កីឡាអន្តរជាតិ
អន្តរជាតិ
ដោយសាររបួស Ramsey ត្រូវបង្ខំចិត្តបញ្ចប់អាជីពជាមួយ Arsenal មុនពេលកំណត់
× ខ្សែបម្រើ Aaron Ramsey មិនអាចបង្ហាញខ្លួនឲ្យ Arsenal សម្រាប់ប្រកួតដែលនៅសល់រដូវនេះទេ បន្ទាប់ពីរងរបួសសរសៃពួរ។ បញ្ហារបួសនេះ បង្ខំឲ្យរូបគេបញ្ចប់អាជីពជាមួយក្លិប ដែលធ្លាប់រួមរស់រយៈពេល ១១ រដូវកាលនៅត្រឹមពេលនេះតែម្តង។ នេះបើតាមការអះអាងរបស់អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Unai Emery ក្នុងសន្និសីទសារព័ត៌មានមុនក្រុមនេះទទួលភ្ញៀវ Valencia ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពាន Europa League។
Ramsey នឹងត្រូវផុតកិច្ចសន្យាជាមួយ Arsenal នៅខែក្រោយនេះ និងយល់ព្រមទៅចូលរួម ជាមួយ Juventus តាំងពីខែកុម្ភៈមក ជាមួយកិច្ចសន្យារយៈពេល ៤ ឆ្នាំ។
ខ្សែបម្រើសញ្ជាតិវែលសិ៍ដែលក្លាយជាកីឡាករលេងឲ្យ Arsenal យូរជាងគេរូបនេះ បានរងរបួសសរសៃពួរអំឡុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ Europa League ទល់នឹង Napoli កាលពីខែមុន។ ដោយសារបញ្ហារបួសបានធ្វើឲ្យ Ramsey បញ្ចប់អាជីពជាមួយ Arsenal នៅត្រឹមនេះតែម្តង។
«វាជាបទពិសោធល្អដែលបានធ្វើការជាមួយកីឡាករគ្រប់រូប ជាពិសេសដូចជា Ramsey នេះ ព្រោះគាត់បានបញ្ចេញថាមពលរបស់គាត់អស់ពីបេះដូងសម្រាប់ Arsenal »។ លោក Emery បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅមុនពេលការប្រកួតជើងទី១ទល់ Valencia នៅរាត្រីថ្ងៃទី២ ខែឧសភា ឆ្លងចូលថ្ងៃទី៣ នៅវេលាម៉ោង២:០០នាទីអាធ្រាត្រ។
គ្រូសញ្ជាតិអេស្ប៉ាញបន្ថែមថា៖៖«ខ្ញុំបាននិយាយទៅគាត់កាលពីមួយខែមុនថាខ្ញុំចង់ធ្វើរឿងសំខាន់សម្រាប់ការប្រកួតចុងក្រោយរបស់គាត់ជាមួយយើង ប៉ុន្តែនៅពេលនេះគឺបានត្រឹមគិតទៅថ្ងៃអនាគតប៉ុណ្ណោះ»។
Ramsey វ័យ២៨ឆ្នាំបានផ្លាស់ពី Cardiff City ទៅចូលរួម Arsenal កាលពីឆ្នាំ២០០៨ ក្នុងនោះបង្ហាញខ្លួនលើសពី៣៥០ប្រកួត។ រយៈពេល១១រដូវកាល Ramsey ធ្លាប់ឈ្នះពាន FA Cup ចំនួន៣ដង៕
Tag:
បាល់ទាត់
Aaron Ramsey
Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com