ក្រុមបាល់ទាត់ណាហ្គាវើលបានអស់ឱកាសឈានទៅវគ្គបន្តនៃពានរង្វាន់លំដាប់ទី២ទ្វីបអាស៊ី AFC Cup 2019 បន្ទាប់ពីពួកគេបន្តចាញ់ក្រុម Hanoi FC ក្នុងលទ្ធផល ៥-១ នាជំនួបជើងទី២កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ។ គ្រូបង្វឹកណាហ្គាបានបង្ហាញការពេញចិត្តជាមួយលទ្ធផលដែលចាញ់តិចជាងជើងទី១ តែមិនសប្បាយចិត្តជាមួយក្រុម ដែលធ្វើឲ្យដៃគូទាត់ចូលនៅម៉ោងបន្ថែម។
ក្រុមណាហ្គាវើល ដែលរំពឹងលើកត្តាទីលាននិងអាកាសធាតុរួមចំណែកជួយឲ្យទទួលបានលទ្ធផលល្អ បានបន្តចាញ់ក្រុម Hanoi FC របស់វៀតណាមក្នុងលទ្ធផល ៥-១ នៅលើទឹកដីខ្លួន។ លទ្ធផលនេះ ធ្វើឲ្យក្រុមក្រោមការដឹកនាំរបស់លោក មាស ចាន់ណា មួយនេះ អស់ឱកាសប្រជែងកៅអី ដើម្បីឈានទៅវគ្គបន្តនៃព្រឹត្តិការណ៍ AFC Cup 2019។ នាជំនួបជើងទី១នៅលើទឹកដីវៀតណាម ណាហ្គាវើលត្រូវបានម្ចាស់ផ្ទះ Hanoi លត់ក្នុងលទ្ធផល ១០-០។
ទោះបីចាញ់ក្រុមភ្ញៀវ Hanoi រហូត ៥-១ ក៏ដោយ តែសម្រាប់លោក មាស ចាន់ណា លទ្ធផលនេះអាចទទួលយកបាន ព្រោះវាមិនធ្ងន់ធ្ងរដូចជើងទី១។ ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតគ្រូបង្វឹករូបនេះអះអាងថា លោកនឹងព្យាយាមរារាំងក្រុមភ្ញៀវមិនឲ្យមានការស៊ុតបញ្ចូលទីច្រើនគ្រាប់ដូចជើងទី១នោះឡើយ ដូច្នេះលទ្ធផលនេះ វាស្របតាមនឹងផែនការ ដែលបានគ្រោងទុក។ ប៉ុន្តែគ្រូបង្វឹករូបនេះ ហាក់មិនសប្បាយចិត្តជាមួយក្រុម ដែលធ្វេសប្រហែសធ្វើឲ្យរបូតគ្រាប់បាល់នៅម៉ោងបន្ថែមនៃតង់ទី២។
គ្រូបង្វឹករូបនេះបានរៀបរាប់ដូច្នេះថា៖«មុនការប្រកួតខ្ញុំបាននិយាយថា យ៉ាងហោចណាស់លទ្ធផលមិនឲ្យអាក្រក់ដូចនៅ Hanoi នោះទេ ដូច្នេះលទ្ធផលនេះខ្ញុំទទួលយកបាន ប៉ុន្តែទាក់ទងនឹងគេទាត់ចូលចុងម៉ោង ខ្ញុំនឹងព្យាយាមកែប្រែទាំងលីគ ទាំងប្រកួតបន្ទាប់ក៏ដោយ ខ្ញុំមិនឲ្យគេទាត់ចូលអ៊ីចឹងទៀតទេ។ យើងគួរតែខ្លាំងជាងគេ ទាត់ចូលគេនៅតង់ទីពីរ ប៉ុន្តែអ្វីៗផ្ទុយពីការគិត»។
តែយ៉ាងណា លោកសប្បាយចិត្តដែលកូនក្រុមធ្វើបានល្អនៅដើមតង់ទី១ និងទី២ រហូតអាចរកគ្រាប់វាយបកមួយគ្រាប់ពីក្រុមភ្ញៀវ Hanoi FC ហើយលោកចាត់ទុកការធ្វើបានល្អរបស់កូនក្រុម វាស្របតាមផែនការ ដែលបានររៀបចំ។ «ខ្ញុំសប្បាយចិត្តនៅពេលពួកគាត់ធ្វើបានល្អពីនាទីទី១ដល់នាទី៣៥ តាមផែនការដែលបានរៀបចំ។ ប៉ុន្តែមិនសប្បាយចិត្តនៅ១០នាទីចុងក្រោយពេលគាត់ក្តៅហើយហត់ គាត់ចាប់ផ្ដើមធ្លាក់ ដែលជាឱកាសធ្វើគេទាត់ចូលភ្លាមៗ វាជាបញ្ហាដែលខ្ញុំមិនសប្បាយចិត្តនៅតង់ទី១។ នៅតង់ទី២ យើងធ្វើបានល្អទៀតរហូតអាចវាយបកបាន១គ្រាប់ តែនៅចុងម៉ោងយើងមានបញ្ហាត្រង់គេទាត់ចូល»។ នេះជាការបន្ថែមរបស់លោក មាស ចាន់ណា។
នាជំនួបជើងទី២នៅពហុកីឡដ្ឋានជាតិកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ខ្សែប្រយុទ្ធសេណេហ្គាល់ Pape Omar បានរកគ្រាប់បាល់នាំមុខ ១-០ ឲ្យភ្ញៀវ Hanoi FC មុនខ្សែប្រយុទ្ធនីហ្សេរីយ៉ា Ganiyu Oseni បន្ថែមមួយគ្រាប់ទៀតមុនចប់តង់ទី១។ ការប្រកួតតង់ទី២ដំណើការបានជាង១០នាទីកីឡាករ Anderson Zogbe សម្រេចគ្រាប់បាល់តាមពីក្រោយ ១-២ សម្រាប់ម្ចាស់ផ្ទះណាហ្គាវើល ក្រោយការបញ្ជូនរបស់កីឡាករ គួច ដានី។
ខ្សែបម្រើ Tran Van Kien ស៊ុតពីឆ្ងាយយ៉ាងល្អ ដើម្បីបង្កើនការនាំមុខ ៣-១ សម្រាប់ភ្ញៀវ Hanoi នៅនាទីទី៧០។ បន្ទាប់មកខ្សែប្រយុទ្ធ Hoang Vu Samson សម្រេកគ្រាប់ទី៤សម្រាប់ភ្ញៀវ មុនកីឡាករ Ganiyu Oseni សម្រេចគ្រាប់បាល់ជ័យជម្នះ ៥-១ នៅម៉ោងបន្ថែមនៃតង់ទី២។
សម្រាប់ជំនួបបន្ទាប់ក្រុមណាហ្គាវើលជួបប្រកួតបង្គ្រប់កិច្ចជាមួយ Yangon United របស់មីយ៉ាន់ម៉ា ដែលអស់ឱកាសទៅបន្តដូចគ្នានៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នាកីឡដ្ឋាន Thuwunna Stadium នៅទីក្រុងយ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា៕