ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ​៖ អ្នកស្រី ស្មី​ត ពេញចិត្ត ចំពោះការ​បង្កើត​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​ជួយ​ស្ត្រី​
03, May 2019 , 11:12 am        
រូបភាព
ជំនួបរវាងអ្នកស្រី រ៉ូណា ស្មីត និង លោក អង្គ វង្ស វឌ្ឍានា
ជំនួបរវាងអ្នកស្រី រ៉ូណា ស្មីត និង លោក អង្គ វង្ស វឌ្ឍានា
​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូ​ណា ស្មី​ត បាន​វាយតម្លៃ​ខ្ពស់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា និង​ក្រសួងយុត្តិធម៌ លើ​ការធ្វើកំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ ជាពិសេស​គោលនយោបាយ​ផ្ដល់​មេធាវី​ស្ម័គ្រចិត្ត​ជួយ​ដល់​ស្ត្រី និង​ពលរដ្ឋ​ក្រីក្រ ដែល​ហៅថា «​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន​។

 
​លោក ជិន ម៉ា​លីន បានលើកឡើង​នៅក្រោយ​ជំនួប​រវាង អ្នកស្រី រ៉ូ​ណា ស្មី​ត និង លោក អង្គ វង្ស វ​ឌ្ឍា​នា ក្រសួងយុត្តិធម៌ ថា អ្នកស្រី បាន​កោត​ស​សើរ​យន្តការ​ថ្មី​របស់​សម្តេច ហ៊ុន សែន លើ​ការផ្តល់​មេធាវី​ស្ម័គ្រចិត្ត ដើម្បី​ជួយ​គាំទ្រ​ផ្នែក​ច្បាប់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ជាពិសេស​ស្ត្រី​។ 
 
​លោក​បាន​និយាយថា​៖«​គាត់​បាន​អបអរសាទរ​នូវ​ការបង្កើត​យន្តការ​ថ្មី គឺ​មេធាវី​ស្ម័គ្រចិត្ត​របស់​សម្តេច​តេ​ជោ ដែល​បាន​បង្កើតឡើង​នៅពេល​ថ្មីៗ​នេះ បាន​ជួយ​ប្រជាពលរដ្ឋ និង​ជាពិសេស​ស្រី្ត​ដែល​ក្រីក្រ គាត់ រីករាយ​ស្វាគមន៍​ចំពោះ​ការវិវត្ត​នៃ​ជំនួយ​ផ្នែក​ច្បាប់​នេះ ដែលជា​ជម្រើស​ច្រើន​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ទទួលបាន​ជំនួយ​ផ្នែក​ច្បាប់​»​។​
 
​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​រូបនេះ បាន​ឲ្យ​ដឹង​បន្ថែមថា ក្រសួងយុត្តិធម៌​បានធ្វើ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​ជាច្រើន ដូចជា ការផ្តល់​មេធាវី​ជួយ​ការពារ​ក្តី​នៅតាម​សាលាដំបូង​គ្រប់​រាជធានី ខេត្ត​, ការបង្កើត​មណ្ឌល​សេវា​យុត្តិធម៌​នៅតាម​ស្រុក​បាន​ចំនួន​៦៦​មណ្ឌល និង​មាន​មន្ត្រី​ជាង ៣០០​នាក់ ដើម្បី​ជួយ​ដោះស្រាយ​វិវាទ​តូចៗ និង​ផ្តល់​ការប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន និង​ការពង្រឹង​តម្លាភាព តាមរយៈ​ការបិទ​តម្លៃ​សេវា​នានា​នៅតាម​តុលាការ និង​គុណភាព​សេវា​ផ្លូវច្បាប់​។ 
 
​អ្នកស្រី ក៏បានផ្តល់​អនុសាសន៍​ដល់​ក្រសួងយុត្តិធម៌​ផងដែរ​ថា គួរតែបង្កើត​ឲ្យ​មាន​សេវា​ច្រកចេញចូល​តែមួយ​លើ​ប្រព័ន្ធយុត្តិធម៌ ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុង​ការផ្តល់សេវា​កម្មដ​ល់​ប្រជាពលរដ្ឋ​។ លើសពីនេះ​អ្នកស្រី​ក៏បាន​ស្មើ​ឲ្យ​ក្រសួង​ព​ន្លឿ​ន​ការដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​នៅតាម​ពន្ធនាគារ ខណៈ​ការ​ចង្អៀត​ណែន​នេះ​កាន់តែ​ធ្ងន់ធ្ងរ​។ 
 
​គួររម្លឹកថា លោក អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​អ្នកស្រី នៅ​ព្រឹក​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៩៕
 

Tag:
 ច្បាប់​
  មេធាវី​
  ហ៊ុន សែន​
  រ៉ូ​ណា ស្មី​ត​
  ជិន ម៉ា​លីន
© រក្សាសិទ្ធិដោយ thmeythmey.com