ជាតិ
សង្គមជាតិ
បុរស​ស្លាប់​ក្នុង​គុក​៖ ប៉ូលិស​ថា ព្រោះ​ដួល​ប៉ះ​ក្បាល​នឹង​ជ្រុង​អាងទឹក មិនមែន​ប៉ូលិស​វ៉ៃ​សម្លាប់​ទេ​
01, May 2019 , 6:29 pm        
រូបភាព
ដោយ: ថ្មីៗ
​បុរស​ជាប់ឃុំ​ម្នាក់​ឈ្មោះ ទិ​ត រ៉​ន អាយុ​៣៨​ឆ្នាំ បាន​ស្លាប់​ក្នុង​ពន្ធនាគារ​ខេត្តកំពង់ចាម (​ពន្ធនាគារ​វត្ត​ឃ្មួ​ង​) កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៩​។ បុរស​ដែល​បាត់បង់​ជីវិត​នេះ គឺជា​កូន​របស់​បុរស​វ័យ​ឆ្នាំ​៦២​ឆ្នាំ​ម្នាក់​ឈ្មោះ អៀម ទិ​ត ដែល​បាន​អះអាងថា ខ្លួន​ជា​សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ 


 
​លោក សម រង្ស៊ី ប្រធានស្តីទី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​មួយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ដែល​បង្ហាញ​ពី​ទិដ្ឋភាព​សព​របស់លោក ទិ​ត រ៉​ន ក្រោយ​បញ្ជូន​ទៅផ្ទះ ដើម្បី​រៀបចំ​ធ្វើបុណ្យ​។ តាមរយៈ​វីដេអូ​នោះ គេ ឃើញ​ស្លាកស្នាម​មួយចំនួន​លើ​សាកសព ដូច​លើ​ភ្នែក​ខាងស្តាំ និង​នៅ​ម្តុំ​កញ្ចឹងក ជាដើម​។       
  
​លោក អៀម ទិ​ត ដែលជា​ឪពុក បាន​រៀបរាប់​ក្នុង​វីដេអូ​នោះ​ថា នៅ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៩ មាន​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​ទួល​ព្រះ​ឃ្លាំង​៣​នាក់ បាននាំគ្នា​ទៅ​ចាប់​កូន​របស់លោក ហើយ​រហូតដល់​ថ្ងៃទី​១៩ លោក ក៏​ទទួលដំណឹង​ថា កូន​របស់លោក បាន​ស្លាប់​ក្នុង​ពន្ធនាគារ​។ 
 
​លោក អៀម ទិ​ត បាន​អំពាវនាវ​យ៉ាង​ដូច្នេះ​ថា «​អំពាវនាវ​ទៅ​តុលាការ អង្គការ​ជាតិ​-​អន្តរជាតិ ជាពិសេស​អ្នកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ [​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​] មេត្តាជួយ​រក​យុត្តិធម៌​ជូន​ខ្ញុំ​ផង​»​។   
 
​គ្រួសារ​របស់លោក អៀម ទិ​ត រស់នៅក្នុង​ភូមិ​វត្ត ឃុំ​ទួល​ព្រះ​ឃ្លាំង ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។ លោក សម រង្ស៊ី សរសេរ​សារ​លើ​វីដេអូ​នោះ​ថា «​ឃាតកម្ម​នយោបាយ​មួយទៀត បានកើត​ឡើង​នៅ​កម្ពុជា​» ។ 
 
​មរណភាព​របស់លោក ទិ​ត រ៉​ន ក៏​ត្រូវបាន​ចែករំលែក​លើ​បណ្តាញ​សង្គម​ផងដែរ ជាពិសេស​អ្នក​ចែករំលែក​នោះ គឺជា​អ្នកគាំទ្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ពួកគេ បង្ហាញ​ការសង្ស័យថា លោក ទិ​ត រ៉​ន ប្រហែលជា​ស្លាប់​ដោយសារតែ​រង​អំពើហិង្សា​ពី​ប៉ូលិស​ឬក៏​មន្ត្រី​ពន្ធនាគារ​។ 
 
​យ៉ាងណាក៏ដោយ ប៉ូលិស បាន​ច្រានចោល​ចំពោះ​ការចោទប្រកាន់​នេះ​។ ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​ខេត្តកំពង់ចាម បាន​សរសេរ​របាយការណ៍​ស្តីពី​ករណី​លោក ទិ​ត រ៉​ន ជូនទៅ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការនគរបាលជាតិ​។ 
 
​លោក ឯម កុសល ប្រា​ប់លោក នេ​ត សាវឿន ថា ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច បាន​យក​លោក ទិ​ត រ៉​ន ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម នៅ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៩​។ លោក បរិយាយ​ក្នុង​របាយការណ៍​ថា លោក ទិ​ត រ៉​ន មាន​សភាព​ញ័រ​ដៃ ញ័រ​ជើង និង ញ័រ​ទាំង​ខ្លួនប្រាណ ដែល​មើលទៅ​ដូចជា​មនុស្ស​ញៀន​ស្រា ហើយ​បាន​ដើរ​ដួល​ក្នុង​បន្ទប់ទឹក​នៃ​អគារ​ឃុំខ្លួន ដោយ​មិន​ប្រុងប្រយ័ត្ន ក៏​បោក​ក្បាល់​ប៉ះ​នឹង​ជ្រុង​អាងទឹក បណ្តាល​ឲ្យ​របួស​លើ​ត្របកភ្នែក​សាង​ស្តាំ និង​ចេញឈាម​។   
 
​លោកស្នងការ បន្តថា ភ្លាមនោះ សមត្ថកិច្ច បាន​យក​លោក ទិ​ត រ៉​ន ទៅធ្វើ​ចលនា​ផ្លូវដង្ហើម ហើយក៏​បានដឹងខ្លួន​វិញ​។ លោក បន្ថែមថា សមត្ថកិច្ច ពិនិត្យមើល​ដងខ្លួនរ​ប​ស់លោក ទិ​ត រ៉​ន ឃើញ​មាន​របួស​បែក​លើ​ចិញ្ចើម​ផ្នែក​សាង​ស្តាំ​ប្រវែង​២​សង់ទីម៉ែត្រ ស្នាម​ក្រហម​លើ​កំភួនដៃ​ទាំងសងខាង និង​ស្នាម​ក្រហម​នៅត្រង់​កំភួនជើង​ស្តាំ ហើយ​សមត្ថកិច្ច បាន​លាង​និង​រុំ​របួស​ឲ្យ​លោក ទិ​ត រ៉​ន​។

លោក បញ្ជាក់ប្រាប់​លោក នេ​ត សាវឿន យ៉ាង​ដូច្នេះ​ថា «​ពេល​ឃុំខ្លួន សមត្ថកិច្ច​យើង ពុំបាន​ប្រើ​អំពើហិង្សា ឬ​ធ្វើ​ទារុណកម្ម​ទៅលើ​ជនសង្ស័យ​ឈ្មោះ ទិ​ត រ៉​ន ឡើយ​។ ឈ្មោះ ទិ​ត រ៉​ន បាន​ស្លាប់​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​២៨ ខែមេសា ដោយ​មូលហេតុ​បណ្តាលមកពី​ដួល​ប៉ះទង្គិច​ក្បាល កាលពី​ថ្ងៃទី​១៧ ខែមេសា​»​។​
 
​លោក ទិ​ត រ៉​ន ស្លាប់​ពេល​បញ្ជូន​ចេញពី​អគារ​ឃុំខ្លួន​នៃ​ស្នងការ​ខេត្តកំពង់ចាម ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម​។ 
 
​លោក ប្រា​ប់លោក នេ​ត សាវឿន ​ទៀតថា «​ឈ្មោះ ទិ​ត រ៉​ន ពិតជា​មនុស្ស​ញៀន​ស្រា ពេល​មិនបាន​ផឹកស្រា ញ័រ​ដៃ ញ័រ​ជើង ហើម​មុខ ហើម​ដៃ និង​ហើមជើង​....»​។ 
 
​បើតាម​របាយការណ៍​នោះ ក្រោយពី​ស្លាប់ អង្គភាព​ពន្ធនាគារ បាន​ឧបត្ថម្ភ​ថវិកា​៣​សែន​រៀល ដល់​ក្រុមគ្រួសារ សម្រាប់​ធ្វើបុណ្យ និង​២​សែន​រៀល​ទៀត ស​ម្រ​ប់​ដឹក​សព​ទៅផ្ទះ​វិញ​។​
 
​លោកស្នងការ​ខេត្តកំពង់ចាម បញ្ជាក់​ក្នុង​របាយការណ៍​ថា ការចាប់​លោក ទិ​ត រ៉​ន គឺធ្វើឡើង​តាម​ដីកា​របស់លោក ផូង វណ្ណ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្តកំពង់ចាម ដែល​បានចេញ​កាលពី​ខែកក្កដា ឆ្នាំ​២០១០ ពីបទ​បង្ក​របួសស្នាម​ដោយ​ចេតនា ដែល​ប្រព្រឹត្ត​តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០០៦​មកម្ល៉េះ​៕ 
 

Tag:
 សម រង្ស៊ី​
  អ្នក​ជាប់ឃុំ​
  ប៉ូលិស​
  ពន្ធនាគារ​
  ស្លាប់​
© រក្សាសិទ្ធិដោយ thmeythmey.com