កីឡាជាតិ
ជាតិ
វិសាខា​បង្កើតពាន​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ ដើម្បី​ចម្រាញ់​រក​យុវជន​ថ្នាល​
02, May 2019 , 7:59 am        
រូបភាព
លោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្លិបបាល់ទាត់វិសាខានិយាយក្នុងសន្និសីទសារព័ត៌មានត្រៀមបើកពានរង្វាន់យុវជន U15
លោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្លិបបាល់ទាត់វិសាខានិយាយក្នុងសន្និសីទសារព័ត៌មានត្រៀមបើកពានរង្វាន់យុវជន U15
ដោយ:
​ក្លិប​បាល់ទាត់​វិសាខា​សមាជិក​លី​គ​កំពូល​កម្ពុជា​បាន​បង្កើត​ពានរង្វាន់​ជី ផាក​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​លើកដំបូង ដោយមាន​ក្រុម​មកពី​តាម​បណ្តា​ខេត្ត​ចំនួន​១០​ចូលរួម​។ ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ផ្តល់ឱកាស​ឲ្យ​យុវជន​ដែល​ចង់​ក្លាយជា​កីឡាករ​អាជីព​បានបង្ហាញ​សមត្ថភាព ក៏ដូចជា​រឹតចំណង​មិត្តភាព សាមគ្គីភាព​រវាង​ថ្នាក់ដឹកនាំ គ្រូបង្វឹក​និង​កីឡាករ​នៅតាម​បណ្តា​ខេត្ត​។ លើសពីនេះ កីឡាករ​មាន​សមត្ថភាព អាច​នឹង​ក្លាយជា​យុវជន​ថ្នាល​របស់​ក្លិប​វិសាខា​ទៀតផង​។

 
​ក្រោយ​បង្កើត​ក្រុមយុវជន​អាយុ​ក្រោម​១៧​ឆ្នាំ​បាន​មួយក្រុម​កាលពី​អំឡុង​ឆ្នាំ​២០១៨ ក្លិប​បាល់ទាត់​វិសាខា​គ្រោង​បង្កើត​ក្រុមយុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​មួយក្រុម​ទៀត នាពេល​ឆាប់ៗ​ខាងមុខនេះ​។ គម្រោង​បង្កើត​ក្រុម U15 នេះ​ត្រូវ​លោក ហុក សុចិ​ត្រា អ្នកចាត់ការ​ទូទៅ​ក្លិប​បាល់​វិសាខា​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ត្រៀម​បើក​ការប្រកួត​ពានរង្វាន់​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩​។ 
 
​ជាមួយ​ការបង្កើតពាន​យុវជន U15 លើកដំបូង​នេះ លោក ហុក សុចិ​ត្រា ហាក់​មាន​ជំនឿ​ចិត្ត​ថា វិសាខា​នឹង​អាច​ទទួលបាន​ក្រុមយុវជន U15 មួយក្រុម ដែល​ពោរពេញ​ដោយ​កីឡាករ​មាន​សមត្ថភាព​និង​ទេពកោសល្យ​។ ហើយ លោក រំពឹងថា វិសាខា​នឹង​ក្លាយជា​ចំណែក​មួយ​ក្នុងការ​ផ្តល់ឱកាស​ដល់​យុវជន​បាន​ចូលរួម​ជាមួយ​ក្លិប​អាជីព ដើម្បី​សម្រេច​គោលបំណង​ពួកគេ​ដែល​ចង់​ក្លាយជា​កីឡាករ​អាជីព​នាពេល​អនាគត​។    
 
«​ដូច​ខ្ញុំ​ធ្លាប់ធ្វើ​បទ​សម្ភាស​នៅ​ដើមរដូវ​កាល វិសាខា​នឹង​បង្កើត​ក្រុមយុវជន U15 ១​ក្រុម​ទៀត បន្ទាប់ពី​ដំណើរការ U17 ជាប់លាប់​សិន​។ ដូច្នេះ​ការប្រកួត​នេះ​វា​ជា​ឱកាស​មួយ​ដែរ​សម្រាប់​យើង​ក្នុងការ​សម្លឹងមើល​កីឡាករ​យុវជន ហើយ​យើង​សង្ឃឹមថា វិសាខា​នឹង​អាច​ជ្រើសរើស​បាន​កីឡាករ​យុវជន U15 មួយក្រុម​ពី​ការប្រកួត​នេះ​។ លើសពីនេះ យើង​រំពឹងថា វិសាខា​នឹង​ក្លាយជា​ចំណែក​មួយ​ក្នុងការ​ផ្តល់ឱកាស​ឲ្យ​យុវជន​បាន​ចូលរួម​ជាមួយ​ក្លិប​អាជីព​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហុក សុចិ​ត្រា​។  
 
​ក្រៅពី​រំពឹង​ចម្រាញ់​បាន​យុវជន​ថ្នាល ពានរង្វាន់​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ G-Park Youth Cup U15 2019 នេះ រៀបចំឡើង​ក្នុង​គោល​ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ក្នុងការ​រួមចំណែក​ជួយ​អភិវឌ្ឍ​កីឡាបាល់ទាត់​ក​ម្ពុ​ជា ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ក្រសួង​អប់រំ យុវជន​និង​កីឡា​កំពុង​ធ្វើ​។ លើសពីនេះ ក៏​ដើម្បី​បង្កើន​ចំណងមិត្តភាព និង​សាមគ្គីភាព​ផងដែរ​។   
 
​គ្រូបង្វឹក​រូបនេះ​បានលើកឡើង​ដូច្នេះ​ថា​៖«​យើង​រៀបចំ​ពានរង្វាន់​នេះ​ឡើង គឺ​ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​របស់​វិសាខា​ក្នុងការ​ចូលរួម​លើកស្ទួយ និង​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់ តាមរយៈ​ការផ្តល់​ឱកាស​ឲ្យ​យុវជន​តាម​បណ្តា​ខេត្ត​បានបង្ហាញ​សមត្ថភាព និង​ចូលរួម​លេង​កីឡាបាល់ទាត់ ដើម្បី​កុំ​ឲ្យ​ពួកគេ​យក​ពេល​ទៅធ្វើ​អំពើ​មិន​គប្បី​។ មួយវិញទៀត គឺ​ដើម្បី​បង្កើន​ចំណងមិត្តភាព សាមគ្គីភាព និង​ចង់​ឲ្យ​យុវជន​យល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការធ្វើការងារ​ជា​ក្រុម​»​។​
 
​សម្រាប់​ពានរង្វាន់​យុវជន​ខាងលើនេះ មាន​ក្រុម​ចូលរួម​ចំនួន​១០​មកពី​ខេត្តព្រៃវែង ត្បូងឃ្មុំ កំពង់ចាម ក្រចេះ ពោធិ៍សាត់ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ ព្រះសីហនុ និង​កំពត​។ ការប្រកួត​ធ្វើ​ឡើងជា​ពីរ​ដំណាក់កាល ដោយ​ដំណាក់កាល​ជម្រុះ​តាម​ខេត្ត​ធ្វើ​ពីថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩​។ ដំណាក់កាល​នេះ ធ្វើឡើង​ពីរ​ជើង ដោយ​ក្រុម​ឈ្នះ​ទាំង​៥ រួមជាមួយ​ក្រុម​លេខ​២​ល្អ​មួយទៀត ត្រូវ​ឡើងទៅ​ប្រកួត​នៅ​ដំណាក់​ផ្តាច់ព្រ័ត្រ​។ ដំណាក់កាល​នេះ រៀបចំ​នៅ​ទីលាន​វិសាខា​ពីថ្ងៃ​ទី​៥-១៣ ខែមិថុនា ឆ្នាំ​២០១៩​។ 
 
​ក្រុម​ជើងឯក​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​១២​លាន​រៀល លេខ​២​បាន​៨​លាន​រៀល លេខ​៣​បាន​៤​លាន​រៀល និង​លេខ​៤​បាន​២​លាន​រៀល​។ ក្រៅពីនេះ ក៏មាន​ពានរង្វាន់​ក្រុម Fair Play, អាជ្ញាកណ្តាល​ល្អ​, កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ និង​អ្នកចាំទី​ល្អ​ផងដែរ​៕  

Tag:
 ហុក សុចិ​ត្រា​
  G-Park Youth Cup U15 2019
© រក្សាសិទ្ធិដោយ thmeythmey.com