កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ផ្តល់​ថវិកា​៨០​លាន​រៀល​លើកទឹកចិត្ត​ដល់​ជ័យលាភី​មេដាយមាស​យុវជន​អាស៊ី​
03, May 2019 , 9:19 pm        
រូបភាព
លោក យី វាសនា (កណ្តាល) លោក យី សុភក្ត្រា (ឆ្វេង) និងកីឡាករ យ៉ុន មួយ, រូបភាពពី NOCC
លោក យី វាសនា (កណ្តាល) លោក យី សុភក្ត្រា (ឆ្វេង) និងកីឡាករ យ៉ុន មួយ, រូបភាពពី NOCC
ដោយ:
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់​ថវិកា​ចំនួន​៨០​លាន​រៀល ដើម្បី​លើកទឹកចិត្ត​ដល់​កីឡាករ និង​គ្រូបង្វឹក ដែល​ដណ្តើមបាន​មេដាយមាស​១ ពី​ការប្រកួត​ហែល​ទឹក​ដណ្តើម​ពានរង្វាន់​យុវជន​អាស៊ី​នៅ​សាធារណៈរដ្ឋ​កូរ៉េ​កាលពី​ចុងឆ្នាំ​២០១៨ នៅ​ព្រឹក​ថ្ងៃទី​៣ ឧសភា​នេះ​។

 
​កីឡាករ​ហែល​ទឹក យ៉ុ​ន មួយ និង​គ្រូបង្វឹក យី សុភ​ក្ត្រា ដែល​ដណ្តើមបាន​មេដាយមាស​១​គ្រឿង ពី​ការប្រកួត​ដណ្តើម​ជើងឯក​យុវជន​អាស៊ី​នៅ​ប្រទេស​កូរ៉េ កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ ទទួលបាន​ថវិកា​លើកទឹកចិត្ត​ម្នាក់​៤០​លាន​រៀល ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ថវិកា​ទាំងនេះ ត្រូវបាន​លោក យី វាសនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ប្រគល់ជូន​ម្ចាស់​ជ័យលាភី​និង​គ្រូបង្វឹក​រួចរាល់​ហើយ នៅ​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩​។​


លោក យី វាសនា ប្រគល់ថវិកាជូនកីឡាករ យ៉ុន មួយ
 
​លោក យី វាសនា ចាត់ទុក​ការបណ្តុះបណ្តាល និង​ប្រកួត​ជើងឯក​យុវជន​របស់​កូរ៉េ ជាការ​លើកទឹកចិត្ត​មួយ​ដ៏​សំខាន់​ក្នុងការ​ជំរុញ​ឲ្យ​កីឡាករ​មាន​ទឹកចិត្ត​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​កាន់តែខ្លាំង​។ ជាមួយគ្នានេះ លោក ជំរុញ​ឲ្យ​កីឡាករ​ទាំង​ជ័យលាភី​និង​មិន​លា​ភី​ទាំងអស់ បន្ត​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ពង្រឹងសមត្ថភាព ដើម្បី​ត្រៀម​ប្រជែង​ក្នុង​ព្រឹត្តិការណ៍ ASEAN Para Game នៅ​ហ្វីលីពីន​ឆ្នាំនេះ ។​ជាពិសេស​នៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​នេះ​។​


លោក យី វាសនា ប្រគល់ថវិកាជូនលោក យី សុភក្ត្រា
 
​មេដាយមាស​របស់​កីឡាករ យ៉ុ​ន មួយ ទទួលបាន​ក្នុងអំឡុងពេល​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បញ្ជូន​រូបគេ​រួមជាមួយ​កីឡាករ ឈឿន កុសល ដែលមាន​លោក យី សុភ​ក្ត្រា ប្រធាន​ប្រតិភូ​ទៅ​ហ្វឹកហាត់​ពង្រឹង​បច្ចេក​ហែល​ទឹក​នៅ​សាធារណៈរដ្ឋ​កូរ៉េ ចន្លោះ​ពីថ្ងៃ​៣០ ខែតុលា ដល់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ 


 
​សម្រាប់​ការប្រកួត​ដែលមាន​១៤​ប្រទេស​ចូលរួម​ត្រូវបាន​បែងចែក​ជា​បី​ក្រុម ដោយ​កីឡាករ យ៉ុ​ន មួយ ស្ថិតនៅក្នុង​ក្រុមទី​១ ខណៈ​កីឡាករ ឈឿន កុសល ស្ថិតក្នុង​ក្រុមទី​២​។ ជា​លទ្ធផល​ក្រុមទី​១​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ និង​ក្រុមទី​២​ទទួលបាន​លេខ​២ និង​ក្រុម​លេខ​៣​ទទួលបាន​លេខ​៣​។ ប៉ុន្តែ​ដោយ យ៉ុ​ន មួយ ជា​កីឡាករ​ហែល​ទឹក​មាន​ល្បឿន​ជាងគេ ទើប​គណៈកម្មការ​រៀប​ចំការ​ប្រកួត​សម្រេច​ផ្តល់​មេដាយ​ដល់​រូបគេ​។ ចំណែក​កីឡាករ ឈឿន កុសល ទោះបី​ស្ថិតក្នុង​ក្រុម​លេខ​២​ក៏ដោយ តែ​រូបគេ​មិន​ទទួលបាន​មេដាយប្រាក់​នោះទេ ដោយសារ​រូបគេ​ចាញ់​ល្បឿន​កីឡាករ​ថៃ​។ សូមបញ្ជាក់ថា ការប្រកួត​នេះ​ក្នុង​១​ក្រុម​ទទួលបាន​មេដាយ​តែមួយ​ប៉ុណ្ណោះ គឺ​មាស ប្រាក់ និង​សំរឹទ្ធ​៕
 

Tag:
 ​ហែល​ទឹក​
  យី វាសនា​
  ប៉ា​រ៉ា​ឡាំ​ពិ​ក
© រក្សាសិទ្ធិដោយ thmeythmey.com