សៀមរាប៖ ប្រាសាទអកយំ ត្រូវបានកសាងឡើងនៅស.វទី៨។ នៅស.តទី១១ ព្រះមហាក្សត្រនៅសម័យនោះ បានកសាងបារាយណ៍ខាងលិច ដោយបានលើទំនប់គ្របមួយផ្នែក នៃប្រាសាទអកយំ។ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការរបស់អាជ្ញាធរជាតិ កំពុងធ្វើកំណាយស្រាវជ្រាវ នៅផ្នែកខាងជើងនៃប្រាសាទអកយំ។ ការដ្ឋានកំណាយនោះ បានរកឃើញស្លាកស្នាមមួយចំនួន របស់ប្រាសាទអកយំ រួមនឹងខឿនប្រាសាទ ដែលកប់នៅក្នុងទំនប់ខាងត្បូងនៃបារាយណ៍ខាងលិច។
សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី នៃសារព័តមានថ្មីៗដូចតទៅ៖
ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវ នៅផ្នែកខាងជើងរបស់ប្រាសាទអកយំ។ មិនត្រឹមតែជាការស្រាវជ្រាវប៉ុណ្ណោះទេ កំណាយនេះ ធ្វើឡើងដើម្បីជាការសង្គ្រោះប្រាសាទអកយំ ស្របពេលដែលនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំជួសជុលខ្នងទំនប់បារាយណ៍ខាងលិចនេះ។ លទ្ធផលបណ្តោះអាសន្នដែលទទួលបាន តាមរយៈការធ្វើកំណាយនេះ អ្នកស្រាវជ្រាវបានរកឃើញស្លាកស្នាម នៃសំណល់ខឿនក្រោមបង្អស់ ឬខឿនទីមួយរបស់ប្រាសាទអកយំ ដែលបានលុបបាត់ ក្នុងតួទំនប់ខាងត្បូងបារាយណ៍ខាងលិច កាលពីគេលើកបារាយណ៍ទាំងមូលនេះឡើង នៅក្នុងអំឡុងស.វទី១១នៃគ.ស។
បណ្ឌិតផ្នែកបុរាណវិទ្យា លោក ជា សុជាតិ ប្រធានគម្រោង និងជាអ្នកដឹកនាំកិច្ចការស្រាវជ្រាវលើការដ្ឋានកំណាយប្រាសាទអកយំ បានឱ្យដឹងថា ក្រុមការងាររបស់លោក កំពុងធ្វើកំណាយនៅផ្នែកខាងជើងនៃប្រាសាទនេះ ដែលកន្លងមកមិនទាន់មានការស្រាវជ្រាវបុរាណវិទ្យា ឱ្យបានដិតដល់នៅឡើយ បើទោះបីជាមានការរុករកខឿនទីមួយ ផ្នែកខាងជើងរបស់ប្រាសាទអកយំនេះ ក្នុងចន្លោះឆ្នាំ១៩៣២ និងឆ្នាំ១៩៣៥។ លោកបន្ថែមថា អ្នកស្រាវជ្រាវជនជាតិបារាំងម្នាក់ឈ្មោះ Georges Trouvé (ហ្សក ទ្រូវេ) បានធ្វើការងារជាច្រើន សម្រាប់ប្រាសាទមួយនេះ រហូតទាល់តែគាត់បានបាត់បង់ជីវិតក្នុងខែកក្កដាឆ្នាំ១៩៣៥។ ក្នុងរយៈពេល៣ឆ្នាំ មានឯកសារជាច្រើនដែលអ្នកស្រាវជ្រាវរូបនេះ បានបន្សល់ទុករហូតមកដល់ថ្ងៃនេះ សម្រាប់អ្នកជ្រាវជំនាន់ក្រោយ រួមមាន សំណេរដៃក្នុងទិនានុប្បវត្តិកំណាយ (Journaux de fouilles) របាយការណ៍ប្រចាំខែ ឯកសារប្លង់ចំនួន៥៨ផ្ទាំង និងរូបថតចំនួន១៣៥សន្លឹក។
តាមការលើកឡើងរបស់លោក ជា សុជាតិ ការស្រាវជ្រាវរបស់លោក ហ្សក ទ្រូវេ នៅពេលនោះ គេអាចដឹងបានថា ខឿនទីមួយរបស់ប្រាសាទអកយំមានប្រវែង ១០០ម៉ែត្របួនជ្រុង កម្ពស់ប្រវែង២,៦០ម៉ែត្រ និងមានកម្រាស់ទទឹងប្រវែង ៣ម៉ែត្រ។ រីឯការស្រាវជ្រាវជាបន្ត ដែលធ្វើឡើងដោយលោក Christophe Pottier (គ្រីស្តូហ្វ ប៉ូត្យេ) ក្នុងឆ្នាំ ២០០១ ២០១២ និង២០១៦ បានរំលេចឲ្យឃើញទិន្នន័យថ្មីជាច្រើនបន្ថែមទៀត នៅផ្នែកខាងត្បូងប្រាសាទ និងលើសអំពីអ្វីដែលលោក ហ្សក ទ្រូវេ ធ្លាប់បានដឹង។
បើទោះបីជាមានការស្រាវជ្រាវថ្មីៗនេះក៏ពិតមែន សម្រាប់លោក ជា សុជាតិ ប្រាសាទអកយំ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីកន្លែងលេងទឹក នៅជ្រុងនិរតី មិនសូវទទួលបានការចាប់អារម្មណ៍ ពីភ្ញៀវជាតិ និងអន្តរជាតិមកទស្សនា និងសិក្សាស្វែងយល់បន្ថែមនោះទេ។ ដើម្បីលើកតម្លៃប្រវត្តិសាស្ត្រ សិល្បៈ សំណង់ប្រាសាទអកយំ ដែលសាងអំពីឥដ្ឋឡើងវិញ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានលើកគម្រោងស្រាវជ្រាវ និងជួសជុលប្រាសាទអកយំឡើងនៅក្នុងឆ្នាំ២០១៧។ កិច្ចការនេះ ធ្វើឡើងក្នុងន័យធ្វើការសិក្សាបន្ត ពីអ្នកស្រាវជ្រាវមុនៗ។ ការងារស្រាវជ្រាវ ផ្តោតសំខាន់ទៅលើផ្នែកខាងជើង ដោយសារផ្នែកនេះ នៅពុំទាន់មានបុរាណវិទូណាម្នាក់បានស្រាវជ្រាវនោះទេ។ រីឯការកំណត់ទំហំខឿនទីមួយ របស់ប្រាសាទអកយំ គឺធ្វើឡើងដោយយោងតាមសំណេរ និងរូបថតដ៏តិចតួចស្តួចស្តើង ដែលលោក ហ្សក ទ្រូវេ បានបន្សល់ទុក។ គម្រោងនេះ មានការឯកភាពពីអ្នកជំនាញការ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ហើយបានចាប់ផ្តើមដំណើរការ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។
កំណាយស្រាវជ្រាវនៅប្រាសាទអកយំ បានចាប់ផ្តើមនៅចុងខែ មីនា ហើយមកដល់ថ្ងៃទី១២ មេសា អ្នកស្រាវជ្រាវបានបើករណ្តៅកំណាយស្រាវជ្រាវចំនួន ៨ ដើម្បីស្វែងរកខឿនទីមួយ ផ្នែកខាងជើងរបស់ប្រាសាទអកយំ និងដើម្បីសិក្សាស្វែងរកទំនាក់ទំនងប្រាសាទ ជាមួយនឹងការតាំងទីរបស់មនុស្ស នៅផ្នែកខាងលិចប្រាសាទ។ ជាលទ្ធផលដំបូង អ្នកស្រាវជ្រាវ បានរកឃើញស្លាកស្នាមនៃខឿនទីមួយ របស់ប្រាសាទអកយំ នៅក្នុងរណ្តៅចំនួន៣។ សំណល់ខឿននោះ ត្រូវបានគេរកឃើញនៅក្នុងជម្រៅចន្លោះជាមធ្យមពី២០ស.ម. ទៅ១៥០ស.ម។ បច្ចុប្បន្ន ក្រុមការងារកំពុងជីកបន្ថែម ដោយរំពឹងថា នឹងអាចទៅដល់បាតក្រោម នៃខឿនប្រាសាទនេះ ប្រសិនបើគ្មានការរំខានពីបញ្ហាភ្លៀង និងកម្រិតទឹកក្នុងបារាយណ៍។ រីឯនៅក្នុងរណ្ដៅចំនួន៤ធំៗ ស្ថិតនៅខាងលិចនៃជ្រុងពាយ័ព្យ នៃខឿនទីមួយរបស់ប្រាសាទអកយំវិញ អ្នកស្រាវជ្រាវបានរកឃើញមានថ្មភ្នំ ដែលមានទំហំធំៗ ដែលការវិភាគបឋម ថ្មទាំងអស់នោះ ត្រូវបានគេយកមកតម្រៀប ដើម្បីទប់ជើងទេរផ្នែកខាងជើង នៃទំនប់ខាងត្បូង ហើយក៏អាចប្រើទប់កុំឱ្យដីហូរច្រោះ។ បើទោះបីជាដីដែលគេលើកយកមកធ្វើទំនប់នោះ ជាប្រភេទដីឥដ្ឋដែលគេបង្ហាប់ មានពណ៌ប្រផេះ និងមានលាយខ្សាច់ក្នុងបរិមាណតិចបំផុត។
តាមការបញ្ជាក់ពីលោក ជា សុជាតិ ដោយយោងតាមសិលាចារឹកប្រាសាទនេះត្រូវបានកសាងនៅស.វទី៨ក៏ពិតមែន តែតាមការស្រាវជ្រាវក្រោយៗមកទៀត គេបានយកធ្យូងទៅវិភាគ ទិន្ន័យអាចបង្ហាញថា ប្រាសាទនេះអាចសង់នៅស.វទី៦ គឺដំណាលនឹងប្រាសាទចាស់ៗមួយចំនួន មានព្រៃក្មេង និងគោកតាមាសជាដើម។
គួរបញ្ជាក់ថា គម្រោងស្រាវជ្រាវរចនាសម្ព័ន្ធផ្នែកខាងជើងប្រាសាទអកយំនៅពេលនេះ គឺស្របពេលដែលនាយកដ្ឋានគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលខ្នងទំនប់បារាយណ៍ខាងលិច។ ការស្រាវជ្រាវនេះ គឺធ្វើឡើងទាំងសម្រាប់ការស្រាវជ្រាវ និងសម្រាប់កំណាយសង្គ្រោះផងដែរ។ លទ្ធផលនៃការធ្វើកំណាយនេះ នឹងរួមចំណែកយ៉ាងធំ ក្នុងការកំណត់ទីតាំងពិតប្រាកដ ក៏ដូចជាជម្រៅរបស់សំណល់ខឿនទីមួយ របស់ប្រាសាទអកយំ។ គម្រោងស្រាវជ្រាវនេះ គ្រោងបញ្ចប់នៅពាក់កណ្តាល ខែឧសភានេះ៕