ក្រសួងពាណិជ្ជកម្ម ស្នើ​ឲ្យ​ឈប់​ចែករំលែក​ព័ត៌មាន​ថា អាមេរិក​បន្ត​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​ឡើងវិញ
ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម ស្នើ​ឲ្យ​ឈប់​ចែករំលែក​ព័ត៌មាន​ថា អាមេរិក​បន្ត​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​ឡើងវិញ
04, May 2019 , 5:19 pm        
រូបភាព
​ក្រសួងពាណិជ្ជកម្ម​បាន​ស្នើសុំ​ដល់​ប្រជាពលរដ្ឋ​បញ្ឈប់​ការចែក​ចាយ​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ថា «​អាមេរិក​បានផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឡើងវិញ​ដល់​កម្ពុជា​» ដើម្បី​កុំ​ឲ្យ​ពាណិជ្ជករ និង​វិនិយោគិន​ដែល​កំពុង​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា មានការ​ភាន់ច្រឡំ​។ ក្រសួង​បាន​អៈ​អាង​ថា ព័ត៌មាន​ស្តីពី​ការបន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឡើងវិញ​ដល់​កម្ពុជា​នោះ ជា​ព័ត៌មាន​ចាស់ ដែល​ចេញផ្សាយ​តាំងពី​ឆ្នាំ ២០១៨ មកម្ល៉េះ​។

 
​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា សារព័ត៌មាន​អន​ឡាយ​ដែល​គ្មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុ​ជាមួយ​ចំនួន បាន​ចុះផ្សាយ ករណី​អាមេរិក​បន្ត​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឡើងវិញ​ដល់​កម្ពុជា និង​ករណី​ដែល​ក្រសួងពាណិជ្ជកម្ម​ប្រកាស​ឲ្យ​ពាណិជ្ជករ ដែល​ល​នាំ​ទំនិញ​ចូល​ទីផ្សារ​អាមេរិក​ដាក់ពាក្យ​ស្នើសុំ​ដក​ប្រាក់​បង់ពន្ធ​រួច​យកមក​វិញ ។ ក្រសួង​យល់ឃើញថា ការចែក​ចាយ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ អាចធ្វើ​ឲ្យ​ពាណិជ្ជករ និង​វិនិយោគិន ដែល​កំពុង​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​មានការ​យល់ច្រឡំ និង​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​ថែមទៀត​។​
 
​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​បានសរសេរថា​៖«​អាស្រ័យហេតុនេះ សូម​សាធារណជន មេត្តា​ជ្រាប​និង​បញ្ឈប់​ការ​ចែកចាយ​ព័ត៌មាន​ទាំងអស់នោះ ដើម្បី​ជៀសវាង​ធ្វើ​ឲ្យ​ពាណិជ្ជករ និង​វិនិយោគិន​ដែល​កំពុង​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា មានការ​ភាន់ច្រឡំ និង​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​ថែមទៀត​»​។​
 
​គួររម្លឹកថា ការបន្ត​សុពលភាព​នៃ​ការអនុគ្រោះ​ពន្ធ GSP ដល់​ប្រទេស​កម្ពុជា បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០១៨ នឹងមាន​សុពលភាព​រហូត​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០២០ ខណៈដែល​ផុត​សុពលភាព​កាលពី​ឆ្នាំ​២០១៨៕

Tag:
 អាមេរិក
 សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com