ជាតិ
មន្ត្រីជាន់ខ្ពស់ការពារជាតិ ប្រាប់មន្ត្រីកុំភ្ញាក់ផ្អើលលើព័ត៌មានទម្លាក់សក្តិ
× ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិលោក នាង ផាត បានប្រាប់ឲ្យមន្ត្រីទាហានទាំងអស់ បន្តប្រឹងប្រែងបំពេញការងារ ហើយកុំមានការភ្ញាក់ផ្អើលចំពោះព័ត៌មានទាក់ទងការកាត់ ឬទម្លាក់សក្តិមន្ត្រី កាលពីពេលថ្មីៗនេះ។ ការលើកឡើងរបស់លោក នាង ផាត នេះ ត្រូវបានស្រង់សម្តីដោយអ្នកនាំពាក្យក្រសួងការពារជាតិ ។
លោក នាង ផាត ចាត់ទុកព័ត៌មានទម្លាក់សក្តិនេះ គឺគ្រាន់តែជាពាក្យចចាមអារាម ដែលបកស្រាយខុសពីគោលបំណងរដ្ឋាភិបាលប៉ុណ្ណោះ។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ អគ្គបញ្ជាការដ្ឋាន នៃកងយោពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២ ឧសភា មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិរូបនេះ បាននិយាយដូច្នេះថា៖«ចំពោះពាក្យចចាមអារាមដែលថា ក្រសួងការពារជាតិមានគម្រោងទម្លាក់សក្តិ ដែលព័ត៌មាននេះមិនមែនជាការពិតទេ។ សុំឱ្យនាយទាហានទាំងអស់កុំមានការភ្ញាក់ផ្អើល តាមការបកស្រាយខុសគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងផែនការកែទម្រង់កងយោពលខេមភូមិន្ទ រយៈពេល៥ឆ្នាំ ២០១៥-២០១៩»។
លោកនាយឧត្តមសេនីយ៍ នាង ផាត បានអះអាងថា គម្រោងកែទម្រង់របស់រដ្ឋាភិបាល លើវិស័យការពារជាតិនេះ មានផែនការយុទ្ធសាស្ត្រជាជំហាន ដូច្នេះគ្មានការទម្លាក់សក្តិ ដូចការលើកឡើងឡើយ។ «ការកែទម្រង់ឋានន្តសក្តិ ក្នុងកងយោធពលខេមភូមិន្ទ មានផែនការណ៍យុទ្ធសាស្ត្រយូរអង្វែង ជាជំហានៗ ដើម្បីកសាងកងទ័ពមួយមានគុណភាព និង ប្រសិទ្ធភាពដឹកនាំ បញ្ជាឱ្យសមស្រប តាមការវិវឌ្ឍន៍ នៃសភាពការណ៍ជាតិ និងអន្តជាតិ។ មិនមែនកាត់ ឬទម្លាក់សក្តិ ដូចការបកស្រាយភាន់ច្រឡំនោះទេ»។នេះបើតាមហ្វេសប៊ុកលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។
ប្រមុខរដ្ឋាភិបាល គ្រោងកំណែទម្រង់ក្របខណ្ឌក្រសួងការពារជាតិ ឲ្យមាននាយឧត្តមសេនីយ៍ផ្កាយ៤ត្រឹមតែ២រូបប៉ុណ្ណោះ។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យនាយឧត្តមសេនីយ៍ផ្កាយ៤ ស្ម័គ្រចិត្តទម្លាក់ពីឋានន្តរសក្តិផ្កាយ៤ មកផ្កាយ៣វិញ ហើយទុកតែនាយឧត្តមសេនីយ៍ផ្កាយ៤ តែ២រូបនោះ គឺមានតែសម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។ នេះបើតាមរូបភាពដែលបានបង្ហោះនៅលើហ្វេសប៊ុកនាយរងសេនាធិការចម្រុះអគ្គបញ្ជាការដ្ឋាន ដែលបានស្រង់ប្រសាសន៍ប្រមុខរដ្ឋាភិបាល មកសរសេររៀបរាប់ កាលពីពេលថ្មីនេះ ៕
Tag:
នាង ផាត
ឈុំ សុជាតិ
យោធា
ទាហាន
© រក្សាសិទ្ធិដោយ thmeythmey.com