ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺគ្រោងពង្រីកតំបន់ផលិតស្ករត្នោតបន្ថែម ខណៈមានការបញ្ជាទិញច្រើន ពីសំណាក់ក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក ក្រោយសហភាពអ៊ឺរ៉ុបទទួលស្គាល់ម៉ាកសម្គាល់ភូមិសាស្ត្រ កាលពីដើមខែមេសា ឆ្នាំ២០១៩នេះ។
លោក សំ សារឿន ប្រធានសមាគមស្ករត្នោតកំពង់ស្ពឺ គ្រោងនឹងស្នើរសុំទៅកាន់ក្រសួងពាណជ្ជកម្ម ដើម្បីពង្រីកតំបន់ផលិតស្ករត្នោតបន្ថែមទៀត ក្រោយទទួលបានការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រជាផ្លូវការ ពីសហភាពអ៊ឺរ៉ុប។
លោកបាននិយាយថា៖« ខ្ញុំគ្រោង ឆ្នាំ ២០២០ ទៅ ២០២៥ ក្រោយពេលប្រកាសជាសាធារណៈនៅស្ថានទូតអ៊ឺរ៉ុបប្រចាំនៅភ្នំពេញនេះហើយ យើងនឹងចាប់ផ្ដើមពង្រីកតំបន់ ចំនួនសមាជិក ដើម្បីបង្កើនចង្វាក់ផលិតកម្មឲ្យបានច្រើន។ ក្រោយពីយើងជួបបញ្ហាការផ្គត់ផ្គង់ខ្វះចំនួន ដូច្នេះយើងនឹងសុំពង្រីកតំបន់បន្ថែមទៅនាយកដ្ឋាន ហើយមុននឹងយើងស្នើទៅនាយកដ្ឋាន យើងនឹងពិនិត្យទាំងអស់ឲ្យស្របទៅតាមសៀវភៅបន្ទុក ហើយនឹងដាក់ពាក្យស្នើទៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា (ការិយាល័យ GI)»។
លោក សារឿន បានបន្តថា ក្រោយចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ (PGI) ពីសហភាពអ៊ឺរ៉ុប ស្ករត្នោតកំពង់ស្ពឺមានការបញ្ជាទិញពីក្រុមហ៊ុន ចន្លោះពី ៥ ទៅ ៧ តោនក្នុងមួយថ្ងៃ ដែលកើនឡើងប្រមាណ៥ដង។ បើតាមលោក សារឿន ក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកជាច្រើនបានទាក់ទងសុំបញ្ជាទិញស្ករត្នោត ប៉ុន្តែត្រូវលោកបដិសេធចោល ខណៈបច្ចុប្បន្នសហគមន៍អាចផលិតស្ករត្នោតបានត្រឹម ១ តោនក្នុងមួយថ្ងៃប៉ុណ្ណោះ។
បច្ចុប្បន្នមានអ្នកឡើងត្នោតចំនួន ១៦៨ នាក់ ហើយមានក្រុមហ៊ុនចំនួន ១០ក្រុមហ៊ុន ដែលបានចុះកិច្ចព្រមព្រៀងជាមួយសហគមក្នុងការទិញស្ករត្នោត។ ក្នុងត្រីមាស ដើមឆ្នាំ២០១៩នេះ សហគមន៍អាចផលិតបាន ១០០តោន។
ប្រធានសមាគមស្ករត្នោតកំពង់ស្ពឺ បាននិយាយថា សមាគមគ្រោងផលិតស្ករត្នោតឲ្យបានចំនួន ៣៥០ តោនក្នុងឆ្នាំ២០១៩នេះ ប៉ុន្តែវាទំនងមិនអាចធ្វើបាន ទៅតាមការរំពឹងទុកឡើយ ព្រោះសហគមនៅជួបបញ្ហាច្រើន ដូចជាកង្វះកម្លាំងផលិត និងជាពិសេសគ្រោះរាំងស្ងួត។
លោកបាននិយាយថា៖« ក្នុងមួយថ្ងៃសហគមន៍ត្រូវផលិតស្ករត្នោត ៣ តោនទើបអាចផ្គត់ផ្គងគ្រប់តម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។ ប៉ុន្តែដោយមានការប្រែប្រួលអាកាសធាតុ និងការផលិតក៏ពិបាក ព្រោះទាមទារឲ្យកសិករត្រូវតែគោរពតាមបទដ្ឋានស្ដង់ដា (សៀវភៅបន្ទុករបស់សមាគម) ក្នុងការធានានូវគុណភាព»។
ក្រោយចុះបញ្ជីសម្គាល់ម៉ាកភូមិសាស្ត្ររួចមក តម្លៃនៃស្ករត្នោត បានឡើងដល់ ៦ពាន់ រៀល ឬ ៨ពាន់រៀល ក្នុងមួយគីឡូ ខណៈពីមុនអាចលក់បានក្នុងតម្លៃ ២០០០ ទៅ ២៥០០ រៀលប៉ុណ្ណោះ ។ នេះបើតាមលោក សំអឿន។
លោក ហៃ លីអ៊ាង ស្ថាបនិកក្រុមហ៊ុន Confirel ជាក្រុមហ៊ុនក្នុងស្រុក ដែលទទួលទិញស្ករត្នោតធំជាងគេក្នុងប្រទេសកម្ពុជា បាននិយាយថា ការទទួលស្គាល់របស់សហភាពអ៊ឺរ៉ុបនេះ បានជួយឲ្យស្ករត្នោតកំពង់ស្ពឺកាន់តែមានទំនុកចិត្តលើទីផ្សារអន្តរជាតិ ព្រមទាំងជួយបង្កើនតម្លៃលើផលិតកសិកម្មកម្ពុជា។
លោកបានលើកឡើងថា៖« ការចុះបញ្ជីទទួលស្គាលភូមិសាស្ត្រនេះបានជួយឲ្យស្ករត្នោតទទួលបានតម្លៃខ្ពស់ និងជួយបង្រីកទីផ្សារកាន់តែធំផងដែរ។ លើសពីនេះបានជួយដល់កសិករក្នុងការបង្កើនចំណូលតាមរយៈការផលិតស្ករត្នោត ព្រោះមានទីផ្សារល្អ»។
ក្រុមហ៊ុន Confirel បានទិញស្ករត្នោតកំពង់ស្ពឺ ១២០ តោន កាលពីឆ្នាំ២០១៨។ ហើយបាននាំចេញ៦០ភាគរយ ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះមាន សហភាពអ៊ឺរ៉ុប អាមេរិក និងជប៉ុន។
លោក អ៊ាដ រ៉ាឌី នាយកផ្នែកកម្មសិទិ្ធបញ្ញានៅក្រសួងពាណិជ្ជកម្ម បាននិយាយថា ការទទួលស្គាល់ម៉ាក សម្គាល់ភូមិសាស្ត្រនេះ បានជួយការពារផលិតផលស្ករត្នោតកម្ពុជា ពីការលួចបន្លំម៉ាកសញ្ញា និងជួយជំរុញដល់ការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ព្រមទាំងជួយបង្កើនតម្លៃផលិតផលទៀតផង។
លោកបាននិយាយថា៖«ក្រសួងបានដាក់លិខិតស្នើសុំការទទួលស្គាល់បញ្ជីសម្គាល់ភូមិសាស្ត្រលើស្ករត្នោតកំពងស្ពឺតាំងពីឆ្នាំ២០១៧ ប៉ុន្តែទើបទទួលបាននៅដើមខែ ៤ ឆ្នាំ២០១៩នេះ»។
លោកបន្ថែមថា ក្រសួងកំពុងពិនិត្យមើលលើលទ្ធភាពផលិតផលក្នុងស្រុកមួយចំនួន ដើម្បីស្នើសុំចុះបញ្ជីសម្គាល់ភូមិសាស្ត្របន្ថែមទៀត។
បច្ចុប្បន្ន ប្រទេសកម្ពុជាបានចុះបញ្ជីសម្គាល់ម៉ាកភូមិសាស្ត្រលើផលិតផលចំនួន ៣ ក្នុងនោះមានពីរផលិត គឺម្រេចកំពត និងស្ករត្នោតកំពងស្ពឺ បានចុះជាលក្ខណៈអន្តរជាតិ និងក្រូចថ្លុងកោះទ្រង ទទួលស្គាល់ជាលក្ខណៈជាតិនៅឡើយ។
គួរបញ្ជាក់ថា សមាគមស្ករត្នោតកំពង់ស្ពឺ បានផលិតស្ករ២០០តោន កាលពី ២០១៧និងឆ្នាំ ២០១៨ ចំនួន២៥០តោន ។ ស្ករត្នោតកំពង់ស្ពឺជាផលិតផលទី២ហើយ បន្ទាប់ពីម្រេចកំពតដែលត្រូវទទួលបានការចុះបញ្ជីម៉ាកស្គាល់ភូមិសាស្ត្រ កាលពីឆ្នាំ២០១៦៕