្រទេសប្រេស៊ីល និងកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ ក្នុងក្រុងព្យុងឆាងប្រទេសកូរ៉េខាងត្បូង ក្នុងប្រភេទកីឡាស្គីទឹកកក (Skiing)។
បើទោះជាអាកាសធាតុត្រជាក់ខ្លាំងក៏ Pita Taufatofua នៅតែប្រើសម្លៀកប្រពៃណីតុងហ្គារបស់ខ្លួនបង្ហាញក្នុងពិធីបើកកីឡាអូឡាំពិករដូវរងានៅកូរ៉េខាងត្បុងឆ្នាំ២០១៨
បើទោះជាមិនបានទទួលមេដាយពីព្រឹត្តិការណ៍កីឡានេះក្តី ប៉ុន្តែអ្វីដែលធ្វើឲ្យ Pita ទទួលបានការចាប់អារម្មណ៍ខ្លាំងនោះគឺដោយសារភាពលេចធ្លោតាមរយៈការបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ដោះអាវបែបប្រពៃណី ជាមួយទង់ជាតិតុងហ្គា បូកផ្សំទាំងរូបសម្បត្តិស្រស់សង្ហារបស់គេនាពិធីបើកកីឡាអូឡាំពិកឆ្នាំ២០១៦។ នៅកូរ៉េខាងត្បូងឆ្នាំ២០១៨ រូបគេនៅតែបង្ហញខ្លួនក្នុងរូបភាពដូចគ្នានេះដដែល បើទោះជាមានអាកាសធាតុត្រជាក់ខ្លាំងក៏ដោយ។
តុងហ្គាមានអត្តពលិកតែម្នាក់ប៉ុណ្ណោះគឺ Pita នេះឯងចួលរួមចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០១៦ និង២០១៨កន្លងមក៕
Tag:
កីឡាអូឡាំពិក
Pita Taufatofua
© រក្សាសិទ្ធិដោយ thmeythmey.com