ONE Championship
កីឡាជាតិ
ជាតិ
រឿង​ត្រូវ​ដឹង​រវាង នៅ ស្រី​ពៅ និង​ជើង​ខ្លាំង Priscilla លើស​ង្វៀន ONE Championship
01, May 2019 , 9:19 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកក្លិប Cambodia Top Team
រូបភាពពីទំព័រហ្វេសប៊ុកក្លិប Cambodia Top Team
​អត្ថបទ​៖ ស៊ី​ធី  
 
​កីឡាការិនី​កម្ពុជា នៅ ស្រី​ពៅ នឹងត្រូវ​តតាំង​ជាមួយ​កីឡាការិនី​ម្ចាស់ផ្ទះ Priscilla Hertati Lumban Gaol នៅ​សង្វៀន ONE: FOR HONOR នា​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩ នៅ​រដ្ឋធានី​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី​។ ក្នុងជំនួប​នេះ​មានរឿង​មួយចំនួន​គួរ​ឲ្យ​កត់សម្គាល់​ដែល​ត្រូវ​ដឹង​មុន​ការប្រកួត​ចាប់ផ្ដើម​។

 
​កីឡាការិនី Priscilla Hertati Lumban Gaol មាន​វ័យ ៣០​ឆ្នាំ ពោលគឺ​ច្រើនជាង នៅ ស្រី​ពៅ រហូតដល់ ៦ ឆ្នាំ​។ Priscilla ជា​អ្នកលេង​គុន​ចម្រុះ​ប្រចាំ​សង្វៀន ONE Championship  តាំងពី​ឆ្នាំ ២០១៧ មក និង​មានបទពិសោធន៍​ច្រើន​ផងដែរ​។ កីឡាការិនី​សញ្ជាតិ​ឥណ្ឌូណេស៊ី រូបនេះ​ប្រកួត​លើស​ង្វៀន​កម្រិត​ពិភពលោក ONE ចំនួន ៩​លើក ក្នុងនោះ​ឈ្នះ ៥ និង ចាញ់ ៤ លើក​។ ការប្រកួត​ចុងក្រោយ​នៅ​ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៩ Priscilla  ចាញ់​ពិន្ទុ​កីឡាការិនី​ឥណ្ឌា Puja Tomar ទាំង​ទឹកភ្នែក​ក្រោយ​ប្រកាស​លទ្ធផល​។ 
 
​កាល​វ័យ​១៧ ឆ្នាំ កីឡាការិនី​មកពី​ក្លិប Siam Tigershark ធ្លាប់​ហ្វឹកហាត់​ក្បាច់គុន វូ​ស៊ូ ហើយ​ធ្លាប់​អត់​ចូលរៀន​មួយ​សប្ដាហ៍​ដើម្បី​ទៅសំងំ​ហ្វឹកហាត់​ក្បាច់គុន​នេះ មុនពេល​ឪពុកម្ដាយ​ដឹង​។​
 ទោះ​ឪពុកម្ដាយ​បដិសេធ​ចំពោះ​ការហ្វឹកហាត់​ក្បាច់គុន​ក៏ដោយ តែ Priscilla បាន​ព្យាយាម​ពន្យល់​រហូតដល់​អ្នកមាន​គុណ​ទាំងពីរ​យល់ព្រម ព្រោះ​រូបគេ​ស្រលាញ់​ការសិក្សា​ផង​និង​ក្បាច់គុន​ផង​។ ហើយ​មិនយូរប៉ុន្មាន​កីឡា​កា​រិ​និ​ម្ចាស់​ស្រុក​រូបនេះ ក៏បាន​ចូល​ហ្វឹកហាត់​ប្រដាល់​ជា​បន្តបន្ទាប់​។ កីឡាការិនី​ដដែល​នេះ​ធ្វើ​ឲ្យ​ឳ​ពុក​ម្ដាយ​មាន​មោទនភាព​ភាព​ដោយ​ឈ្នះ​មេដាយ​សំរឹទ្ធ​ពី​ការប្រកួត​ជើងឯក​វូ​ស៊ូ​កម្រិត​ពិភពលោក ហៅថា Wushu World Championship ដែល​តំណាង​ឲ្យ​ឥណ្ឌូណេស៊ី​។ 


 
​បើ​ក្រឡេក​មកកាន់​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​វិញ​មានបទពិសោធន៍​ខ្ចី​ជាង​គូប្រជែង​ព្រោះ​ទើប​ឡើង​សង្វៀន ONE បាន​ម្ដង​ប៉ុណ្ណោះ​កាល​ឈ្នះ​កីឡាការិនី​ថៃ Rika Ishige នា​ពាក់​កណ្ដាលខែ កុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅ​នៅ​ប្រទេស​ថៃ​។ យ៉ាងណាក្ដី នៅ ស្រី  ឈ្នះ​ការប្រកួត ២ ដង​ទល់នឹង កីឡា​កា​រិ​និ​មី​យ៉ាន់​ម៉ា Shwe Sin Min ក្នុង​គម្លាត​រយៈពេល ១ ឆ្នាំ​។ ហើយ ស្រី​ពៅ​មានឈ្មោះ​ត្រដែត ក្រោយ​ជាប់​ឈ្មោះ​ជា កីឡាការិនី​ឆ្នើម​ប្រចាំ​សង្វៀន World Lethwei Championship របស់​ប្រទេស​មី​យ៉ាន់​ម៉ា​។  ទោះជា​បែបណា​ក្ដី កីឡាការិនី​កម្ពុជា​បាន​ហ្វឹកហាត់​ក្បាច់​ប្រដាល់សេរី​តាំងពី​ឆ្នាំ ២០១៣ និង មានបទពិសោធន៍​គួរសម​មុន​ចេញទៅ​ប្រកួត​ក្រៅ​ស្រុក​។ 
 
​ស្រី​ពៅ ចាប់ផ្ដើម​ហាត់​ប្រដាល់​ជាមួយ​លោកគ្រូ ញ៉ូ​វ ម៉ាក និង ម៉ាក សា​ខន នៅ​ក្លឹប​តា​លី​ដំរី​មាន​រិ​ទ្ធិ កាល ៦ ឆ្នាំមុន មុន​រូបគេ​ទៅ​ហ្វឹក​ហាត់គុន​ជម្រុះ ដើមឆ្នាំ ២០១៩ ជាមួយ​គ្រូ​ហ៊ុន ច័ន្ទ​រាជ្យ និង ហាត់​វ៉ៃ​សាកល​ជាមួយ​គ្រូ​វ៉ែន សុផល និង គ្រូ​ជនជាតិ​គុយបា Rolando Castellano ដើម្បី​ត្រៀម​ប្រកួត​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ចុងឆ្នាំ​នេះ​។ 
 
​តាមរយៈ​បទពិសោធន៍ Priscilla មាន​ភាព​ជោកជាំ​ហើយ​មាន​កម្លាំង​មហាសាល​ដែល កីឡាការិនី​វ័យ ២៤ ឆ្នាំ​របស់​កម្ពុជា​ទទួល​ស្គាល់​។ ប៉ុន្តែ ស្រី​ពៅ បាន​បង្ហើប​ថា​មាន​ស្នៀត​ទប់ទល់​រួចហើយ​ពោល វ៉ៃ​ត្រង់ ដកឃ្លា ដោះ​ឃ្លេ និង មិន​ឲ្យ  Priscilla ផ្ដួល​បាន​ងាយៗ​ឡើយ​ដើម្បី​បង្ការ​គ្រោះថ្នាក់​។ កូនសិស្ស​របស់លោក ហ៊ុន ច័ន្ទ​រាជ្យ នៅតែ​រក្សា​ជំហរ​វ៉ៃ​ប្រយោល និង វ៉ៃ​ដោះខ្លួន​ការពារ​មិនអាច​ឲ្យ​ដៃគូ​ចូល​កៀក​ពេក​បានទេ ព្រោះនេះ​ជា​ចំណុចខ្លាំង​របស់ខ្លួន​នា​ការប្រកួត​កន្លង​ទៅមក​។ 
 
​បន្ទាប់ពី​ដឹង​ចំណុច​ភ័យខ្លាច​របស់ គូបដិបក្ខ លោក ហ៊ុន ច័ន្ទ​រាជ្យ បាន​បង្វឹក ស្រី​ពៅ ផ្នែក​កម្លាំង ក្បាច់​ឃ្លេ​-​ចាប់ និង ក្បាច់​ការពារ​កុំ​ឲ្យ​គេ​ផ្ដួល​បាន​។ គ្រូបង្វឹក​នៅ​ក្លឹប Cambodian Top Team មាន​ជំនឿ លើ ស្រី​ពៅ ថា​នឹងធ្វើ​បានល្អ សម្រាប់​អ្នកគាំទ្រ​នៅ​កម្ពុជា ទោះ​កីឡា​កា​រិ​និ​ម្ចាស់ផ្ទះ​មាន​ពិសោធន៍​លើស​ង្វៀន​នេះ​ច្រើនជាង​រហូតដល់ ៨ ដង​ក៏ដោយ​៕ 
 

Tag:
 MMA
  Priscilla
  នៅ ស្រី​ពៅ​
© រក្សាសិទ្ធិដោយ thmeythmey.com