ជាតិ
សង្គមជាតិ
នគរបាលជាតិ ថា កម្ពុជាមិនអនុញ្ញាតឲ្យសហគ្រាសនិងក្រុមហ៊ុន ជ្រើសរើសសន្ដិសុខជាជនបរទេសឡើយ
× ភ្នំពេញ៖ កម្ពុជាដាច់ខាតមិនអនុញ្ញាតឲ្យមានជនបរទេសបម្រើការងារជាភ្នាក់ងារសន្ដិសុខឯកជនឡើយ។ នេះជាការអះអាងរបស់លោក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជននៃក្រសួងមហាផ្ទៃ ធ្វើឡើងបន្ទាប់ពីមានសណ្ឋាគារនិងកាស៊ីណូមួយកន្លែងនៅខេត្តព្រះសីហនុ បានជ្រើសរើសសន្តិសុខឯកជនជាជនជាតិចិន។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានស្រង់សម្តី លោក លឹម សុខារស្មី ថា កម្ពុជាមិនអនុញ្ញាតដាច់ខាត ចំពោះបណ្ដាសហគ្រាស-ក្រុមហ៊ុន ដែលជ្រើសរើសជនជាតិបរទេសមកបម្រើការងារជាភ្នាក់ងារសន្ដិសុខឯកជនឡើយ។ បើមានករណីនេះកើតឡើងត្រូវតែរាយការណ៍ជូននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជនជាបន្ទាន់ ដើម្បីមានវិធានការផ្លូវច្បាប់។ បើតាមលោក សុខារស្មី សមត្ថកិច្ចនឹងបញ្ឈប់សកម្មភាពបែបនេះភ្លាម បើសិនជាមានករណីនេះកើតឡើង។
លោក បានអះអាងថា «កម្ពុជាមានកម្លាំងពលកម្មច្រើន។ ដូច្នេះគ្មានហេតុផលអ្វីដែលត្រូវឲ្យជនបរទេសមកធ្វើការងារជាភ្នាក់សន្ដិសុខនោះទេ។ ពោលច្បាប់កម្ពុជាមិនអនុញ្ញាតបែបនេះឡើយ»។
ក្រុមហ៊ុនសន្ដិសុខឯកជន មុននឹងបើកដំណើរការអាជីវកម្ម ត្រូវតែសុំច្បាប់អនុញ្ញាតជាមុនសិន ពីស្ថាប័នមានសមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធ។ បើមិនដូច្នេះទេ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ឬទទួលរងពិន័យទៅតាមអ្វីដែលកំណត់ដោយច្បាប់ជាធរមាន។ បើតាមលោក សុខារស្មី។
កាលពីពេលថ្មីៗនេះ មានករណីសណ្ឋាគារ និងកាស៊ីណូដែលមានយីហោ« តុង យៀង» នៅខេត្តព្រះសីហនុ បានជ្រើសរើសក្រុមសន្តិសុខជាជនបរទេសគ្មានច្បាប់ទម្លាប់ ហើយកម្លាំងមានសមត្ថកិច្ចបានហៅម្ចាស់ទីតាំងធ្វើកិច្ចសន្យា និងបញ្ឈប់សកម្មភាពជាបន្ទាន់ កាលពីថ្ងៃទី២៩មេសា ឆ្នាំ២០១៩។ លោកស្រី Liu Jie ជនជាតិចិន ជាតំណាងឱ្យសណ្ឋាគារ-កាស៊ីណូ «តុង យៀង» បាននិយាយថា ការជ្រើសរើសសន្តិសុខឯកជនជាជនបរទេសនេះ ធ្វើឡើងបានមួយថ្ងៃ ក៏រំសាយទៅវិញដោយមានការអន្តរាគមន៍ពីអាជ្ញាធរ។ នេះបើតាមប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន៕
© រក្សាសិទ្ធិដោយ thmeythmey.com