ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវជន​មួយក្រុម​ផ្តួចផ្តើម​សង់សាលា​នៅ​ភូមិ​ដាច់ស្រយាល​មួយ​ក្នុង​ខេត្តបន្ទាយមានជ័យ​
04, May 2019 , 11:47 am        
រូបភាព
​បន្ទាយមានជ័យ​៖ ភូមិ​ចារ​ក្រោម ស្ថិតនៅ​ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ អ្នកភូមិ​នេះ​មាន​របរ​ចម្បង​ជា​កសិករ ក្រៅពីនោះ​ជា​អ្នកលក់ដូរ និង​មួយចំនួន​ចំណាកស្រុក​។ ជា​ភូមិ​រៀង​នៅ​ដាច់ស្រយាល ធ្វើឱ្យ​ការអប់រំ​នៅ​ទីនោះ​ក៏​នៅមានកម្រិត ហើយ​ក្នុងនោះ​សាលា​បឋម​មួយ​ក្នុងភូមិ​នេះ ក៏​ទ្រុង​ទ្រោម​ផងដែរ​។ ដោយ​មើលឃើញ​ស្ថានភាព​បែបនេះ ក្រុមយុវជន​មួយក្រុម​បាន​ផ្តួចផ្តើម​គំនិត​រៃអង្គាស​ថ​វិកា​ពី​សប្បុរសជន​នានា ដើម្បី​សាងសង់​សាលារៀន​ថ្មី​នៅ​ភូមិ​ចារ​ក្រោម​នេះ​។

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ៖

 
 
​បើ​និយាយ​ពី​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា​ពេល​បច្ចុប្បន្ននេះ គឺមាន​ការរីកចម្រើន​គួរឱ្យកត់សម្គាល់ ពិសេស​នៅតាម​ទីប្រជុំជន​។ អាគារ​សិក្សា​ជាច្រើន ត្រូវបាន​រដ្ឋាភិបាល​កំ​ណ​ត់​គោលដៅ​សាងសង់​ជា​បន្តបន្ទាប់ និង​មាន​បំពាក់​បរិក្ខា​សិក្សា​ទំនើបៗ ថែមទាំង​មាន​អគ្គិសនី​ប្រើប្រាស់​តាម​ថ្នាក់រៀន​នីមួយៗ​ទៀតផង​។ យ៉ាងណា ការអភិវឌ្ឍ​នេះ​មិនទាន់​ពេញលេញ​នៅឡើយ គឺថា​នៅ​តំបន់​ខ្លះ​នៅ​ប្រើប្រាស់​សាលារៀន​ចាស់ ដែល​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​។​
 
​ក្រុមយុវជន​មួយក្រុម​ដែល​រស់នៅ​ខេត្តសៀមរាប បាន​កៀងគរ​ជំនួយ​ពី​សប្បុរសជន និង​ស្ថាប័ន​ជាតិ​-​អន្ដរជាតិ​នានា ដើម្បី​សង់សាលា​រៀន​មួយកន្លែង​នៅ​ភូមិ​ចារ​ក្រោម ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ ភូមិ​នេះ មាន​ព្រំប្រទល់​ជាប់​នឹង​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប ដែលមាន​ភូមិសាស្ដ្រ​នៅ​ជិត​បឹង​ទន្លេសាប​។​
 
​លោក គិ​ម ប៊ុន​ថា​ន់ សមាជិក​ក្រុមយុវជន​ផ្តួចផ្តើម​ជួយ​សាលា​សហគមន៍​ចារ​ក្រោម បាន​និយាយថា គម្រោង​សាងសង់​សាលារៀន​នៅទីនេះ គឺ​ផ្តើមឡើង​បន្ទាប់ពី​ក្រុម​របស់លោក​ទទួលបាន​ដំណឹង​ពី​ផល​លំបាក​នានា​ដែល​សាលា​នៅទីនេះ​ជួបប្រទះ​។ គម្រោង​សង់សាលា​ថ្មី​នៅ​ភូមិ​ចារ​ក្រោម គឺ​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៦​មក ដោយ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នកគ្រប់គ្រង​សាលា ក៏ដូចជា​ព្រះសង្ឃ​ដែល​បានឱ្យ​ដី​មួយកន្លែង​សម្រាប់​សង់សាលា​រៀន​ថ្មី​ជំនួស​សាលា​ចាស់​ដែល​សង់​នៅ​បរិវេណ​វត្ត​។​
 
 
​គម្រោង​សង់សាលា​រៀន​នៅ​តំបន់​ដាច់ស្រយាល​នេះ ទទួលបាន​ថវិកា​ពី​សប្បុរសជន និង​ស្ថាប័ន​ក្នុង​និង​ក្រៅប្រទេស​មួយចំនួន ដែល​ក្រុម​លោក គិ​ម ប៊ុន​ថា​ន់​ស្វែងរក​គ្រប់​ច្រកល្ហក​។ យ៉ាងណា គម្រោង​នេះ​មាន​ផល​លំបាក​បន្ដិច​ដ្បិត​អាស្រ័យ​លើ​ថវិកា​ដែលមាន ហើយ​ឆ្នាំ​ដំបូង​ក្រុម​របស់លោក រកបាន​មិន​ច្រើន​ទេ ហេតុ​ដូច្នេះហើយ ទើប​លោក ប៊ុន​ថា​ន់ ប្រាប់ថា មិន​ហ៊ាន​កំណត់ថា​ពេលណា​ទើប​សាលារៀន​នេះ​សង់​រួច​តាម​គម្រោង​ដែល​ចង់​បានឡើយ​។ យ៉ាងណាក៏ដោយ សព្វថ្ងៃ ក្រុមយុវជន​បន្ដ​ស្វែងរក​ថវិកា​ពី​សប្បុរសជន​នានា ដើម្បីឱ្យ​គម្រោង​សាលារៀន​ខ្លួន​ចេញ​ជា​រូបរាង​ពេញលេញ ដូច​អ្វីដែល​ពួកគេ​ស្រមៃ​។​
 
 
​ដ្បិតថា គម្រោង​សាលារៀន​មិនទាន់​ជោគជ័យ​ក៏ដោយ តែ​លោក ប៊ុន​ថា​ន់ ថា​ក្រុម​របស់លោក​មាន​គម្រោង​រៀបចំ​សាលា​នេះ​ដូច​ទៅនឹង​សាលា​គំរូ​មួយ​នៅ​ក្រុង​សៀមរាប នោះ​គឺ​សាលាបឋមសិក្សា​វត្ត​បូព៌​។ សម្រាប់​ក្រុមយុវជន ពួកគេ​ចង់ឱ្យ​សាលា​ដែល​ពួកគេ​ផ្តូ​ច​ផ្តើមកសាង​នេះ ក្លាយជា​សាលា​គំរូ​នៅ​សហគមន៍​ចារ​ក្រោម​នេះ ទោះបី​វា​រៀង​នៅ​ដាច់ស្រយាល​បន្ដិច​ក៏ដោយ​។​
 
 
​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​ចារ​ក្រោម លោកគ្រូ ជោ​ត សុ​ហឿ​ត បាន​រឭក​ពី​ផល​លំបាក​មួយចំនួន​អំឡុងពេល​នៅ​បង្រៀន​នៅ​សាលា​ចាស់​។ លោកគ្រូ​ថា សាលា​ពីមុន​មាន​ផល​លំបាក​ដោយសារ​ស្ថិតនៅក្នុង​បរិវេណ​វត្ត ដោយ​ត្រូវ​រំខាន​ដោយ​សំឡេង​បុណ្យទាន​នានា ពិសេស​ជាង​នេះ​គឺ​នៅ​ជិត​ទីប​ឆា​បូជាសព ហេតុ​ដូច្នេះហើយ ការបង្រៀន​មិនសូវ​ជាប់លាប់​នោះទេ​។ លោកគ្រូ​បន្ថែមថា នៅ​រដូវភ្លៀង សាលា​ចាស់​ដែល​សង់​ពី​ឈើ​មាន​សភាព​ទ្រុឌទ្រោម តែង​រំខាន​ដោយ​ខ្យល់ ភ្លៀង​សាច និង​លិច​ផងដែរ ដោយសារ​បរិវេណ​សាលា​ទាប ងាយ​ទឹកភ្លៀង​ហូរ​ចូល​ជានិច្ច​។ 
 
 
​ដោយ​ទឹកមុខ​សប្បាយរីករាយ លោកគ្រូ ជោ​ត សុ​ហឿ​ត បានឱ្យដឹងថា ទាំង​គ្រូ​និង​សិស្ស​នៅទីនេះ​ពិតជា​សប្បាយចិត្ត​ជាខ្លាំង ពេល​មាន​សាលារៀន​ថ្មី​បែបនេះ​។ លោកគ្រូ​បន្តថា សាលារៀន​ថ្មី​មាន​ទីធ្លា​ស្រឡះ​មុខ​ស្រឡះ​មាត់ និង​មាន​សុវត្ថិភាព​ដល់​សិស្ស​ដោយសារ​នៅ​ឆ្ងាយ​ពី​ថ្នល់​។ លោកគ្រូ​ក៏បាន​អរគុណ​ដល់​ក្រុម​របស់លោក គិ​ម ប៊ុន​ថា​ន់ ដែល​ស្វះ​ស្វែងរក​ថវិកា​ដើម្បី​មក​កសាង​សាលារៀន​នៅទីនេះ ដែលជា​ផ្នែក​មួយ​ផ្តល់​ក្ដីសង្ឃឹម​ដល់​គ្រូ និង​សិស្ស ក៏ដូចជា​ពលរដ្ឋ​ក្នុងភូមិ​ចារ​ក្រោម​នេះ​តែម្ដង​។​
 
 
​សាលាបឋមសិក្សា​ចារ​ក្រោម​មាន​ចំនួន​៧​ថ្នាក់ ពី​ថ្នាក់​មតេយ្យ​ដល់​ថ្នាក់​ទី​៦ ដែល​សរុប​មាន​ចំនួន ១៤៧​នាក់​។ បច្ចុប្បន្ននេះ សិស្ស​ចំនួន​៣​ថ្នាក់​បាន​រើ​ទៅ​រៀន​នៅ​សាលា​ថ្មី ដោយឡែក​៣​ថ្នាក់​ទៀត​នៅ​រៀន​នៅ​សាលា​ចាស់​ដែល​ស្ថិតក្នុង​បរិវេណ​វត្ត​ដដែល ដោយសារ​សាលា​ថ្មី​មិន​សង់​គ្រប់​តម្រូវការ​។ តាម​គម្រោង​របស់​សាលា គឺ​នឹង​សង់​ថ្នាក់​ចំនួន​៧​បន្ទប់ បណ្ដា​ល័យ​១ ការិយាល័យ​គ្រូ​១ ដែល​សរុប​ទាំងអស់​មាន​ចំនួន ៩​បន្ទប់ ដែល​បច្ចុប្បន្ន​នៅ​មិនទាន់​សង់​គ្រប់​នៅឡើយ​។ 
 
​ក្នុងនាម​ជា​អ្នក​ផ្តួចផ្តើម​កសាង​សាលារៀន​នៅ​ចារ​ក្រោម​មួយរូប លោក គិ​ម ប៊ុន​ថា​ន់ ចង់​ក្លាយជា​យុវជន​គំរូ​មួយរូប​ក្នុង​សហគមន៍​របស់លោក​។ ក្នុងនោះ​លោក​ចង់ឱ្យ​យុវជន​ទាំងអស់ មិនគួរ​ភ្លេច​ភូមិ​ស្រុក​របស់ខ្លួន​ឡើយ គួរតែ​មានការ​ត្រឡប់ ឬ​តបស្នង តាមរយៈ​ការជួយ​ការងារ​សង្គម​ផ្សេងៗ​ដែល​គេ​មានលទ្ធភាព​។ លោក​បន្ថែមថា​៖« យើង​មិនមែនជា​អ្នកមាន​ធនធាន​ច្រើន​ទេ តែ​លោក​មាន​មនសិការ​ចូលរួម​ដើម្បី​អភិវឌ្ឍន៍​របស់​យើង​»៕

Tag:
 បទ​យកការណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com