ជាតិ
រថយន្ត
សង្គមជាតិ
រដ្ឋមន្ត្រី​សាធារណការ​៖ «​យើង​នឹង​យក​មេរៀន​ពី​ខេត្ត​ព្រះសីហនុ ទៅ​អនុវត្ត​នៅ​កំពត កែប និង​កោះកុង​…»
01, May 2019 , 5:15 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួង៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ចុះពិនិត្យអាងប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងព្រះសីហនុ កាលពីថ្ងៃទី៣០ មេសា
រូបពីហ្វេសប៊ុកក្រសួង៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ចុះពិនិត្យអាងប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងព្រះសីហនុ កាលពីថ្ងៃទី៣០ មេសា
​ភ្នំពេញ​៖ ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស នៅក្នុង​ខេត្ត​ព្រះសីហនុ បានធ្វើ​ឲ្យ​តំបន់​ទេសចរណ៍​មួយ​នេះ ប្រឈមមុខ​នឹង​បញ្ហា​បរិស្ថាន ទាក់ទង​នឹង​ការបង្ហូរ​ទឹក​កខ្វក់​ចូលក្នុង​សមុទ្រ​។ អន្តរក្រសួង កំពុង​មមាញឹក​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​នេះ ហើយ​ថែមទាំង​សន្យា​យក​មេរៀន​ពី​ខេត្ត​ព្រះសីហនុ ទៅ​អនុវត្ត​នៅ​តំបន់​ខេត្ត​ទេសចរណ៍​ផ្សេង​ទៀតផង​។​

 
​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ទទួលស្គាល់ថា បញ្ហា​ដោះស្រាយ​រឿង​ទឹក​កខ្វក់ គឺជា​កំហុស​របស់​ក្រសួង​សាធារណការ និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងទៀត ដែល​ខ្វះចន្លោះ​ការរៀបចំ​ផែន​មេ​ទុកជាមុន ស្រប​ពេលដែល​តំបន់​ខេត្ត​ព្រះសីហនុ មានការ​រីកចម្រើន និង​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស លើស​ការរំពឹងទុក​។ ក្រោយ​ទទួល​ស្គាល់ពី​ចំណុច​ខ្វះខាត​របស់​ក្រសួង​ហើយ លោក ស៊ុន ចាន់ថុល អះអាងថា ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ កំពុង​យកចិត្តទុកដាក់​ទទួល​ខុសត្រូវ​លើ​បញ្ហា​នេះ ហើយ​ចេញមុខ​ដោះស្រាយ​បន្តបន្ទាប់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។ 


រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
 
​លោក ស៊ុន ចាន់ថុល ចាត់ទុក​បញ្ហា​ទឹក​កខ្វក់​ខេត្ត​ព្រះសីហនុ​នេះ គឺជា​មេរៀន​មួយ សម្រាប់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត យក​ធ្វើជា​បទពិសោធន៍ ក្នុងការ​រៀបចំ​ទីតាំង​កំពុងអភិវឌ្ឍន៍ នៅតាម​តំបន់​មាត់សមុទ្រ​ផ្សេង​ទៀតផង​។ 
 
​សូម​ស្ដាប់​សំឡេង​លោក ស៊ុន ចាន់ថុល​៖



 
​ថ្លែង​ក្រោយ​ចុះ​ត្រួតពិនិត្យ​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ក្រុងព្រះសីហនុ ជាមួយ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និង​ខាង​ក្រសួងបរិស្ថាន រួមទាំង​អភិបាលខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​៣០ មេសា​នោះ រដ្ឋមន្ត្រីក្រសួង​សាធារណការ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​យើង​យក​មេរៀន​ពី​ក្រុងព្រះសីហនុ​នេះ ទៅ​អនុវត្ត​នៅ​កំពត នៅ​កែប នៅ​កោះកុង ។​ល​។ ខ្ញុំ​ឲ្យ​ធ្វើ​ផែនការមេ​ហើយ​។ ទីក្រុង​ធំ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ បានធ្វើ​(​ផែនការមេ​) ហើយ​។​ល​។ ចៀសវាង​ការខូចខាត​បរិស្ថាន ដោយ​យើង​មិនបាន​គិតគូរ​ពី​ការ​ចម្រោះ​ទឹក​កខ្វក់​នេះឯង​»​។​


រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
 
​ដោយសារ​តែមាន​ការហូ​រ​ចូល​នូវ​វិនិយោគ​ចម្រុះ និង​ពហុ​បំណង​តាមរយៈ​ការសាងសង់​អគារ ខុន​ដូរ រមណីយដ្ឋាន និង​អគារ​ពាណិជ្ជកម្ម ព្រមទាំង​រោងចក្រ​កាត់ដេរ​ជាច្រើន ទើប​ធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ ជួបប្រទះ​បញ្ហា​ទឹក​កខ្វក់​បែបនេះ​។ នេះ​ជាការ​លើកឡើង​របស់លោក ស៊ុន ចាន់ថុល ដែល​ហាម​ម្ចាស់​អាជីវកម្ម​ទាំងអស់ បង្ហូរទឹក​ខ្វក់​ចូលក្នុង​ទឹកសមុទ្រ ពោលគឺ​ត្រូវតែ​រៀបចំ​ប្រព័ន្ធ​ចម្រោះ​ទឹក​ចូលមក​ប្រព័ន្ធ​មេ​របស់​ខេត្ត​ដែល​កំពុង​រៀបចំ​នេះ ដើម្បី​ធានា​គុណភាព​ទឹកសមុទ្រ និង​បរិស្ថាន​កម្ពុជា​។ ហើយ​បើ​ម្ចាស់​អាជីវក​ម្មណា ប្រព្រឹត្តិ​ខុស​បម្រាម​នោះ នឹង​ប្រឈមមុខ​ផ្លូវច្បាប់​។​


រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
 
​បើតាម​លោក ស៊ុន ចាន់ថុល ការរៀបចំ​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នេះ គឺ​ចំណាយ​ថវិកា​ប្រមាណ​២០០​លាន​ដុល្លារ​អាមេរិក ដែលជា​ជំនួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​ភ្នាក់ងារ​អភិវឌ្ឍ​បារាំង (AFD) រួមទាំង​ប្រាក់​បដិភាគ​របស់​រដ្ឋា​ភិ​បាល​ផងដែរ​។ 


រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
 
​តាមរយៈ​ការរៀបចំ​បច្ចេកទេស​ថ្មី អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នេះ អាចមាន​លទ្ធភាព​ចម្រោះ​ទឹកស្អាត​បាន​យ៉ាង​តិចជាង​៤​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ ខណៈ​បច្ចុប្បន្ន​ទឹកស្អាត​ប្រើប្រាស់​ទូទាំង​ខេត្ត​ព្រះសីហនុ មាន​ជាង​៥​ម៉ឺន​មែត្រ​គូប​។ ចំណែក​អាង​ចម្រោះ​ទឹក​កខ្វក់​មួយទៀត គ្រោង​ធ្វើ​នៅក្រោម​ដី​បឹង​ព្រែក​ទប់ ដែល​អាចមាន​លទ្ធភាព​ចម្រោះ​ទឹកបាន​២​ម៉ឺន​ម៉ែត្រគូប​។ ក្រសួង​គ្រោង​រៀបចំ​អាង​ចម្រោះ​ទឹកស្អាត​ឲ្យ​បាន​ជាង​៦​ម៉ឺន​ម៉ែត្រគូប និង​ឈានដល់​៨​ម៉ឺន​ម៉ែត្រគូប នៅ​ឆ្នាំ​២០៣០ ដែល​អាច​ធានា​ដល់​ការប្រើប្រាស់​ទឹកស្អាត​ប្រជាពលរដ្ឋ​។ នេះ​បើតាម​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​
 
អត្ថបទទាក់ទង
 
 
​បច្ចុប្បន្ន​អាជ្ញាធរខេត្ត​ព្រះសីហនុ កំពុង​សាងសង​ស្ថានីយ៍​បូមទឹក​កខ្វក់​៤​កន្លែង ដើម្បី​បូមទឹក​សំណល់​រាវ​បញ្ចូល​ទៅ​អាង​ចម្រោះ មុននឹង​បង្ហូរ​ចូលទៅ​សមុទ្រ​។ ស្ថានីយ៍​បូម​ទាំង​៤​នេះ រួមមាន​ទី​១ នៅក្បែរ​អគារ​សណ្ឋាគារ​អេ​ម៉ា​រី​យ៉ូ ស្ថិតក្នុង​សង្កាត់​លេខ​៣ ។ ទី​២ ស្ថិត​នៅជាប់​បរិវេណ​ស​ណ្ឋា​គារ​សុខា​។ ទី​៣ ស្ថិតនៅ​ក្បែរ​អូរ នៃ​អគា ឌី ស៊ី​ហ៊ូ និង​ទី​៤ ស្ថិតនៅ​ម្តុំ​ទីតាំង​ផ្លូ​ចុះទៅ​ផែ​អូប័រ​ទៅ​កោះរ៉ុង ដើម​ឆ្នេរ​អូរ​ឈើទាល ៕


រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន


រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន


រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន


រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
 

Tag:
 ស៊ុន ចាន់ថុល
  ទឹក​កខ្វក់​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com