កីឡាអន្តរជាតិ
អន្តរជាតិ
Xavi វីរបុរស Barca ប្រកាស​ចូល​វត្ត​ន៍​ពីអា​ជីព​កីឡាករ​បាល់ទាត់ ហើយ​ត្រៀមខ្លួន​ក្លាយជា​គ្រូ​វិញ​
03, May 2019 , 2:13 pm        
រូបភាព
​វីរបុរស Barcelona និង​ជម្រើសជាតិ​អេ​ស្ប៉ា​ញ Xavi Hernandez បានប្រកាស​ពី​ការចូលនិវត្តន៍​របស់​ខ្លួន​នៅ​ចុងបញ្ចប់​រដូវ​កាល​នេះ​បន្ទាប់ពី​ប្រកប​អាជីព​ជា​កីឡាករ​បាល់ទាត់​អស់​រយៈពេល​២១​ឆ្នាំ​។ Xavi អះអាងថា​រូបគេ​នឹង​ត្រឡប់​ចូល​ទីលាន​វិញ​នៅ​ថ្ងៃ​ណាមួយ​ក្នុងនាម​ជា​គ្រូបង្វឹក​។​


 
​ឈានដល់​វ័យ​៣៩​ឆ្នាំ បច្ចុប្បន្ន Xavi កំពុង​លេង​ឲ្យ​ក្លិប Al Sadd SC នៃ​លី​គ​បាល់ទាត់​កំពូល​របស់​កាតា​បន្ទាប់​ពី​រូបគេ​ចាក​ចេញពី Barcelona នៅ​ឆ្នាំ​២០១៥​។ រយៈ​១៧​រដូវ​កាល​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​បុរសរ​ស្សនាម​មុខ​គុជ​រូបនេះ​បាន​ជួយ​ក្រុម​អ្នកមាន​បុណ្យ ឈ្នះ​ពាន​ធំៗ​ជាច្រើន​ដូចជា La Liga ចំនួន​៨​ដង និង Champions League ៤​លើក ។​


 
Xavi ថែមទាំង​បាន​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ឈ្នះ​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក World Cup ឆ្នាំ ២០១០ និង UEFA Euro ឆ្នាំ​២០០៨​ផងដែរ​។ 
 
​បន្ទាប់ពី​ចំណាយពេល​២​ទសវត្សរ៍​នៅលើ​វាយ​ស្មៅ Xavi បានសម្រេច​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​របស់​ខ្លួន​នៅ​បញ្ចប់​រដូវ​កាល​នេះ ពោល​នៅពេល​កិច្ចសន្យា​របស់គេ​ជាមួយ​ក្លិប Al Sadd SC ត្រូវ​បញ្ចប់​បន្ទាប់ពី​រួមរស់​ជាមួយ​ក្រុម​នៅ​អាស៊ី​នេះ​រយៈពេល​៣​រដូវ​កាល​។​


 
​យ៉ាងណាក៏ដោយ ការប្រកាស​ពី​ការចូលនិវត្តន៍​នេះ Xavi ក៏បាន​បង្ហាញ​ពី​បំណង​របស់ខ្លួន​ក្នុង​វិស័យ​កីឡា​នេះ​ដដែល​ដោយ​អះអាងថា​ខ្លួន​នឹង​ក្លាយជា​គ្រូបង្វឹក​វិញ​នាពេល​អនាគត​ដ៏​ខ្លី​។​
«​អ្វីដែល​ខ្ញុំ​សម្រេចបាន​ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុងក្រោយ​នេះ​គឺជា​បច្ច័យ​ដ៏​ល្អ​សម្រាប់​ខ្ញុំ​ដើម្បី​បន្ត​ក្នុង​វិស័យនេះ​។ ដូច្នេះ​ខ្ញុំ​ជឿជាក់ថា​វា​គឺជា​កាតព្វកិច្ច​របស់ខ្ញុំ​ក្នុងការ​ត្រឡប់​ចូល​កីឡាបាល់ទាត់​វិញ​តាម​ដែល​អាចធ្វើ​ទៅបាន​»​។​
 
​បើតាម​កាសែត​អេ​ស្ប៉ា​ញ AS បុរស​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​នឹង​បន្តការងារ​របស់ខ្លួន​ក្នុង​វិស័យ​បាល់ទាត់​ជាមួយ Generation Amazing ជា​កម្មវិធី​មួយ​របស់​កាតា​ដែល​បង្កើតឡើង​ដើម្បី​ត្រៀម​រៀបចំ​ការប្រកួត World Cup ឆ្នាំ​២០២២៕

Tag:
 បាល់ទាត់​
  Xavi Hernandez
  ចូលនិវត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com