ជាតិ
សេដ្ឋកិច្ច
ក្រសួងកសិកម្ម​ប្រមូល​ចំណូល​ពី​ព្រៃឈើ បាន​ជាង ២​លាន​ដុល្លារ ក្នុង​ដើមឆ្នាំ​២០១៩
05, May 2019 , 7:59 am        
រូបភាព
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​ប្រមូល​ចំណូល​ពី​សួយ​សារ​ផល​អនុផល​ព្រៃឈើ បាន​ជាង ២​លាន​ដុល្លារ ក្នុង​រយៈពេល​៣ ខែ​ដើមឆ្នាំ ២០១៩ នេះ​។ 

​ក្រសួងកសិកម្ម​បានបង្ហាញ​របាយការណ៍​សម្រាប់​ត្រីមាស​ទី ១ ឆ្នាំ​២០១៩ ថា ក្រសួង​បាន​ចំណូល​ពី​ថ្លៃ​សួយ​សារ​ផល អនុផល​ព្រៃឈើ​សរុប​ចំនួន ៩,៣០៤,៧៦៩,២៩០ រៀល (​ជាង ២​លាន​ដុល្លារ​) និង ៦៩,២៨១ ដុល្លារ សម្រាប់​ត្រីមាស​ទី​១ ឆ្នាំ​២០១៩​នេះ​។ 
 
​ក្នុង​របាយការណ៍​ដ៏​ដែល​បាន​បន្តថា មាន​ក្រុមហ៊ុន​ចំនួន ៥ បាន​នាំចេញ​ផលិតផល​គ្រឿង​សង្ហា​រឹម និង​រាន​ទេវតា​ពី​ឈើ​នាំចូល និង​ឈើ​កែឆ្នៃ ទៅ​ក្រៅប្រទេស និង​បានផ្តល់​អាជ្ញាប័ណ្ណ​នាំចេញ​ដល់ ៣​ក្រុមហ៊ុន និង​ផ្ដល់​អាជ្ញាប័ណ្ណ​នាំចូល​អនុផល​ព្រៃឈើ​ដល់ ២​ក្រុមហ៊ុន​។ ក្រសួង​ក៏បាន​ចុះ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​លើ ក្រុមហ៊ុន សិប្បកម្ម​អារ​-​កែច្នៃ​ឈើ ចំនួន ១៥ កន្លែង​ផងដែរ​។​
 
​ក្រសួងកសិកម្ម បាន​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ សត្វព្រៃ និង​ការកាប់​រាន​ដីព្រៃ បាន​ចំនួន ១៩៥ ករណី ក្នុងនោះ​ពិន័យ​អន្តរកាល ចំនួន ១១៧ ករណី និង​បញ្ជូនទៅ​តុលាការ​ចំនួន​៧៨ ករណី​។ 
 
​ក្រសួងកសិកម្ម បាន​ឃាត់ និង​ដកហូត​ឈើ និង​សត្វព្រៃ​ខុសច្បាប់ ដូចជា​ឈើមូល -​ជ្រុង ចំនួន ៩៦ ម៉ែត្រគូប​, ឈើ​អារ​ចំនួន ៣៤២ ម៉ែត្រគូប​, គ្រាក់​ក្រញូង ចំនួន ២ ម៉ែត្រគូប និង​សត្វព្រៃ​ចម្រុះ​ចំនួន ១,៤៦៧ ក្បាល និង​ទម្ងន់ ៨០ គីឡូក្រាម​។ ចំណែក​សំណុំរឿង​កាប់​រាន​ព្រៃ​មាន ៦​ករណី លើ​ទំហំ​ដី​ចំនួន ២២៦ ហិកតា ត្រូវបាន​បញ្ជូនទៅ​តុលាការ​។ 
 
​គួររម្លឹកថា ក្រសួង​ប្រមូលបាន​ចំណូល​សរុប​ប្រមាណ​ជាង ៤,៥​លាន​ដុល្លារ ពីរ​សួយ​សារ​ផល អនុផល​ព្រៃឈើ កាលពី​ឆ្នាំ​២០១៨៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com