កីឡាអន្តរជាតិ
អន្តរជាតិ
Europa ជើងទី១ វគ្គ១/២៖ Arsenal ទទួល Valencia ខណៈ Chelsea ទៅជួប Frankfurt
× ក្រុមកាំភ្លើងធំ Arsenal ត្រូវតទល់ជាមួយ Valencia រីឯ Chelsea ធ្វើដំណើរទៅទឹកដីអាល្លឺម៉ង់ដោយត្រូវប៉ះ Eintracht Frankfurt ដើម្បីប្រកួតប្រជែងដណ្តើមពានរង្វាន់ UEFA Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ នៅវេលាម៉ោង ២:០០នាទីអាធ្រាត្រ ថ្ងៃទី២ ខែឧសភានេះ។
សម្រាប់ជំនួបជើងទី១នេះ Arsenal ដែលជាម្ចាស់ផ្ទះត្រូវបើកទ្វារកីឡដ្ឋាន Emirate ដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវមកពីអេស្ប៉ាញ Valencia។ ក្រុមទាំងពីរស៊ុតតែត្រូវការឈ្នះពានលំដាប់ទី២អឺរ៉ុបនេះដូចគ្នាដើម្បីបានកៅអីលេងនៅ Champions League រដូវក្រោយដោយស្វ័យប្រវត្តិ ដ្បិតការប្រកួតពួកគេស៊ុតតែមិនទាន់ប្រាដកថាអាចទទួលបានចំណាត់ថ្នាក់ Top4 រដូវកាលនេះ។
Arsenal នឹងត្រឡប់ទៅទឹកដី Mestalla របស់ Valencia នាជំនួបជើងទី២នៅថ្ងៃទី១០ ខែឧសភា។
ដោយឡែក Chelsea ក៏ត្រូវតតាំងជាមួយក្រុមម្ចាស់ផ្ទះ Eintracht Frankfurt ក្នុងទីលាន Commerzbank-Arena សម្រាប់ជំនួបជើងទី១នៅយប់នេះដែរ។ ក្រុមតោខៀវកំពុងមានវិបត្តិខ្សែការពារ បន្ទាប់ពី Antonio Rudiger រងរបួសជង្គង់ពេលប៉ះ Manchester United កាលចុងសប្តាហ៍មុន ខណៈ Gary Cahill ក៏នៅមិនទាន់ជាពីរបួសដូចគ្នា។
ក្រុមរបស់លោក Maurizio Sarri ក៏ស្រែកឃ្លានពានលំដាប់ទីពីរអឺរ៉ុបនេះដែរដ្បិតពួកគេបានចំណាយប្រាក់ច្រើនតែធ្វើមិនបានល្អសម្រាប់ការប្រកួតក្នុងលីគ។ Chelsea ត្រូវប្រជែងយកតំណែង Top 4 នៅ Premier League រដូវកាលនេះផងដែរ។
Frankfurt តាមរយៈការទម្លាក់ Benfica ដើម្បីបន្តទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះក៏ជាក្រុមគួរឲ្យចាប់អារម្មណ៍ផងដែរ។ ពួកគេបានបង្ហាញខ្លួនយ៉ាងល្អនៅរដូវកាលនេះដោយឈរនៅចំណាត់ថ្នាកទី៤បណ្តោះអាសន្នក្នុងលីគ Bundesliga និងជាបេក្ខភាពដែលមានឱកាសច្រើនដើម្បីប្រជែងពាន Europa League នេះដែរ៕
Tag:
បាល់ទាត់
UEFA Europa League
© រក្សាសិទ្ធិដោយ thmeythmey.com