ក្រុមណាហ្គាវើលត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ស្វាគមន៍ក្រុម Hanoi FC របស់វៀតណាម សម្រាប់ជំនួបជើងទី២វគ្គជម្រុះ AFC Cup 2019 នៅម៉ោង៥រសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩។ គ្រូបង្វឹកក្រុមណាហ្គាវើល ដែលប្តេជ្ញាមិនឲ្យរបូតគ្រាប់បាល់ច្រើនដូចជើងទី១ រំពឹងកត្តាទីលាននិងអាកាសធាតុរួមចំណែកជួយឲ្យក្រុមខ្លួនទទួលបានលទ្ធផលល្អ ខណៈដែលគ្រូបង្វឹក Hanoi FC ចាត់ទុកកត្តាទាំងពីរជាបញ្ហាប្រឈមសម្រាប់ពួកគេ។
ក្រុមណាហ្គាវើល ដែលចាញ់ Hanoi FC របស់វៀតណាម ១០-០ នាជំនួបជើងទី១ ហាក់មានជំនឿលើកត្តាទីលាន និងអាកាសធាតុក្នុងការរួមចំណែកជួយក្រុមទទួលបានលទ្ធផលល្អ នាជំនួបជើងទី២ជាមួយ Hanoi នៅថ្ងៃនេះ។ ការប្រកួតនៅម៉ោង៥ត្រូវបានគ្រូបង្វឹកណាហ្គាវើល ចាត់ទុកជាពេលវេលាមួយដ៏ល្អសម្រាប់ណាហ្គាផងដែរ។
«ការលេងនៅម៉ោង៥ គឺវាល្អសម្រាប់ក្រុមយើង តែបើបានលេងនៅម៉ោង៤ ឬ៣រសៀល វាកាន់តែល្អ។ ខ្ញុំជឿថា ការលេងនៅម៉ោង៥វាជាឱកាសល្អសម្រាប់យើង នឹងធ្វើបានល្អ។ ម្យ៉ាងវិញទៀត ខ្ញុំជឿជាក់ថា ទីលានសិប្បនិម្មិតស្តាតអូឡាំពិកនេះ ជាទីលានសំណាងមួយសម្រាប់ណាហ្គា ព្រោះណាហ្គាតែងតែលេងបានល្អនៅលើទីលានមួយនេះ»។ នេះជាការលើកឡើងរបស់លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត។
មិនខុសពីគ្រូបង្វឹកនោះទេ កីឡាករកូនកាត់ខ្មែរ-បារាំង គួច ដានី បានចាត់ទុកការប្រកួតនៅម៉ោង៥រសៀល ជាឱកាសល្អសម្រាប់ក្រុមខ្លួន ក្នុងការយកប្រៀបលើក្រុម Hanoi FC ដែលមិនធ្លាប់ប្រកួតក្នុងពេលវេលានេះ។ ដានី រំពឹងថា ណាហ្គាវើលនឹងធ្វើបានល្អជាងជំនួបជើងទី១ ខណៈកីឡាករទាំងអស់មានការយល់ចិត្តកាន់ល្អជាងមុន។
«សម្រាប់ការប្រកួតថ្ងៃនេះ វាជាការប្រកួតមួយដ៏ល្អសម្រាប់ណាហ្គា ដោយសារយើងលេងនៅម៉ោង៥ ព្រោះយើងស៊ាំនឹងការហ្វឹកហាត់នៅម៉ោង៣ ម៉ោងក្តៅ។ ខ្ញុំជឿជាក់ថា នៅតង់ទី១ក្រុមយើងនឹងធ្វើបានល្អ ហើយតង់ទី២ ក៏ធ្វើបានល្អដូចគ្នាដោយសារយើងធ្លាប់ប្រកួតកាលពីលើកមុន»។ នេះជាការលើកឡើងរបស់កីឡាករ គួច ដានី។
ទន្ទឹមនឹងនេះ លោក Chu Din Nghiem គ្រូបង្វឹកក្រុម Hanoi FC បានចាត់ទុកកត្តាអាកាសធាតុ ទីលាន និងពេលវេលាប្រកួតជាបញ្ហាប្រឈម ដែលអាចធ្វើឲ្យប៉ះពាល់ដល់ទម្រង់លេងរបស់ក្រុម។ គ្រូបង្វឹករូបនេះមិនរំពឹងថា ក្រុមខ្លួនអាចរកគ្រាប់បាល់បានច្រើនដូចជើងទី១នោះទេ សម្រាប់ជំនួបជើងទី២នេះ។
«សម្រាប់ខ្ញុំមានកត្តាប្រឈមធំៗ៣ គឺទី១ អាកាសធាតុក្តៅខុសពីហាណូយដែលមានអាកាសធាតុចន្លោះពី១៨ទៅ២០អង្សារ ទី២ ម៉ោងប្រកួតនៅហាណូយយើងតែងតែលេងនៅម៉ោង៧ពីយប់ តែយើងប្តូរមកលេងនៅម៉ោង៥សម្រាប់ការប្រកួតថ្ងៃនេះ និងទី៣ ក្រុមតែងតែលេងលើស្មៅធម្មជាតិ តែថ្ងៃនេះយើងត្រូវលេងលើស្មៅសិប្បនិម្មិត ដែលអាចធ្វើឲ្យប៉ះពាល់ទម្រង់លេងរបស់ក្រុម»។ នេះជាការលើកឡើងរបស់លោក Chu Din Nghiem។
គ្រូបង្វឹករូបនេះបានចាត់ទុកការរកគ្រាប់បាល់យ៉ាងច្រើនលើសលប់នាជំនួបជើងទី១នៅលើទឹកដីខ្លួន វាបានកើតឡើងពីសំណាងរបស់ក្រុម ដោយសារណាហ្គាវើលស្ថិតក្នុងដំណាក់កាលនៃការចាប់ផ្តើមដំបូង។ ទោះបីការចាប់ផ្តើមកន្លងមករបស់ណាហ្គាវើលមិនទទួលបានលទ្ធផលល្អក៏ដោយ តែលោកទទួលស្គាល់ថា ក្រុមជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០១៨មួយនេះ ជាក្រុមដែលខ្លាំងក្នុងប្រកួតក្នុងទឹកដី។ លើសពីនេះ ពួកគេមានកីឡាករឆ្នើម៣រូប ដែលអាចបង្កគ្រោះថ្នាក់ដល់ Hanoi រួមមានខ្សែប្រយុទ្ធនីហ្សេរីយ៉ា Esoh Paul Omogba, ខ្សែបម្រើ Amir Gurbani និងខ្សែប្រយុទ្ធ Atuheire Kipson។
សម្រាប់ការប្រកួតវគ្គជម្រុះ AFC Cup 2019 នៅម៉ោង៥រសៀលថ្ងៃទី១ ខែឧសភា នាពហុកីឡដ្ឋានជាតិនេះ លោក មាស ចាន់ណា បានអះអាងថា លោកនឹងប្រើប្រព័ន្ធការពារថ្មី ដើម្បីទប់ទល់ពីការវាយបករបស់ក្រុម Hanoi FC។ លោកជឿជាក់ថា ប្រព័ន្ធនេះបង្កការលំបាកដល់ក្រុមភ្ញៀវក្នុងការសម្រេចទី។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖«ទាក់ទងនឹងគ្រូបង្វឹក បើជើងទី១ចាញ់ច្រើន ហើយជើងទី២បន្តចាញ់ច្រើនទៀត បានន័យថាគ្រូបង្វឹកនឹងកាន់តែអន់។ រឿងទាត់បាល់ចូលច្រើនដូចមុន គឺមិនឲ្យដូចមុននោះទេ យើងនឹងព្យាយាមឲ្យតិចបំផុត។ ដោយសារយើងរៀបចំប្រព័ន្ធការពារថ្មីមួយទៀត ខ្ញុំជឿថា ពួកគេនឹងពិបាកចូលមកកន្លែងយើង»។
ក្រុមណាហ្គាវើលទាមទារយកឈ្នះក្រុម Hanoi ដាច់ខាតនៅថ្ងៃនេះ បើពុំដូច្នេះទេ ពួកគេនឹងអស់ឱកាសប្រជែងកៅអីឡើងទៅបន្តនៃព្រឹត្តិការណ៍ AFC Cup 2019 ទោះបីពួកគេបញ្ចប់ក្នុងលទ្ធផលស្មើក៏ដោយ។ បច្ចុប្បន្ន Hanoi ស្ថិតនៅលេខរៀងទី២មាន៧ពិន្ទុ ខណៈណាហ្គាវើលស្ថិតនៅលេខរៀងទី៣ មាន៣ពិន្ទុ៕