កីឡាអន្តរជាតិ
អន្តរជាតិ
Klopp បារម្ភ​ពី Coutinho ពេល​ប៉ះ Barca តែ​ថា Liverpool ខ្លាំង​ពេល​គ្មាន Coutinho
01, May 2019 , 5:59 pm        
រូបភាព
​លោក Juergen Klopp អ្នកចាត់ការ​ទូទៅ​ក្រុម​ហង្ស​ក្រហម Liverpool ថា​លោក​ព្រួយបារម្ភ​ខ្លាំង​ពី Philippe Coutinho នៅពេល​ជួបគ្នា​ជាមួយ Barcelona ក្នុង​ពានរង្វាន់ UEFA Champions League យប់​ថ្ងៃទី​១ ខែឧសភា​នេះ ប៉ុន្តែ​លោក​បាន​សាទរ​ក្រុម​របស់ខ្លួន​ដែល​រីកចម្រើន​ខ្លាំង​ផងដែរ​ក្រោយ​អវត្តមាន​ខ្សែបម្រើ​ប្រេ​ស៊ី​ល​នេះ​។​


 
Coutinho បាន​ផ្លាស់​ពី Liverpool ទៅ​ចូលរួម​ជាមួយ Barcelona ក្នុងតម្លៃ​ខ្លួន ១៤២​លាន​ផោន (១៨៥​លាន​ដុល្លារ​អាមេរិក​) កាលពី​ខែមករា ឆ្នាំ ២០១៨​។​
 
​ក្រុម​របស់លោក Klopp ទទួលបាន​លទ្ធផល​ដ៏​គាប់ប្រសើរ​ជាច្រើន​ក្រោយ​លក់​ខ្សែបម្រើ​សញ្ជាតិ​ប្រេ​ស៊ី​ល វ័យ​២៦​ឆ្នាំ ក្នុងតម្លៃ​ខ្ពស់​មួយ​ដើម្បី​ទិញយក​ខ្សែការពារ Virgil van Dijk អ្នកចាំទី Alisson Becker ក៏ដូចជា​ខ្សែបម្រើ Naby Keita និង Fabinho ដែល​អាចធ្វើ​ឲ្យ​ពួកគេ​ក្លាយជា​ក្រុម​ពេញលេញ​មួយ​។​
 
​បើ​ទោះ​គ្មាន Coutinho ហង្ស​ក្រហម​នៅតែ​អាចឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League កាលពី​រដូវ​កាល​មុន ហើយ​រដូវ​កាល​នេះ​ពួកគេ​បន្ត​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​កំពុងដណ្តើម​យកពាន Premier League ជាមួយ Manchester City ទៀតផង​។​
 
​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​វ័យ ៥១​ឆ្នាំ បាន​ប្រាប់​អ្នកកាសែត​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ជំនួប​ជើង​ទី​១ នៅ​ទឹកដី Nou Camp វេលា​ម៉ោង ២:០០​នាទី​អា​ធ្រា​ត្រ​នេះ​ថា​៖«​យើង​នឹក Coutinho ខ្លាំងណាស់​ព្រោះ​គាត់​គឺជា​កីឡាករ​លំដាប់​ពិភពលោក​។ ខ្ញុំ​ចូលចិត្ត​ធ្វើការ​ជាមួយ​គាត់ ប៉ុន្តែ​ពេលនេះ​យើង​គ្មាន​គាត់ ហើយ​យើង​ធ្វើ​នៅតែ​ធ្វើ​បានល្អ​។ នៅពេល​ខ្ញុំ​លឺថា​គាត់​ចង់ទៅ​លេង​នៅ Barca ខ្ញុំ​មិន​គិតថា Liverpool អាចធ្វើ​បានល្អ​ដូច្នេះ​ឡើយ​»​។​
 
​ក្រៅពី Coutinho លោក Klopp ក៏បាន​សង្កត់ធ្ងន់​លើ Lionel Messi ផងដែរ ដោយ​ក្នុងនោះ​លោក​បាន​រៀប​យុទ្ធសាស្ត្រ​ដើម្បី​បិទ​ខ្សែប្រយុទ្ធ​ឆ្នើម​រូប​រួចហើយ ខណៈ Liverpool មាន​ខ្សែការពារ​ដែលមាន​គុណ​ភាព​ដូចជា Van Dijk, Trent Alexander-Arnold, Joe Gomez និង Andrew Robertson​។ នេះ​នៅ​មិនទាន់​និយាយ​ពី​សមាសភាព​កីឡាករ​ដ៏​គ្រោះថ្នាក់​ដូចជា Mohamad Salah, Firmeno និង Sadio Mane ជាដើម​៕
 

Tag:
 ​បាល់ទាត់​
  UEFA Champions League
  Juergen Klopp
© រក្សាសិទ្ធិដោយ thmeythmey.com